មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​អប់រំ​ដ៏​ល្អ គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​កំណត់​គោលដៅ​ដ៏​ច្បាស់លាស់​នៃ​លទ្ធផល​សិក្សា​របស់​សិស្ស ដោយ​យោង​ទៅ​លើ​កម្មវិធី​សិក្សា​ដ៏​រឹងមាំ​ និង​ការ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​។ ប៉ុន្តែ​បេះដូង​ និង​ដួង​ព្រលឹង​នៃ​ប្រព័ន្ធ​អប់រំ​ដ៏​អស្ចារ្យ​ គឺ​ជា​​គ្រូបង្រៀន​។ ​គ្រូ​បង្រៀន​នាំយក​ចំណេះដឹង​ពី​ក្នុង​សៀវភៅ​ទៅ​បង្រៀន​ដល់​សិស្ស​តាមរយៈ​មេរៀន​ដែល​ពួក​គេ​បង្រៀន​។ គ្រូ​បង្រៀន​យក​ចិត្ត​ទុក​ដាក់ និង​លើក​ទឹក​ចិត្ត​ដល់​សិស្ស​គ្រប់​រូប​។

គ្រូ​បង្រៀន​លើក​ទឹក​ចិត្ត​សិស្ស​ឱ្យ​ជម្នះ​រាល់​ឧបសគ្គ​ ដើម្បី​សម្រេច​បាន​នូវ​សក្តានុពល​ពេញ​លេញ​របស់​ពួក​គេ​។ ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​វិភាគ​លើ​ចំណុច​សំខាន់ៗ​នៃ​ប្រព័ន្ធ​អប់រំ​ដែល​ជោគជ័យ​នៅ​ជុំវិញ​ពិភព​លោក​។ ​ជានិច្ចកាល គេ​បាន​រក​ឃើញ​ថា ​កត្តា​សំខាន់​នៃ​ភាព​ជោគជ័យ​របស់​ប្រព័ន្ធ​អប់រំ ​គឺ​អាស្រ័យ​ទៅ​លើ​សមត្ថភាព​នៃ​គ្រូ​បង្រៀន​ផ្ទាល់​។​ ​សម្រាប់​បណ្តា​ប្រទេស​មួយចំនួន​ដែល​មាន​សិស្ស​ជាប់​ចំណាត់​ថ្នាក់​ក្នុង​កម្មវិធី OECD ដែល​ជា​ការ​ប្រឡង​ស្ទង់​​សមត្ថភាព​ខ្នាត​អន្តរជាតិ​ហៅ​កាត់ (PISA) រួមមាន​ដូចជា សិង្ហបុរី និង​ហ្វាំងឡង់​បាន​ចាត់​ទុក​ថា ​ការ​បង្រៀន ​គឺ​ជា​វិជ្ជាជីវៈ​ដ៏​ទាក់ទាញ ​និង​ទទួល​បាន​ការ​ផ្តល់​តម្លៃ​ខ្ពស់ ស្រប​ជាមួយ​នឹង​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​រីក​ចម្រើន និង​ឱកាស​ក្នុង​ការ​​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​។

​​គ្រូ​បង្រៀន​នៅ​ប្រទេស​សិង្ហបុរី ​ត្រូវ​បាន​សម្រិត​សម្រាំង​ជ្រើសរើស​ចេញពី​សិស្ស​ពូកែ​ប្រមាណ​ជា ​៣០% ​នៃ​មុខ​ជំនាញ​នីមួយៗ ដើម្បី​ប្រាកដ​ថា ​ពួក​គេ​មាន​មូលដ្ឋាន​គ្រឹះ​សិក្សា​រឹងមាំ និង​មាន​ជំនាញ​ច្បាស់លាស់​ទៅ​លើ​មុខវិជ្ជា​ដែល​​ពួក​គេ​បង្រៀន​។ ​​

ក្រៅ​ពី​​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មុន​ចាប់​ផ្តើម​បង្រៀន​គ្រូបង្រៀន​ក៏​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​ជា​បន្តបន្ទាប់ ដើម្បី​បង្កើន​ជំនាញ​គរុកោសល្យ និង​ពង្រឹង​ក្រមសីលធម៌​នៃ​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន​របស់​ពួក​គេ​ឱ្យ​កាន់​តែ​ប្រសើរ​។ ​​កត្តា​ជោគជ័យ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត​នៃ​ប្រព័ន្ធ​អប់រំ​របស់​សិង្ហបុរី ​គឺ​ការ​រៀបចំ​ផែនការ​ទៅ​ថ្ងៃ​អនាគត​។

ដើម្បី​ធានា​ឱ្យ​បាន​ថា​ សិស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​រៀបចំ​ខ្លួន​សម្រាប់​ពេល​អនាគត សាលារៀន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​វិវត្ត​ជា​ច្រើន​ដំណាក់​កាល​ចាប់​ពី​ដំណាក់កាល​ឧស្សាហូបនីយកម្ម​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០ រហូត​ដល់​ដំណាក់កាល​បច្ចុប្បន្ន​ ដែល​ការ​សិក្សា​ផ្តោត​លើ​គុណតម្លៃ ​និង​សិស្ស​ជា​ចម្បង​។ ​

អ្នកគ្រូ​កំពុង​បង្ហាត់​បង្រៀន​កុមារ​គូរ​រូប​នៅ​សាលា​អន្តរជាតិ SCIA ។

បើ​ទោះបី​ជា​ការ​ផ្លាស់ប្តូរ​នៃ​ដំណាក់កាល​នីមួយៗ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ក៏​ដោយ ​ឧត្តមគតិ​ដ៏​មាន​តម្លៃ​មួយចំនួន​នូវ​តែ​រក្សា​មក​ដល់​ពេល​បច្ចុប្បន្ន​ការ​បង្រៀន​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ការ​ប្តេជ្ញា​ចិត្ត​នឹង​អាច​ឱ្យ​គ្រូ​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ និង​អាច​ដឹកនាំ​សិស្ស​ឱ្យ​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​។ ក្រៅ​ពី​ចំណេះដឹង​នៃ​ការ​បង្រៀន​គ្រូ​បង្រៀន​ក៏​តម្រូវ​ឱ្យ​មាន​គោលដៅ​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ផង​ដែរ​។ ​

លោក​ លី​ ក្វាន់យូ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី១ ​នៃ​ប្រទេស​សិង្ហបុរី បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ក្នុង​ឆ្នាំ​ ១៩៦៦ ទៅ​កាន់​នាយក​សាលា​ថា​៖ «​គ្មាន​គ្រូ​បង្រៀន​ណា​ម្នាក់​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ​នោះ​ទេ លុះត្រា​តែ​គាត់​យល់​ថា​អ្វី​ដែល​គាត់​កំពុង​ធ្វើ ​គឺ​មាន​តម្លៃ​។ “រាល់​គ្រូ​បង្រៀន​នៅ​ក្នុង​ថ្នាក់​ត្រូវ​តែ​យល់​ហើយ​នៅ​ជាមួយ ​[សិស្ស​]​។ ប្រសិន​បើ​គាត់​មិន​ធ្វើ​ដូច្នោះ​ទេ គ្រូ​មិន​អាច​ផ្តល់​អ្វី​មួយ​ឱ្យ​សិស្ស​បាន​នោះ​ទេ​”។ ​

ជំនឿ​ដែល​ថា​ គ្រូ​បង្រៀន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ភាព​ជោគជ័យ​របស់​សាលារៀន​បាន​ផ្តល់​ជា​ពន្លឺ​នៃ​ការ​ជ្រើសរើស​បុគ្គលិក​ការ​វាយតម្លៃ និង​ការ​បណ្តុះបណ្តាល​បុគ្គលិក​សិក្សា​នៅ​សាលា​អន្តរជាតិ SCIA​។ ​ចក្ខុវិស័យ​របស់​សាលា​គឺ​ជា​ការ “​ជំរុញ​ភាពជា​អ្នក​ដឹកនាំ​សម្រាប់​យុគសកល​“។

ដើម្បី​ហ្វឹកហាត់​សិស្ស​ពី​ភាព​ជា​អ្នក​ដឹកនាំ​គ្រូបង្រៀន​ផ្ទាល់​ត្រូវ​តែ​ធ្វើ​ជា​គំរូ​អ្នក​ដឹកនាំ​ល្អ​។ រួម​ជាមួយ​គ្នា​នេះ​ដែរ សាលា​អន្តរជាតិ SCIA ក៏​បាន​ស្វែងរក​គ្រូ​បង្រៀន​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ជា​រួម​របស់​សិស្ស​រាល់គ្នា​ផងដែរ​។​ ​ក្រៅ​ពី​ចំណាត់​ថ្នាក់​គ្រូ​ក៏​ត្រូវ​ដឹកនាំ​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​របស់​សិស្ស​នីមួយៗ​ផង​ដែរ ដោយ​បណ្ដុះបណ្តាល​គុណតម្លៃ​ត្រឹមត្រូវ​ និង​មាន​ឆន្ទៈ​ចូលរួម​ការងារ​សង្គម​៕