ចាប់​តាំង​ពី​ប្រទេស ​កម្ពុជា ​បាន​បិទ​សាលារៀន ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ មក អ្នក​ផ្តល់​ការ​អប់រំ និង​គ្រូ​ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​ដូច​សិស្សានុសិស្ស​ដែរ​។ ពួក​គេ​តែ​គិត​គួរ​ពី​របៀប​ទាក់ទង​ជាមួយ​សិស្ស ហើយ​គិត​ថា ​តើ​សម្ភារ​ដែល​ពួក​គេ​ផ្អាក​ប្រើប្រាស់​អាច​នៅ​ប្រើ​ការ​បាន ហើយ​តើ​ថ្នាក់​រៀន​នៅ​មាន​សភាព​ដើម​ដែរ​ឬ​ទេ​។

កញ្ញា ស្រ៊ុន សុវណ្ណ សហស្ថាបនិក​កម្មវិធី​ផ្តល់​ការ​អប់រំ​តាម​អនឡាញ​របស់​ក្រុមហ៊ុន Edemy បាន​ឲ្យ​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹង​ថា ​ទោះបី​មាន​បញ្ហា​ប្រឈម​ការ​សិក្សា​តាម​អនឡាញ ​(e-learning) នៅ​តែ​មាន​ដំណើការ​ដដែល​។

ក្រុមហ៊ុន​របស់​កញ្ញា​កំពុង​ឆ្លើយ​តប​​ទៅ​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ​ដោយ​ផ្តល់​ឲ្យ​គ្រូ ​និង​សិស្ស​នូវ​កម្មវិធី​សិក្សា​តាម​ឌីជីថល ​« Tesdopi តេស្ត ​១២»​។​

«​ខ្ញុំ​គិត​ថា ​ការ​បញ្ចូល​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ជាមួយ​នឹង​ការ​អប់រំ​បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បង្រៀន​ជួយ​គ្រូ​ឲ្យ​ផ្តោត ​និង​បង្កើន​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​សិស្ស​បាន​កាន់​តែ​ប្រសើរ​»​។

កញ្ញា​បន្ថែម​ថា​៖ «​វេទិកា​អនឡាញ​អនុញ្ញាត​ឱ្យ​មាន​ក្របខ័ណ្ឌ​ផ្អែក​លើ​សម្ភារ​ ក៏​ដូចជា​សិស្សានុសិស្ស​ដែល​អាច​ទទួល​បាន​ព័ត៌មាន​។ ទោះជា​យ៉ាង​ណា នៅ​ក្នុង​ថ្នាក់រៀន ជា​ធម្មតា​គ្រូ​អាច​មើល​ឃើញ​កាយវិការ​របស់​សិស្ស ​ឬ​អាច​សួរ​សំណួរ​ពួក​គេ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​វត្ថុ​បំណង​នៃ​ការ​សិក្សា​ត្រូវ​បាន​ឆ្លើយ​តប​»​។

កម្មវិធី «Tesdopi តេស្ត ​១២» ជួយ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​អនុញ្ញាត ឱ្យ​គ្រូ​អាច​ជួយ​ពួក​គេ​ក្នុង​ការ​ដោះ​ស្រាយ​ចន្លោះ​ប្រហោង​នៃ​ការ​រៀន​សូត្រ និង​ផ្តល់​ការ​បង្រៀន​មួយ​ទល់​មួយ​តាមរយៈ​អនឡាញ»​។

ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​មក ក្រសួង​អប់រំ​យុវជន ​និង​កីឡា​បាន​ផ្សព្វផ្សាយ​មេរៀន​ជាង ​៧០០ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​សម្រាប់​សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​បឋម​រហូត​ដល់​ថ្នាក់​វិទ្យាល័យ​។​

ដើម្បី​បាន​ទៅ​ដល់​សហគមន៍​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល ​ដែល​ពិបាក​ទទួល​កម្មវិធី​បែប​ឌីជីថល ក្រសួង​ក៏​បាន​ផ្តួច​ផ្តើម ​ដើម្បី​លើក​កម្ពស់​កម្មវិធី​អប់រំ​ពី​ចម្ងាយ​ដោយ​បង្កើត​ទូរទស្សន៍​ជាតិ​កម្ពុជា​ទី ​២ ឬ TVK2​។

​បន្ទប់​ពិសោធន៍ Infini-D Learning Lab របស់សាលា​អន្តរជាតិ ហ្សាយ អិន ភ្នំពេញ។

នៅ​ក្នុង​ប្រទេស ​កម្ពុជា ចំនួន​ទូរស័ព្ទ​ដៃ ​គឺ​មាន​ច្រើន​ជាង​ចំនួន​ប្រជាជន ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ទូរស័ព្ទ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ជា​ប្រភព​ផ្តល់​ព័ត៌មាន​នាំ​មុខ​ទូរទស្សន៍ ប៉ុន្តែ​នៅ​តាម​ជនបទ​ប្រជាជន​ប្រមាណ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​វា​ជា​ប្រចាំ​។

លោក Philip White នាយក​សាលា​អន្តរជាតិ ហ្សាយអិន ភ្នំពេញ នៅ​ជិត​ផ្សារ​ទូល​ទំពួង​ថ្លែង​ថា ​បរិយាកាស​បច្ចុប្បន្ន​កំពុង​បង្កើន​ល្បឿន​ការ​សិក្សា​តាម​ឌីជីថល ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា​លោក​មិន​បាន​ចាត់​ទុក​វា​ជា​ «ដំណោះស្រាយ ​ដើម្បី​បង្កើន​ការ​ចូលរួម​របស់​សិស្ស​នោះ​ទេ​»​។

លោក​ថ្លែង​ថា​៖ «​ក្នុង​នាម​ជា​អ្នក​ផ្តល់​ការ​អប់រំ​ វា​តែងតែ​សំខាន់​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ថ្មីៗ​ ​ដើម្បី​លើក​កម្ពស់​ការ​បង្រៀន ការ​សិក្សា​របស់​សិស្ស និង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ឪពុកម្តាយ​»​។

លោក White ដែល​បាន​មក​កាន់​ប្រទេស ​កម្ពុជា ​ក្នុង​ឆ្នាំ ២០១៣ បាន​បន្ត​ថា ​បន្ទាប់​ពី​សាលា​ដែល​មិន​ស្វែង​រក​ប្រាក់​ចំណេញ​មួយ​នេះ​បាន​ផ្អាក​ការ​សិក្សា​កាលពី​ថ្ងៃទី ​១៦ ខែ​មីនា គ្រូ​របស់​ពួក​គេ​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​ការ​បង្រៀន​ក្នុង​ថ្នាក់ មក​បង្រៀន​បែប​ឌីជីថល​វិញ​។

សាលា​អន្តរជាតិ ហ្សាយ អិន ភ្នំពេញ មាន​បន្ទប់​ពិសោធន៍ Infini-D Learning Lab តែ​មួយ​គត់​នៅ​​អាស៊ី​។ បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​បាន​ផ្លាស់ប្តូរ​ថ្នាក់​រៀន​ទៅ​ជា​យាន​សម្រាប់​​ទំនាក់ទំនង ខណៈ​កំពុង​កែខៃ​បទពិសោធ ទៅ​នឹង​វត្ថុ​បំណង​សិក្សា​​ពិសេសៗ​របស់​គ្រូ​នីមួយៗ​។​

«​យើង​នឹង​បន្ត​រក​វិធី​ដើម្បី​បង្កើន​គុណភាព​អប់រំ ​និង​ការ​ចូលរួម​របស់​សិស្ស ​និង​ឪពុកម្តាយ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា ​ការ​សម្លឹង​មើល​អេក្រង់​ពេញ​មួយ​ថ្ងៃ​ គឺ​ជា​មាគ៌ា​ល្អ​បំផុត​នោះ​ទេ​»​។

លោក White បាន​បន្ថែម​ថា​៖ «សិស្សានុសិស្ស​ជាច្រើន​កំពុង​តែ​បំពេញ​ការងារ​បាន​យ៉ាង​ល្អ​ជាមួយ​ការ​សិក្សា​តាម​អនឡាញ ដោយ​មាន​ស្មារតី​ល្អ បើ​ទោះបី​សិស្ស​គ្រប់​គ្នា​មិន​បាន​ចូលរៀន​នៅ​ក្នុង​សាលា​រៀន​ក្តី​»៕