The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការអប់រំ​នៅពេល​អនាគត​នឹង​ផ្តោត​កាន់តែ​សំខាន់ ទៅលើ​ជំនាញ​ និង​ទេពកោសល្យ​របស់​និស្សិត




ការអប់រំ​នៅពេល​អនាគត​នឹង​ផ្តោត​កាន់តែ​សំខាន់ ទៅលើ​ជំនាញ​ និង​ទេពកោសល្យ​របស់​និស្សិត

Content image - Phnom Penh Post
លោក Lim Kok Wing ស្ថាបនិក និង​ជា​ប្រធាន​សាកលវិទ្យាល័យ លឹមកុកវីង ដ៏ល្បីល្បាញ​។ ​

ការអប់រំ​នៅពេល​អនាគត​នឹង​ផ្តោត​កាន់តែ​សំខាន់ ទៅលើ​ជំនាញ​ និង​ទេពកោសល្យ​របស់​និស្សិត

អ្នកផ្តល់​ការអប់រំ និង​ជា​សហគ្រិន​ជនជាតិ​ម៉ាឡេស៊ី​ដ៏ល្បីល្បាញ​លោក Lim Kok Wing បាន​ចែករំលែក​ចក្ខុវិស័យ​ដ៏មាន​តម្លៃ​របស់លោក​អំពី​អនាគត​នៃ​វិស័យ​អប់រំ​នៅក្នុង​បទសម្ភាស​តាម​អ៊ីមែល​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។

Q. ការច្នៃប្រឌិត​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កត្តា​ជំរុញ​ដ៏សំខាន់​សម្រាប់​ការអប់រំ​នៅ​សតវត្សរ៍​ទី​ ២១ ​នេះ​។ តើ​លោក​យល់ស្រប​នឹង​ទស្សនៈ​នេះដែរ​ឬទេ​?

ទស្សនៈ​ដំបូង​នៃ​ពាក្យ​ច្នៃប្រឌិត​ត្រូវតែ​យល់​ឱ្យបាន​ច្បាស់ ដើម្បី​ដឹងថា​តើ​ហេតុអ្វី​បាន​ជា​វា​ក្លាយជា​កត្តា​ជំរុញ​ដ៏សំខាន់​សម្រាប់​ការអប់រំ​នៅ​សតវត្សរ៍​ទី​ ២១ ​នេះ​។ ការច្នៃប្រឌិត​តែងតែ​ជា​ធាតុ​មួយ​នៃ​ការលូតលាស់​របស់​មនុស្ស ដែល​បានរួម​ចំណែក​ដល់​របៀប​ដែល​យើង​បាន​រីកចម្រើន​នៅលើ​ភពផែនដី​នេះ​។ ការច្នៃប្រឌិត​គឺជា​ទិដ្ឋភាព​ធម្មជាតិ​របស់​មនុស្ស​ដែល​ជំរុញ​យើង​ឱ្យ​អភិវឌ្ឍ​របៀប​នៃ​ការអនុវត្ត​បច្ចុប្បន្ន​។ ដូច្នេះ​យើង​បាន​បង្កើត​ និង​ច្នៃប្រឌិត​ជា​បន្តបន្ទាប់​។

សព្វថ្ងៃ​យើង​បាន​ឈាន​ដល់​ចំណុច​មួយ​ដែល​ការរីកចម្រើន​របស់​យើង​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ រាល់​ការជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​បាន​ពន្លឿន​ដល់​ការផ្លាស់ប្តូរ​បន្ទាប់​ដែល​យើង​បានឃើញ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។

អ្វីដែល​ធ្លាប់​ចំណាយពេល​រាប់​ខែ​ត្រូវ​បាន​កាត់បន្ថយ​មក​ត្រឹម​ប៉ុន្មាន​សប្តាហ៍ ហើយ​បច្ចុប្បន្ន​អាច​នៅ​សល់​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ ពេលនេះ​យើង​កំពុង​ឈានដល់​ពេលវេលា​នៃ​ការផ្លាស់ប្តូរ​ដ៏ធំ​ និង​ឆាប់រហ័ស​ជាមួយ​នឹង​ការច្នៃប្រឌិត​ថ្មី​ក្នុង​ការប្រើប្រាស់​បញ្ញា​និម្មិត ភាពជឿនលឿន​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត និង​វិទ្យាសាស្ត្រ​ដែល​កំពុង​នាំ​ពិភពលោក​ឲ្យ​ឈានដល់​យុគ​ថ្មី​មួយ​។

Content image - Phnom Penh Post
កលវិទ្យាល័យ លីមកុកវីង មាន​សាលា​នៅ​ ១៣ ​ប្រទេស​។

ច្បាស់​ណាស់​ឥទ្ធិពល​មកលើ​មនុស្សជាតិ​ពិតជា​ធំធេង​ណាស់​ដូច​គ្នា​ជាមួយ​នឹង​ការអប់រំ និង​អាជីព​ការងារ​ដែរ ខណៈ​បច្ចេកវិទ្យា​កំពុងតែ​ទទួល​រ៉ាប់រង​ការងារ​ធំៗ​ជាច្រើន​។ ឧស្សាហកម្ម​កំពុង​ផ្លាស់ប្តូរ ដំណើរការ​របស់​ពួកគេ​កំពុង​ឆ្ពោះ​ទៅ​រក​ខ្សែចង្វាក់​តម្លៃ​។ ទោះយ៉ាងណា​អ្វី​ដែល​នៅតែ​ជា​ផ្នែក​របស់​មនុស្ស​គឺ​សមត្ថភាព​នៃ​ការច្នៃប្រឌិត​របស់​យើង​។ ហើយ​ចំណុច​នេះ​យើង​ត្រូវតែ​ជំរុញ​និង​លើកកម្ពស់​ការអប់រំ​ដល់​មនុស្ស​ជំនាន់​ក្រោយ​។

Q. តើ​សាកលវិទ្យាល័យ លីមកុកវីង ខុសពី​ស្ថាប័ន​ឧត្តមសិក្សា​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដូចម្តេច​? ​ហើយ​ថា​តើ​ការអប់រំ​ទំនើប​បែបណា​នៅតែ​ឈរលើ​គេ​ក្នុង​ទីផ្សារ​ដ៏ចង្អៀត​?

អ្វីដែល​សំខាន់ និង​ត្រូវ​ចងចាំ​គឺថា​សាកលវិទ្យាល័យ​យើង​មាន​លក្ខណៈ​អន្តរជាតិ ដូច្នេះ​និស្សិត​របស់​យើង​គ្រប់រូប​អាច​ចូល ទៅក្នុង​បណ្តាញ​សកល​យ៉ាង​ឆាប់រហ័ស​។ បណ្តាញ​នេះ​មាន​សហគមន៍​និស្សិត​សិក្សា​តាម​អនឡាញ និង​អតីត​និស្សិត​មកពី​ ១៦០ ​ប្រទេស ហើយ​យើង​បាន​បង្កើត សាកលវិទ្យាល័យ​នៅ​ ១៣ ​ប្រទេស​ក្នុង​នោះ​ ១ ​នៅ​ទីក្រុង​ឡុងដ៍​។

បណ្តាញ​សកល​នេះ​មាន​តម្លៃ​យ៉ាង​ធំធេង​សម្រាប់​យុវជន​ក្នុង​ការស្វែងយល់​អំពី​វប្បធម៌​ដទៃ ហើយ​ទទួល​បាន​ព័ត៌មាន​ទីផ្សារ​តាមរបៀប​ងាយស្រួល​។ សាកលវិទ្យាល័យ​មាន​កម្មវិធី Global Campus Programme ដែល​លើកទឹកចិត្ត​និស្សិត​គួរ​ចំណាយពេល​ ១ ​ឆមាស ឬ​ ២ ​សប្តាហ៍​នៅ​ក្រៅ​ប្រទេស​នៅ​តាម​សាខា​របស់​យើង​។

ការធ្វើ​បែបនេះ​ពិតជា​ជួយ​ពង្រីក​គំនិត​តាមរយៈ​បទពិសោធ​ជាក់ស្តែង​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​កម្មវិធី​ដែល​ពួកគេ​ធ្វើការ​ស្រាវជ្រាវ និង​មាន​ទំនាក់ទំនង​ជាមួយ​យីហោ​ល្បីៗ​ដែល​យើង​បាន​បង្កើតជា​ដៃគូ​យុទ្ធសាស្ត្រ​។

កិច្ចសហការ​របស់​យើង​ជាមួយ​ឧស្សាហកម្ម​ផ្តល់​ឱ្យ​និស្សិត​នូវ​ការចូលរួម​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​នានា​ដែល​អាច​ជួល​ពួកគេ ហើយ​ក្នុង​ពេល​តែមួយ​ដែល​ពួកគេ​ទទួល​បាន​ការយល់ដឹង​ដ៏មាន​តម្លៃ​ចំពោះ​អ្វីដែល​ឧស្សាហកម្ម​រំពឹង​ពី​ពួកគេ​។

Content image - Phnom Penh Post
សាកលវិទ្យាល័យ លីមកុកវីង មាន​ទីតាំង​ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ​។

Q. តើ​គោលនយោបាយ​អប់រំ​របស់​កម្ពុជា​បាន​ត្រៀម​រួចរាល់​ដើម្បី​ឆ្លើយតប​ទៅនឹង​បរិយាកាស​សិក្សា និង​បច្ចេកវិទ្យា​នៅ​សតវត្សរ៍​ទី​ ២១ ​ហើយ​ឬ​នៅ​? តើ​អ្វីខ្លះ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ពន្លឿន​ការរៀនសូត្រ​នៅក្នុង​ផ្នែក​ទាំងនេះ​?

ប្រទេស​កម្ពុជា​បាន​ធ្វើឲ្យ​មាន​ការរីកចម្រើន​គួរឱ្យ​កោតសរសើរ​នៅក្នុង​ការប្តេជ្ញាចិត្ត​លើកកម្ពស់​សមត្ថភាព​របស់​ប្រជាជន​កម្ពុជា​ក្នុង​នាម​ជា​អ្នកជំនាញ​ដើម្បី​គ្រប់គ្រង​កំណើន​សេដ្ឋកិច្ច​ដែល​ខ្លួន​ទទួលបាន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។ គោលនយោបាយ​ស្តីពី​ការអប់រំ​គឺ​ស្ថិត​នៅ​លើ​គន្លង​ដ៏ត្រឹមត្រូវ ហើយ​ភាពជោគជ័យ​នៃ​ផែនការ​របស់ខ្លួន​ស្ថិត​នៅក្នុង​វិធី​ដែល​គោលនយោបាយ​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​នៅតាម​មូលដ្ឋាន​។ កម្លាំង​គុណភាព​នៃ​ការបង្រៀន​គឺពាក់ព័ន្ធ​គ្នា និង​ការសម្រេចចិត្ត​ក្នុង​ការធានា​ថា យុវជន​របស់​ប្រទេស​នេះ​ទទួល​បាន​ការបណ្តុះបណ្តាល​ និង​អប់រំ​ត្រឹមត្រូវ​។

ដើម្បី​ពន្លឿន​ការសិក្សា​យក​ល្អ​គួរ​សម្លឹង​ឲ្យ​លើស​ពី​ការសិក្សា​បែប​ប្រពៃណី​។ វា​តម្រូវ​ឱ្យ​មាន​ភាពក្លាហាន និង​ស្វាហាប់​ក្នុង​ការធ្វើ​ដូច្នេះ ពីព្រោះ​វា​ជា​ឧបសគ្គ​ដ៏ធំ​ដើម្បី​យកឈ្នះ ខណៈ​ឪពុកម្តាយ​ភាគច្រើន​ធ្វើ​តាម​របៀប​ដែល​ពួកគេ​ធ្លាប់ធ្វើ​។ ប៉ុន្តែ​អនាគត​នឹង​ទាមទារ​ឱ្យ​យើង​ផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់ ដូច្នេះ​រដ្ឋាភិបាល​ជា​ដំបូង​ប្រហែល​ជា​ត្រូវ​ទៅ​ឲ្យ​ដល់​ឪពុកម្តាយ ហើយ​ពន្យល់​ពួកគាត់​ឱ្យ​ទទួល​យក​នូវ​ការផ្លាស់ប្តូរ​ដែល​នឹង​កើតឡើង​។

មាន​អ្វី​ជាច្រើន​ដែល​យើង​អាច​រៀន​បាន​ពី​ប្រទេស​ដទៃ​ដូចជា​ប្រទេស​ហ្វាំងឡង់​ដែល​បាន​បោះជំហាន​យ៉ាង​ធំ​នៅក្នុង​ការផ្លាស់ប្តូរ​ការអប់រំ​។ រៀនសូត្រ​ពី​ពួកគេ បន្ទាប់មក​យើង​អាច​ប្តូរ​ប្លង់គោល​ដែល​ត្រូវ​នឹង​វប្បធម៌​ និង​តម្រូវការ​សេដ្ឋកិច្ច​របស់​ជាតិ​យើង​ផ្ទាល់​។

Q. ក្នុង​នាម​ជា​អ្នក​ផ្តល់​ការ​អប់រំ​ ​និង​សហគ្រិន​ម៉ាឡេស៊ី​ឈាន​មុខ​គេ តើ​លោក​មាន​យោបល់​អ្វី​ខ្លះ​​សម្រាប់​ប្រទេស​កម្ពុជា ដែល​ប្រជាជន​យ៉ាង​តិច ​៦៥ ​ភាគរយ​ មាន​អាយុ​ក្រោម ​៣០ ​ឆ្នាំ​? តើ​ពួក​គេ​ គួរ​មាន​ទិសដៅ​បែបណា​ទាក់ទង​នឹង​ការ​អប់រំ​?

កម្ពុជា​អាច​ចាត់ទុក​ខ្លួន​ឯង​ថា​ ​មាន​សំណាង​ដែល​មាន​យុវជន​ច្រើន​បែប​នេះ​។ ចង្អុល​ទៅ​អនាគត​ដែល​អាច​បង្ហាញ​ថា​ ជា​រ៉ែ​មាស​សម្រាប់​សេដ្ឋកិច្ច ប្រសិន​បើ​ទេពកោសល្យ​របស់​ពួក​គេ​ត្រូវ​បាន​បណ្តុះបណ្តាល​បាន​ត្រឹមត្រូវ​។ ការ​ចូលរួម​របស់​ឧស្សាហកម្ម​ ត្រូវ​តែ​ក្លាយជា​អាទិភាព​មួយ​នៅ​ក្នុង​ការ​កែលម្អ​ការ​អប់រំ​របស់​កម្ពុជា​។ ឧស្សាហកម្ម​ គឺ​ស្ថិត​នៅ​ជួរ​មុខ​នៃ​ការ​ផ្លាស់ប្តូរ ហើយ​ពួក​គេ​ដឹង​ថា​ អនាគត​ស្ថិត​នៅ​កន្លែង​ណា​។ ពួក​គេ​គ្មាន​ជម្រើស​ក្រៅ​ពី​ចាប់​យក​បច្ចេកវិទ្យា​ថ្មី ឬ​ការ​អនុវត្ត​ថ្មីៗ ​ដើម្បី​រក្សា​ការ​ប្រកួត​ប្រជែង​នោះ​ទេ​។

ពួក​គេ​ដឹង​ពី​ជំនាញ​ដែល​ពួក​គេ​ត្រូវ​ការ ហើយ​តាមរយៈ​ការ​ចូលរួម​របស់​ពួក​គេ ប្រទេស​កម្ពុជា ​អាច​កសាង​មូលធន​មនុស្ស​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​នោះ​វា​នឹង​ទាក់ទាញ​វិនិយោគិន​បរទេស​កម្រិត​ខ្ពស់​ឲ្យ​មក​បង្កើត​មូលដ្ឋាន​របស់​ពួក​គេ​នៅ​កម្ពុជា​។ ដូច​ប្រទេស​ម៉ាឡេស៊ី ​ដែរ ប្រទេស​កម្ពុជា​ គួរ​សម្លឹង​ទៅ​មុខ​ ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​ឈាន​ដល់​កម្រិត​ខ្ពស់ និង​មូលធន​មនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់ ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​។

Q. ជាមួយ​នឹង​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវីដ ​១៩ ពិភព​អាជីវកម្ម​ទាំង​មូល​ និង​សូម្បី​តែ​វិស័យ​អប់រំ​​ក៏​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​ចម្បងៗ​នៅ​ក្នុង​របៀប​ដែល​ពួក​គេ​ធ្វើ​ប្រតិបត្តិការ​នាពេល​អនាគត​ដែរ។ តើ​លោក​មើល​ឃើញ​គំរូ​នៃ​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​នៅ​ក្នុង​របៀប​ផ្តល់​ការ​អប់រំ​នៅ​តាម​សាលា​មហាវិទ្យាល័យ និង​សាកល​វិទ្យាល័យ​ដែរ​ឬ​ទេ​?

ខ្ញុំ​គិត​ថា ​មនុស្ស​ជំនាន់​ថ្មី​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ការ​អប់រំ​មាន​ការ​ផ្លាស់ប្តូរ​។ ប៉ុន្តែ​រោគ​រាតត្បាត​ពេល​នេះ​បាន​ពន្លឿន​ការ​ផ្លាស់ប្តូរ​កាន់​តែ​លឿន​។ យើង​មាន​អ្វី​ដែល​គេ​ស្គាល់​ថា​ មនុស្ស​ជំនាន់ Z (Gen Z) ជា​ជំនាន់​ដែល​កើត​ឡើង​ចំ​សម័យ​អ៊ីនធឺណិត​។ ពួក​គេ​ចាប់​យក​បច្ចេកវិទ្យា​តាម​របៀប​ដែល​គ្មាន​ជំនាន់​ណា​ធ្លាប់​មាន​។ ការ​ផ្លាស់​ប្តូរ​ដោយ​កូវីដ ​១៩​ មាន​មិន​ច្រើន​ទេ ​ដែល​កំពុង​បង្ខំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​។ ជំនាន់​នេះ​ដែល​នឹង​កំណត់​របៀប​ និង​អ្វី​ដែល​ពួក​គេ​ចង់​រៀន​។

ដូច​ខ្ញុំ​មើល​ឃើញ ការ​អប់រំ​នឹង​ផ្តោត​លើ​ជំនាញ​ និង​ទេពកោសល្យ​។ យុវជន​មិន​ចង់​ចំណាយ​ពេល​ច្រើន​ពេក​លើ​ការ​សិក្សា​ទ្រឹស្តី​នោះ​ទេ​។ ពួក​គេ​ចង់​បាន​ការ​សិក្សា​របៀប​ជាក់​ស្តែង និង​ពី​របៀប​ដែល​ពួក​គេ​ទទួល​បាន​ព័ត៌​មាន​។

Content image - Phnom Penh Post
លោក លីម កុកវីង ថ្លែងថាយុវជនចង់បានការសិក្សារបៀបអនុវត្តជាក់ស្តែង។

Q. និយោជក​ត្អូញ​ត្អែរ​ថា​ ស្ថាប័ន​ធំៗ​មិន​បាន​បង្កើត​បេក្ខជន​បាន​សម​ស្រប​សម្រាប់​ទីផ្សារ​ការងារ​ដែល​មាន​ការ​ផ្លាស់ប្តូរ​ដ៏​លឿន​នេះ​ទេ​។ តើ​ស្ថាប័ន​អប់រំ​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា ​ដើម្បី​ធ្វើ​ឱ្យ​ការងារ​កាន់​តែ​ប្រសើរ​ឡើង​ និង​បង្កើន​ផលិតភាព​នៅ​កន្លែង​ធ្វើ​ការ​?

ចំណុច​នេះ នាំ​ខ្ញុំ​ត្រឡប់​ទៅ​កាន់​ចម្លើយ​ពី​មុន​វិញ​គឺ​ថា ​ឧស្សាហកម្ម​ត្រូវ​តែ​មាន​ការ​ចូលរួម​ឲ្យ​បាន​ខ្លាំងក្លា​ថា​ តើ​មនុស្ស​ត្រូវ​បាន​ទទួល​ការ​អប់រំ​ និង​បណ្តុះបណ្តាល​កម្រិត​ណា​? របៀប​វាស់​ស្ទង់​ការ​សិក្សា​ត្រូវ​ផ្លាស់ប្តូរ។ ប្រព័ន្ធ​បទប្បញ្ញត្តិ​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​ឧស្សាហកម្ម ដើម្បី​បង្កើត​អ្វី​ដែល​ពិតជា​ចាំបាច់​។

គ្រប់​ស្ថាប័ន​ទាំង​អស់​ ត្រូវ​តែ​គោរព​តាម​តម្រូវការ​នៃ​បទ​ប្បញ្ញត្តិ ដូច្នេះ​ការ​ផ្លាស់ប្តូរ​ពិត​ជា​អាច​កើត​ឡើង​បាន ប្រសិន​បើ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​អាច​ឯកភាព​គ្នា​លើ​វិធីសាស្ត្រ ​ដើម្បី​វិនិច្ឆ័យ​ពី​សមត្ថភាព​។ ជំនាញ​ទន់​ចាំបាច់​ត្រូវ​ផ្តល់ឱ្យ​កាន់​តែ​មាន​សារៈសំខាន់​។

សមត្ថភាព​ក្នុង​ការ​គិត​ និង​ដោះ​ស្រាយ​​បញ្ហា​ណាមួយ​គួរ​តែ​ត្រូវ​បាន​គិត​គូរ​ឲ្យ​បាន​ខ្លាំង​។ យុវជន​ដឹង​ពី​របៀប​ទទួល​ជំនាញ​ដែល​ពួក​គេ​ត្រូវ​ការ ប៉ុន្តែ​ភាគ​ច្រើន​ពួក​គេ​ខ្វះ​ជំនាញ​ជីវិត​។ ពួក​គេ​មិន​ដឹង​ពី​របៀប​ដោះស្រាយ​បញ្ហា​ជីវិត​។ តាមរយៈ​ការ​ដោះស្រាយ​ភាព​ឆ្លាត​វៃ​ផ្នែក​អារម្មណ៍​របស់​ពួក​គេ យើង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង​ និង​សម្ពាធ​ការងារ​។

ផលិតភាព ​និង​ប្រសិទ្ធភាព​អាច​កើត​ឡើង​បាន​លុះត្រា​តែ​អ្នក​ធ្វើ​ការងារ​នោះ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​។ វា​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​គំរូ​ក្នុង​ការ​អនុវត្ត​ការ​គ្រប់គ្រង ​ដើម្បី​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល ដើម្បី​បង្កើន​ជំនាញ​និយោជិត​របស់​ពួក​គេ​ជំនួស​ឱ្យ​ការ​ផ្លាស់ប្តូរ​កម្លាំង​ពលកម្ម​មិន​ចាំ​បាច់​​ជាមួយ​​នឹង​បុគ្គលិក​ដែល​មាន​ជំនាញ​ថ្មី​៕

អត្ថបទគួរចាប់អារម្មណ៍