បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​ជិត​ ៤ ​ខែ​កន្លង​មក​នេះ ស្ថាប័ន​អប់រំ​នានា​នៅ​ទូទាំង​ប្រទេស​ដែល​បាន​បិទទ្វារ​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-១៩ ពេលនេះ​កំពុងតែ​មមាញឹក​ក្នុង​ការរៀបចំ​បើក​សាលា​ឡើងវិញ និង​រង់ចាំ​ការអនុញ្ញាត​ចុង​ក្រោយពី​រាជរដ្ឋាភិបាល​។

ការបិទ​សាលា​ភ្លាមៗ​បណ្តាល​ឱ្យ​មាន​បញ្ហា​ជាច្រើន​សម្រាប់​អ្នកបង្កើត​គោលនយោបាយ សាលារៀន គ្រឹះស្ថាន​ឧត្តមសិក្សា គ្រូបង្រៀន សិស្សានុសិស្ស និង​ឪពុកម្តាយ​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ​ឱ្យ​បាន​ពេញ លេញ​នៅឡើយ​។ វិបត្តិ​ជំងឺ​កូវីដ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​អប់រំ និង​សុខភាព​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​នៅលើ​ពិភពលោក​។

លោក​បណ្ឌិត​ ឃៀង សុធី ទីប្រឹក្សា​នៃ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ឌីជីថល​ប្រកបដោយ​បរិយាប័ន្ន​, វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​៖ «​ការបិទ​សាលារៀន​ភ្លាមៗ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការអប់រំ​ដែល​បាន​ផ្លាស់ប្តូរ​ពី​ការរៀន​នៅ​សាលា​ទៅជា​ការរៀន​តាម​អនឡាញ​។ អ្នកសិក្សា​ដែល​មាន​ភាពឯករាជ្យ​ច្រើន និង​អ្នក​ដែល​និយម​សិក្សា​តាមបែប​ឌីជីថល និង​អ្នកចេះ​ភាសា​អង់គ្លេស មិនសូវ​ទទួលរង​ផលប៉ះពាល់​ច្រើន​ពី​ការបិទ​សាលា​នេះ​ទេ​»​។

«​ការ​នៅ​ដាច់​ឆ្ងាយ​ពី​សាលារៀន និង​កង្វះ​ទំនាក់ទំនង​សង្គម​ជាមួយ​មិត្តភក្តិ និង​រវាង​គ្រូ និង​សិស្ស​បាន​បង្កើត​ឲ្យ​មាន​ភាពតានតឹង​ និង​បញ្ហា​ផ្លូវចិត្ត​ជាច្រើន​ទៀត​ក្នុង​ចំណោម​សិស្សានុសិស្ស​។ ហើយ​ទាំងនេះ​បាន​ជះឥទ្ធិពល​ដោយផ្ទាល់​ និង​ដោយ​ប្រយោល​ដល់​សមត្ថភាព​សិក្សា​ និង​សមិទ្ធផល​នៃ​ការសិក្សា​»​។

ការបិទ​សាលា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ដែល​មិន​នឹកស្មាន​ដល់ ចំពោះ​វិធីសាស្ត្រ​បង្រៀន និង​ការវាយតម្លៃ​ការសិក្សា​នៅតាម​សាលារៀន និង​សាកលវិទ្យាល័យ​។

វិធីសាស្ត្រ​បង្រៀន​តាម​ទម្លាប់ដែល​ប្រើ​ដីស និង​ក្តារខៀន​ត្រូវបាន​ផ្អាក ខណៈ​ការសិក្សា​តាម​អនឡាញ​បាន​ក្លាយជា​ពាក្យ​ដែល​គេ​ឮ​នៅក្នុង​វិជ្ជាជីវៈ​នៃ​ការបង្រៀន ហើយ​ច្បាស់ណាស់​ថា ស្ថាប័ន​ជាច្រើន​អាច​ត្រូវ​បង្ខំចិត្ត​អនុវត្ត​ទិសដៅ​នេះ​សម្រាប់​រយៈពេល​មិន​កំណត់​។

សាលារៀន និង​ស្ថាប័ន​ឯកជន​កំពុង​រៀបចំ​ថ្នាក់រៀន ហេដ្ឋារចនាសម្ព័ន្ធ និង​វិធីសាស្ត្រ​បង្រៀន​របស់​ពួកគេ​ឡើងវិញ​ដើម្បី​ឆ្លើយតប​នឹង​វិធានការ​សុវត្ថិភាព​ថ្មី និង​វិធានការ​អនាម័យ​ដើម្បី​បង្កើត​បរិយាកាស​មាន​ផាសុកភាព​សម្រាប់​សិស្ស​។

លោក​បណ្ឌិត​ សុធី ថ្លែងថា​៖ «​ការសិក្សា​តាម​អនឡាញ និង​ពី​ចម្ងាយ​នឹង​បន្ត​នៅ​ដដែល ហើយ​តួនាទី​របស់​គ្រូ​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​ពី​ការផ្ទេរ​ចំណេះដឹង និង​ជំនាញ​ជា​ទម្លាប់​ទៅជា​អ្នកសម្របសម្រួល និង​ជា​គ្រូបង្វឹក​វិញ​»​។

«​ការសិក្សា​តាម​ប្រព័ន្ធ​អនឡាញ​មិនមែន​គ្រាន់តែ​ជា​ការបញ្ចាំង​ស្លាយ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការផ្លាស់ប្តូរ​ការផ្តោត​អារម្មណ៍​ពី​ការបង្រៀន​ទៅ​ជា​ការរៀន ផ្តោត​ពី​គ្រូ​ទៅ​សិស្ស ជា​វិធីសាស្ត្រ​មួយ​ដែលមាន​លក្ខណៈ​ស្តង់ដា​អាច​ទទួលបាន​គ្រប់គ្នា​ប្រកប​ដោយ​ភាពបត់បែន និង​មាន​គុណភាព​»​។

«​ការរួមបញ្ចូល​គ្នា​នៃ​ការសិក្សា​ក្នុង​ថ្នាក់​ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការសិក្សា​ពី​ចម្ងាយ​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​អប់រំ និង​ពាក់ព័ន្ធ​ដល់​អ្នកសិក្សា​វ័យក្មេង​ជាច្រើន ដែល​មាន​ចំណេះដឹង​ខាង​បច្ចេកវិទ្យា និង​មាន​ចំណាប់អារម្មណ៍​ខ្ពស់​»​។

លោក​បណ្ឌិត​ សុធី ​បាន​បន្ថែមថា​៖ «​ការសិក្សា​នៅក្នុង​ថ្នាក់​នៅ​តាម​សាកលវិទ្យាល័យ​គួរតែ​ត្រូវបាន​ប្រើ​សម្រាប់​ការពិភាក្សា ការជជែក​វែកញែក ណែនាំ ឬ​ជា​បន្ទប់ពិសោធន៍​ជាក់ស្តែង ច្រើន​ជាង​ការបង្រៀន​»​។

លោក​បណ្ឌិត​ សុធី ​ក៏បាន​តើន​រំឭក​ផងដែរ​ថា​គ្រឹះស្ថាន​អប់រំ​ឯកជន​ដែល​មិនមាន​គុណភាព​ និង​មិន​វិនិយោគ​លើ​ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អំណោយផល​ដល់​ការសិក្សា​របស់​សិស្ស​នឹង​កាន់តែ​​ទទួល​ឥទ្ធិពល​អវិជ្ជមាន​៕