ចាប់​តាំងពីដើម​សប្តាហ៍​ទី​ ២ នៃ​ខែ​មីនា ឆ្នាំ​ ២០២០ កន្លងមក បន្ទាប់ពី​ការរកឃើញ​ករណី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ លើ​បុរស​ជនជាតិខ្មែរ​ពី​បុរស​ជនជាតិ​ជប៉ុន នៅ​ខេត្ត​សៀមរាប ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដូចជា​ចេញ​សេចក្តី​ជូន​ដំណឹង និង​សេចក្តីណែនាំ​ទៅកាន់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន បុគ្គលិក​សិក្សា​គ្រប់លំដាប់​ថ្នាក់ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល​សិស្ស ក៏ដូចជា សាធារណជន ក្នុង​ការចូលរួម​គ្រប់គ្រង បង្ការ និង​ទប់ស្កាត់ ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ ក្នុង​ដំណាក់កាល​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អនុវត្ត​វិធានការ​ចាំបាច់​ ៤ ​ចំណុច​រួមមាន​៖

១. ​វិធានការ​សុខភាព ដោយ​អនុលោម​ទៅ​តាម​សេចក្តី​ណែនាំ និង​វិធានការ​បច្ចេកទេស​ចាំបាច់​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​ក្នុង​ការលើកកម្ពស់ ការថែទាំ​អនាម័យ ការរក្សា​សុខភាព និង​ការគ្រប់គ្រង​ការបង្ការ និង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅតាម​គ្រឹះស្ថានសិក្សា​។ វិធានការ​នេះ​រួមមាន ការជំរុញ​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អនាម័យ បង្គន់​អនាម័យ ទឹកស្អាត ការលាង​សម្អាត​ដៃ និង​ការត្រួតពិនិត្យ​សុខ​ភាព​ជា​ប្រចាំ​។

២. ​ការរៀបចំ​រដ្ឋបាល​ឌីជីថល​ដោយ​បាន​ដាក់ចេញ​នូវ​ការកែលម្អ​វិធានការ​រដ្ឋបាល ការគ្រប់គ្រង ការត្រួតពិនិត្យ និង​ការចែកចាយ​លិខិត​រដ្ឋបាល ព្រម​ទាំង​ការរៀបចំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​ឌីជីថល​។

៣. ​ការលើកកម្ពស់​វិធានការ​គម្លាត​សុវត្ថិភាព ដោយ​បាន​ដាក់ឱ្យ​អនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​រដ្ឋ និង​ឯកជន និង​ការឈប់​សម្រាក​សម្រាប់​គ្រឹះស្ថាន​ឧត្តមសិក្សា និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ និង​ការអនុញ្ញាត​ឱ្យ​មន្ត្រី​អប់រំ​អាច​ធ្វើ​ការងារ​ពី​ផ្ទះ​។

៤. ​ការរៀបចំ​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក និង​ការផ្តល់​សេវា​រៀន​ពី​ចម្ងាយ ដោយ​បាន​ដាក់ចេញ​វិធានការ​ជា​ ៣ ​ដំណាក់កាល រួមមាន​៖

-​ដំណាក់កាល​បន្ទាន់​៖ ការបង្កើត​គណៈកម្មការ​ពិសេស​មួយ សម្រាប់​ផលិត​វីដេអូ​បង្រៀន​សម្រាប់​មុខវិជ្ជា​គោល និង​សម្រាប់​ថ្នាក់​ប្រឡង ព្រមទាំង​បង្ហោះ និង​ផ្សព្វផ្សាយ​លើ​វេទិកា​ឌីជីថល​ដែលមាន​ស្រាប់​។

-​ដំណាក់កាល​មធ្យម​៖ ការកែលម្អ​វេទិកា​ឌីជីថល​ដែល​មាន​ស្រាប់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ឱ្យ​បាន​កាន់តែ​ប្រសើរ និង​ការផលិត​វីដេអូ​បង្រៀន​ដែល​ចាំបាច់​បន្ថែម​ទៀត​។

-​ដំណាក់កាល​វែង​៖ ការរៀបចំ​កែលម្អ និង​អភិវឌ្ឍ​វេទិកា​ឌីជីថល​សម្រាប់​ផ្តល់​សេវា​អប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​មាន​លក្ខណៈ​សមរម្យ និង​គ្រប់​ជ្រុងជ្រោយ​។

ដើម្បី​ជា​ជំនួយ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​ទាំងអស់​នៅ​ថ្នាក់​មត្តេយ្យ​សិក្សា បឋមសិក្សា និង​មធ្យមសិក្សា​ចំណេះ​ទូទៅ​ក្នុង​អំឡុង​វិស្សមកាល​មុន​កាលកំណត់ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រៀបចំ​វិធានការ​មួយ​ចំនួន​ជា​បន្តបន្ទាប់ ដូចជា​ការបង្កើត​កម្មវិធីសិក្សា​ «​ការរៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​» ដែល​ទទួល​បាន​ការគាំទ្រ និង​ការចូល​ប្រើប្រាស់​ពី​សំណាក់​សិស្សានុសិស្ស​ជាច្រើន​។

លើសពីនេះ​ថែមទៀត អាស្រ័យ​ដោយ​មាន​ការសហការ និង​ការចូលរួម​ពី​សំណាក់​វិស័យ​ឯកជន និង​អ្នកជំនាញ​បច្ចេកវិទ្យា​មួយចំនួន សិស្សានុសិស្ស​ក៏​អាច​ទទួល​បាន​ឱកាស​ពី​ការរៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​កាន់តែ​សម្បូរបែប​។

មកទល់​សប្តាហ៍​ទី​ ១ នៃ​ខែមេសា ឆ្នាំ​ ២០២០ ​​នេះ​ការអនុវត្ត​សកម្មភាព​នៅ​ដំណាក់កាល​បន្ទាន់​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។ សកម្មភាព​សំខាន់ៗ​នៅក្នុង​ដំណាក់កាល​បន្ទាន់​រួមមាន​៖

I. ​ដំណាក់កាល​ទី​ ១៖ ផ្តោតលើ​សិស្ស​ថ្នាក់​ទី​ ៩ និង​ទី​ ១២

-​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​ផលិត​ខ្សែ​វីដេអូ​លើ​មុខវិជ្ជា​គោល​ចំនួន​ ៦ រួមមាន ភាសាខ្មែរ គណិតវិទ្យា ប្រវត្តិវិទ្យា គីមីវិទ្យា រូបវិទ្យា និង​ជីវវិទ្យា សម្រាប់​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី ១២ ដោយមាន​សាស្ត្រាចារ្យ​អញ្ជើញ​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាល័យ​បាក់ទូក វិទ្យាល័យ​បឹងត្របែក និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។

-​បង្កើត​វេទិកា​ឌីជីថល​ចំនួន​ ៣ ដូចខាងក្រោម ដើម្បី​រៀបចំ​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក​៖

១. ​បណ្តាញ YouTube ផ្លូវការ​របស់​ក្រសួង​៖ www.youtube.com/moeys ដែលមាន​វីដេអូ​បង្រៀន​ទាំងអស់​សម្រាប់​សិស្សានុសិស្ស​អាច​សិក្សា​បាន​ទៅតាម​ពេលវេលា​ជាក់ស្តែង​របស់ខ្លួន​។

២. ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​៖ www.facebook.com/moeys.gov.kh ដែល​ធ្វើការ​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ នៅពេល​ព្រឹក​សម្រាប់​ថ្នាក់​ទី​ ៩ និង​ពេល​រសៀល​សម្រាប់​ថ្នាក់​ទី​ ១២​។

៣. ​មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​របស់​ក្រសួង​៖ www.elearning.moeys.gov.kh ដោយ​សិស្សានុសិស្ស​អាច​ចូលទៅ​សិក្សា​បាន​តាមរយៈ​ការជ្រើសរើស​វគ្គ​សិក្សា ឬ​មេរៀន​ដែល​ត្រូវ​សិក្សា​ដោយ​ឥតគិតថ្លៃ និង​មិនចាំបាច់​ចុះឈ្មោះ​។

៤. ​ក្នុង​រយៈពេល ៣ ​សប្តាហ៍ អ្នកទស្សនា​នៅលើ​វេទិកា​ឌីជីថល​ទាំង​ ៣ ​រួមមាន ទំព័រ Facebook ៥២០ ០០០ ​នាក់ បណ្តាញ YouTube ២៦៣ ០០០ ​នាទី និង​វេបសាយ ១ ០០០ ​ដង​។

II. ​ដំណាក់កាល​ទី​ ២៖ ការថត​មេរៀន​សម្រាប់​សិស្ស​គ្រប់​កម្រិត

១. ​មត្តេយ្យ​សិក្សា​៖ ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏បាន​ផលិត​ខ្សែ​វីដេអូ​បង្រៀន​សម្រាប់​កុមារ​តូច​នៅ​ថ្នាក់​មត្តេយ្យ​សិក្សា​។ មុខវិជ្ជា​ចំនួន​ ៥ ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផលិត​ជា​ខ្សែ​វីដេអូ​ជាពិសេស​សម្រាប់​កុមារ​តូច​នៅ​ថ្នាក់​មត្តេយ្យ​សិក្សា រួមមាន​៖ ១. ​ចិត្ត​ចលភាព ២. ​វិទ្យាសាស្ត្រ ៣. ​សិក្សា​សង្គម ៤. ​បុរេ​គណិត និង ៥. ​ភាសា​ខ្មែរ​។ ចំណែក​វីដេអូ​បង្រៀន​សម្រាប់​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៣ ត្រូវបាន​ផលិត​ក្រោម​ការគាំទ្រ​ពី​កម្មវិធី «​ខ្ញុំ​រៀន ខ្ញុំ​ចេះ​»​។

២. ​បឋមសិក្សា​៖ ក្រសួង​បានដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី «​កុមារ​រៀន កុមារ​ចេះ​» ដែល​រួមមាន​កញ្ចប់​សម្ភារ​អំណាន និង​គណិតវិទ្យា​កម្រិត​ថ្នាក់ដំបូង​នៅ​បឋមសិក្សា ដូចជា​សៀវភៅ ណែនាំ​សម្រាប់​គ្រូ និង​ឯកសារ​បង្រៀន និង​រៀន សម្រាប់​ប្រើប្រាស់​ក្នុង​មុខវិជ្ជា ភាសា​ខ្មែរ និង​គណិតវិទ្យា​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១ និង​ទី​ ២ ដែល​នឹង​បំពេញបន្ថែម​ទៅលើ​សៀវភៅ​សិក្សា​គោល​ភាសា​ខ្មែរ អាន​សរសេរ​ដែល​មាន​ស្រាប់​។ ក្រសួង​កំពុង​ផលិត​ខ្សែ​វីដេអូ​បង្រៀន សម្រាប់​ថ្នាក់​ទី​ ៤ ដល់​ថ្នាក់​ទី​ ៦​។

៣. ​មធ្យមសិក្សា​៖ ក្រសួង​បាន​ផលិត​ខ្សែ​វីដេអូ​បង្រៀន សម្រាប់​ថ្នាក់​ទី ៧ ដល់​១២ និង​បាន​ជំរុញ​ឱ្យ​សាលារៀន​ផ្តល់​លទ្ធភាព​ឱ្យ​សិស្ស​បាន​ខ្ចី​សៀវភៅ​សិក្សា​គោល ដើម្បី​ស្វ័យ​សិក្សា​បន្ថែម​រៀងៗ​ខ្លួន​។

៤. ​ការអប់រំ​ក្រៅ​ប្រព័ន្ធ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​សមមូល​អប់រំ កម្រិត​មូលដ្ឋាន​តាម​អ៊ិនធឺណិត ​(BEEP) ដែលជា​ការផ្តួចផ្តើម​រួមគ្នា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​យូណេស្កូ ដើម្បី​ពង្រីក​សេវា​អប់រំ​មូលដ្ឋាន​សម្រាប់​យុវជន​កម្ពុជា និង​ដោះស្រាយ​នូវ​បញ្ហា​បោះបង់​ការសិក្សា​ខ្ពស់​នៅ​កម្រិត​មធ្យមសិក្សា​បឋមភូមិ​។ កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​យុវជន​កម្ពុជា​បញ្ចប់​ការអប់រំ​មូលដ្ឋាន​តាមរយៈ​ការរៀន​ដោយ​ខ្លួនឯង តាម​ប្រព័ន្ធ​ ២ ​បញ្ចូល​គ្នា​ដែល​មាន​ភាពបត់បែន និង​ទន់ភ្លន់​។

III. ​ដំណាក់កាល​ទី​ ៣៖ ការជួយ​ដល់​សិស្ស​នៅ​ទីជនបទ

​​ក្នុង​ស្មារតី​ធានា​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌ ជាពិសេស​សិស្សានុសិស្ស​នៅ​ជនបទ​អាច​ទទួលបាន​ការអប់រំ​ប្រកប​ដោយ​គុណភាព ដូច​សិស្សានុសិស្ស​នៅ​ទីក្រុង ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ព័ត៌មាន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ការរៀបចំ​ផលិត និង​ផ្សព្វផ្សាយ​កម្មវិធី​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

តាម​ស្មារតី​នៃ​អនុស្សរណៈ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ផ្តល់​មេរៀន​គ្រប់​មុខវិជ្ជា និង​គ្រប់​ថ្នាក់​ឱ្យទៅ​ក្រសួង​ព័ត៌មាន​សម្រាប់​ផ្សាយ​កម្មវិធី​តាម​ប្រព័ន្ធ​ទូរទស្សន៍​ផ្កាយរណប «​តេជោធីវី​» ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​អប់រំ​ថ្មី «​ទទក​២»​។

IV. ​កិច្ចសហការ​ជាមួយ​ដៃគូ និង​ផ្នែក​ឯកជន

ក្រសួង​បាន​សហការ​ជាមួយ​ដៃគូ​ឯកជន ដូចខាងក្រោម ដើម្បី​ធ្វើឱ្យ​កម្មវិធី​អប់រំ​អេឡិចត្រូនិក​កាន់តែ​មាន​ភាពសម្បូរបែប​៖

-​ក្រុមហ៊ុន AZE Innovation Tech Co, LTD បាន​ព្រមព្រៀង​ផ្តល់​សេវា​ប្រព័ន្ធ​សិក្សា E-School Cambodia ដោយ​ឥតគិតថ្លៃ​សម្រាប់​រយៈពេល​ពេញ​ ១ ​ឆ្នាំ ជូន​ដល់​សិស្សានុសិស្ស​ទាំងអស់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

-​ក្រុម​អ្នក​បច្ចេកវិទ្យា​បាន​ផលិត​ឯកសារ​មេរៀន​ជា​វីដេអូ ល្បែង​កម្សាន្ត និង​ល្បងប្រាជ្ញា សម្រាប់​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៣ www.sangapac.com​។

-​ក្រុមហ៊ុន Postcar បង្កើត App សម្រាប់​ទូរស័ព្ទដៃ និង​ក្រុមហ៊ុន Wiki School បង្កើត​វេទិកា​ឌីជីថល សម្រាប់​ការចូល​មើល​វីដេអូ​បង្រៀន ដែល​ផលិត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

-​ក្រៅពី​នេះ ក្រុមហ៊ុន និង​អ្នកជំនាញ​បច្ចេកទេស​មួយចំនួន​ទៀត​បាន​ស្នើសុំ​កិច្ចសហការ​ដោយផ្ទាល់​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមមាន Khmer Academy, Edemy, PhumSchool, Test App, ICT Angkor, ReanTamChet, TesDopi, IKnowIKnow​។

V. ​កិច្ចសហការ​ជាមួយ​ធនាគារពិភពលោក និង​មូលនិធិ​សកល​សម្រាប់​ការអប់រំ GPE

ដើម្បី​បង្កើត​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក​រយៈពេល​មធ្យម និង​វែង​ក្រសួង​កំពុង​រក​ហិរញ្ញប្បទាន​បន្ថែម​៖

-​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​កំពុង​សិក្សា ដើម្បី​បង្វែរ​កម្ចី​ចំនួន ១០ ​លាន​ដុល្លា​ ពី​គម្រោង​កែលម្អ​ការអប់រំ​ឧត្តមសិក្សា ដើម្បី​គាំទ្រ​ដល់​ការអប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រៀបចំ​ឯកសារ និង​សំណើ ដើម្បី​សុំ​ជំនួយ​ឥតសំណង ១០ ​លាន​ដុល្លារ​ ពី​មូលនិធិ​សកល​សម្រាប់​ការអប់រំ​ (GPE) ដើម្បី​គាំទ្រ និង​ឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ការជួយ​ដល់​សាលារៀន និង​សិស្ស​នៅ​តំបន់​ជនបទ និង​អនុវត្ត​កម្មវិធី​បើក​ចូលរៀន​ឡើងវិញ ក្រោយ​ជំងឺ​កូវីដ​ ១៩​ បាន​ធូរស្រាល​៕