The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​អប់រំ​នៅ​តែ​បន្ត​ ទោះបី​ស្ថិត​នៅ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ ​១៩




ការ​អប់រំ​នៅ​តែ​បន្ត​ ទោះបី​ស្ថិត​នៅ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ ​១៩

Content image - Phnom Penh Post
ការ​បើក​សាលារៀន​ឡើង​វិញ ជា​ជំហាន​មួយ​ដ៏​សំខាន់ ដើម្បី​បង្ហាញ​ពី​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​អប់រំ។ ហេង ជីវ័ន

ការ​អប់រំ​នៅ​តែ​បន្ត​ ទោះបី​ស្ថិត​នៅ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ ​១៩

សុទិដ្ឋិនិយម​កំពុង​វិលត្រឡប់​មក​កាន់​វិស័យ​អប់រំ​វិញ បន្ទាប់​ពី​ជំងឺ​រាតត្បាត​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​វិស័យ​ជា​ច្រើន ប៉ុន្តែ​ពេល​នេះ​សិស្សានុសិស្ស​ និង​លោកគ្រូ​-អ្នកគ្រូ​បាន​វិល​ត្រឡប់​ទៅ​កាន់​សាលា​រៀន​វិញ​ហើយ​។ ​អត្ថបទ​ពិសេស​ស្តីពី​ការ​សិក្សា​អប់រំ​របស់​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ដែល​ចេញ​ផ្សាយ​នៅ​ចុង​ឆ្នាំ​នេះ គឺ​រៀបរាប់​អំពី​​របៀប​ដែល​សាលារៀន​ឯកជន​កំពុង​វិល​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​សា​ជា​ថ្មី ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​នេះ​។

មាន​វិស័យ​សំខាន់ៗ​ជា​ច្រើន ដូចជា​វិស័យ​ទេសចរណ៍ ការ​លក់​រាយ និង​កន្លែង​កម្សាន្ត រហូត​ដល់​វិស័យ​ផលិតកម្ម​ និង​ក្រុមហ៊ុន​អាកាសចរណ៍ គឺ​សុទ្ធ​តែ​​បាន​រង​ផល​ប៉ះពាល់​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ​១៩​ ប៉ុន្តែ​គ្រឹះស្ថាន​អប់រំ​នៅ​កម្ពុជា​ខិតខំ​ដោះស្រាយ​បញ្ហា​វិបត្តិ​នៃ​ការ​សិក្សា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​ ហើយ​នៅ​ពេល​នេះ ​បាន​ផ្តល់​ការ​សិក្សា​អប់រំ​ដល់​សិស្សានុសិស្ស​របស់​ពួក​គេ​ឡើង​វិញ​បាន​។

នៅ​ក្នុង​វិស័យ​អប់រំ​ មិន​ថា​នៅ​តាម​សាលារៀន សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ដទៃទៀត​ទេ គឺ​សុទ្ធ​តែ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​ជា​ច្រើន​ខែ ដើម្បី​ចៀសវាង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ចំណោម​សិស្សានុសិស្ស​ក្នុង​ហេតុផល ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​។

ទាំង​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​បិទ​ទ្វារ គិត​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា ​មក​ ដោយសារ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ប៉ុន្តែ​សាលា​មួយ​ចំនួន​ដែល​បាន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សុវត្ថិភាព​របស់​រដ្ឋាភិបាល​បាន​ល្អ​បំផុត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ជា​ដំណាក់កាលៗ គិត​ចាប់​ពី​ដើម​​ខែ​កញ្ញា​។

សាលា​អន្តរជាតិ SCIA និង សាលារៀន​អូស្ត្រាលី​អន្តរជាតិ​ភ្នំពេញ (AISPP) និង​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា សុទ្ធ​តែ​បាន​អនុវត្ត​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​សុវត្ថិភាព​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​យ៉ាង​ល្អ ដើម្បី​ធានា​ថា​សិស្សានុសិស្ស​អាច​សិក្សា​នៅ​ក្នុង​សាលា ដែល​មាន​បរិស្ថាន​ល្អ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​ក្នុង​ចំណោម​សាលារៀន ​២០ ​ដំបូង​គេ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​សាលារៀន​ជាថ្មី​។

ក្រសួង ​និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​បាន​​ខិតខំ​ធ្វើ​ការ​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​រៀបចំ​គោលនយោបាយ​ និង​បទប្បញ្ញត្តិ​នានា​ ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​រោគ​រាតត្បាត​កូវីដ​ ១៩។

វិធានការ​ណែនាំ រួមមាន​គម្លាត​សង្គម ការ​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​រវាង​សិស្សានុសិស្ស ការ​ត្រួតពិនិត្យ​សីតុណ្ហភាព ការ​លាងដៃ​ឱ្យ​បាន​ញឹកញាប់ ត្រូវ​ពាក់​ម៉ាស់​ការពារ​ឱ្យ​បាន​ទៀង​ទាត់ និង​ការ​ណែនាំ​អំពី​របៀប​សិក្សា​តាម​អនឡាញ ដែល​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ទាំង​នេះ គឺ​បាន​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ត្រឡប់​ទៅ​ថ្នាក់​រៀន​របស់​ពួក​គេ​វិញ ខណៈ​ដែល​គ្រូបង្រៀន​បាន​បន្ត​អាជីព​របស់​ពួក​គេ​ជាមួយ​ការ​ផ្តល់​ទំនុក​ចិត្ត​ពី​ឪពុកម្តាយ​។

​វិស័យ​អប់រំ ​គឺ​ជា​សសរស្តម្ភ​នៃ​សេដ្ឋកិច្ច ជាមួយនឹង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដែល​ជា​កត្តា​ចាំបាច់​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច និង​ការ​កសាង​ប្រទេស​ជាតិ ហើយ​ការ​រៀន​សូត្រ​ត្រូវ​បន្ត​ទៅ​មុខ​ជា​និច្ច​។

ការ​បើក​សាលារៀន​ឡើងវិញ គឺ​ជា​ជំហាន​មួយ​ដ៏​សំខាន់ ពី​ព្រោះ​វា​បង្ហាញ​ពី​ទំនុកចិត្ត​លើ​ប្រព័ន្ធ​អប់រំ និង​ឆ្លុះ​បញ្ចាំង​ពី​ភាព​រឹងមាំ​នៃ​វិស័យនេះ​។​ ​នៅ​ពេល​ដែល​យើង​ជិត​ឈាន​ចូល​ដល់​ឆ្នាំ ​២០២១ គឺ​រាល់​បទប្បញ្ញត្តិ​សុវត្ថិភាព​ចាំបាច់​ត្រូវ​តែ​រក្សា​ឱ្យ​បាន​គ្រប់​ពេលវេលា​ និង​គ្រប់​ទីកន្លែង​។ យើង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ដែល​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​ការ​ប្តេជ្ញា​ចិត្ត​ពី​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​វិស័យ​អប់រំ ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខមាលភាព​របស់​សិស្សានុសិស្ស​ឱ្យ​បាន​ខ្ពស់​ជាង​ពេល​ណាៗ​ទាំងអស់​៕

អត្ថបទគួរចាប់អារម្មណ៍