
តើគួរអនុវត្តប្រព័ន្ធអប់រំពីចម្ងាយយ៉ាងដូចម្តេច ដើម្បីអាចធានាបាននូវគុណភាព?
ក្នុងកាលៈទេសៈបច្ចុប្បន្នជំងឺកូវីដ ១៩ បានរីករាលដាលពាសពេញពិភពលោក ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់វិស័យ។ទម្លាប់ជាច្រើនក្នុងជីវភាពរស់នៅក្នុងធុរកិច្ច និងការគ្រប់គ្រងផ្សេងៗត្រូវបានផ្លាស់ប្តូរយ៉ាងរហ័ស ដើម្បីទប់ស្កាត់ការពារនឹងការឆ្លងរាលដាលនៃវីរុសថ្មីមួយនេះ និងដើម្បីធានាឲ្យបាននូវដំណើរប្រតិបត្តិការការងារផ្សេងៗឲ្យមានតុល្យភាព ជាពិសេសវិស័យសុខាភិបាល សេដ្ឋកិច្ច និងការអប់រំ។ នៅពេលដែលធនធានមនុស្ស គឺជាកត្តាចម្បងបំផុត សម្រាប់គ្រប់វិស័យ និងគ្រប់ស្ថានការណ៍។
ស្របពេលនេះ វិស័យអប់រំរបស់ប្រទេសកម្ពុជា ក៏ត្រូវបានរងឥទ្ធិពល ដែលតម្រូវឲ្យសាលារៀន និងវិទ្យាស្ថានអប់រំ ទាំងរដ្ឋ និងឯកជនធ្វើការផ្លាស់ប្តូរពីការអប់រំបែបប្រពៃណីមកជាការសិក្សាពីចម្ងាយដោយពឹងផ្អែកលើបច្ចេកវិទ្យាជាចម្បង។ ជាមួយគ្នានេះ សាកលវិទ្យាល័យន័រតុន បានធ្វើការរៀបចំនូវយន្ដការសម្រាប់អនុវត្តប្រព័ន្ធអប់រំពីចម្ងាយ។ យន្ដការនេះត្រូវបានផ្សព្វផ្សាយ និងបកស្រាយ ដោយលោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរង និងជាព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរួមមានយន្តការធំៗចំនួន ២ គឺ៖
១- យន្តការផ្ទាល់៖ ជាថ្នាក់រៀនតាមបែបបច្ចេកវិទ្យា ដោយធ្វើការផ្សាយផ្ទាល់រវាងគ្រូ និងសិស្ស។ កម្មវិធីដែលគាំទ្រយន្តការនេះគឺ Zoom, Google meet, YouTube និង Facebook ជាដើម។
២- យន្តការមិនផ្ទាល់៖ ជាថ្នាក់រៀនបន្ទាប់បន្សំ ដែលលោកគ្រូ អ្នកគ្រូ ដាក់ការងារ កិច្ចការស្រាវជ្រាវ ផ្ញើឯកសារ សេចក្តីណែនាំ និងលំហាត់ផ្សេងៗឲ្យសិស្សធ្វើ ក៏ដូចជាបញ្ជូនមកវិញដើម្បីឲ្យគ្រូពិនិត្យ។ កម្មវិធីដែលគាំទ្រយន្តការនេះគឺ Google classroom, Schoology, Wiki school និង Class Dojo។
បច្ចុប្បន្នយន្តការទាំង ២ នេះកំពុងក្លាយជាកម្មវិធីសិក្សាផ្លូវការមួយ និងជាតម្រូវការចាំបាច់សម្រាប់និស្សិតដែលសិក្សានៅសាកលវិទ្យាល័យន័រតុន។ គន្លឹះដែលសំខាន់មួយទៀតនោះ គឺការអាន។ ការអាននឹងជួយដល់ការរៀនសូត្រ និងការស្រាវជ្រាវដល់សិស្ស និស្សិត និងសាស្ត្រាចារ្យបានយ៉ាងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ គណៈកម្មការបច្ចេកទេសក៏បានធ្វើការកែទម្រង់លើប្រព័ន្ធដាក់ពិន្ទុខ្លះៗ គឺយើងធ្វើការរឹតបន្តឹងបន្ថែមទៅលើវត្តមាន និងការចូលរួមក្នុងកិច្ចការផ្សេងៗរបស់មុខវិជ្ជានីមួយៗ។ សាស្ត្រាចារ្យទាំងអស់បានធ្វើការអភិវឌ្ឍគម្រោងបង្រៀនថ្មី ដើម្បីឲ្យស្របសភាពការណ៍។ ក្នុងកិច្ចការបង្រៀនថ្មីនេះ តម្រូវឲ្យសាស្ត្រាចារ្យទាំងអស់ ភ្ជាប់ជាមួយនឹងកិច្ចការ ឬលំហាត់ក្រោយបញ្ចប់ម៉ោងសិក្សានីមួយៗ។ នេះជាវិធីដើម្បីធ្វើការសាកល្បងសមត្ថភាពភ្លាមៗ និងដើម្បីជាការតាមដាននូវវិន័យសិក្សារបស់និស្សិត។
បុគ្គលិកអប់រំ ក្នុងសាកលវិទ្យាល័យន័រតុនទាំងអស់ គឺតាមដានយ៉ាងយកចិត្តដាក់ចំពោះសកម្មភាពបង្រៀន និងតែងតែនៅរង់ចាំផ្តល់ជំនួយដល់សាស្ត្រាចារ្យ និងនិស្សិតដែលជួបបញ្ហាបច្ចេកទេសផ្សេងៗ។
ការអប់រំបែបថ្មីនេះពិតជាមានផលលំបាកមួយចំនួន ហើយតម្រូវឲ្យធ្វើការរៀនសូត្រ និងស្រាវជ្រាវលើរបស់ថ្មីៗជាច្រើន ប៉ុន្តែបើយើងអាចឆ្លងកាត់ និងទទួលយកប្រព័ន្ធអប់រំពីចម្ងាយនេះបានក្នុងដំណាក់កាលលំបាកនេះ គឺជាទុនដ៏ប្រសើរមួយក្នុងបរិបទអប់រំនាពេលអនាគត។
ខណៈបច្ចុប្បន្នភាពរីកចម្រើននៃឧស្សាហកម្ម ៤.០ កំពុងរីកលូតលាស់ និងត្រូវបានជំរុញឲ្យអនុវត្តលើគ្រប់វិស័យ។
នេះគឺជាឱកាសសម្រាប់បុគ្គលិកអប់រំ សាស្ត្រាចារ្យ និងសិស្ស និស្សិត ដើម្បីដុសខាត់សមត្ថភាពរបស់ពួកគេឲ្យបានកាន់តែល្អ។ ដូច្នេះមិនថា ស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ត្រូវធានាឲ្យបាននូវនិរន្តភាព និងស្ថិរភាពនៃ វិស័យអប់រំ និងបណ្តុះបណ្តាលដែលប្រកបដោយគុណភាព៕