លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែល​ជា​ក្រុមហ៊ុន​មេ​នៃ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii) និង​សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បាន​ថ្លែង​អំណរគុណ​ដល់​សិស្សានុសិស្ស ឪពុកម្តាយ​ និង​លោកគ្រូ អ្នកគ្រូ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​ដែល​ជា​ជំងឺ​រាតត្បាត​សកល​។

ទោះ​ជា​យ៉ាងណា​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​រូបនេះ​ក៏បាន​ចេញ​សារ​ព្រមាន​ផងដែរ​នៅពេល​ដែល​គ្រឹះស្ថាន​អប់រំ​កំពុង​តស៊ូ​ជាមួយ​នឹង​ផលប៉ះពាល់​នៃ​ការបិទ​សាលារៀន ដោយ​លោក​បាន​បញ្ជូន​សញ្ញា​យ៉ាង​ច្បាស់​ថា វិស័យ​អប់រំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​មួយ​ដ៏លំបាក​។

«​មនុស្ស​ភាគច្រើន​បាន​កាន់​ដៃ​រួម​គ្នា​ក្នុង​ពេលវេលា​ដ៏លំបាក​នេះ​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​បុគ្គលិក​របស់ខ្ញុំ ចំពោះ​ការលះបង់ និង​ពេលវេលា​របស់​ពួកគេ​។ ពួកគេ​នៅតែ​ខិតខំ​ធ្វើការ ហើយ​ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​ការយោគយល់​របស់​ពួកគេ​ខ្លាំងណាស់​»​។

«​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ផងដែរ​ដល់​ឪពុកម្តាយ និង​សិស្សានុសិស្ស​។ ខ្ញុំ​ពិតជា​សូម​កោតសរសើរ​ចំពោះ​ការយោគយល់​របស់​ពួកគេ និង​វិធី​ដែល​ពួកគេ​តស៊ូ​ក្នុង​គ្រា​ក៏លំបាក​នេះ​»​។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​ការពារ​វិស័យ​អប់រំ​។

ជាមួយ​នឹង​វិស័យ​អប់រំ​ដែល​កាន់តែ​មាន​ភាពតានតឹង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើការ​អំពាវនាវ​យ៉ាង​អស់ពី​ចិត្ត សុំ​ការយោគយល់​ និង​ការគាំទ្រ​បន្ថែម​។ អំឡុងពេល​កំពុង​ជួប​វិបត្តិ​ដែល​មិន​ធ្លាប់មាន​មកនេះ វា​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្ចះ​ជួល​អគារ និង​ឪពុក-ម្តាយ​ឲ្យ​សម្លឹង​ទៅ «​រូបភាព​ធំ​»​។

«​សម្រាប់​អ្នក​ដែល​មិនទាន់​បាន​ចូលរួម​ដោះស្រាយ​ស្ថានការណ៍​នេះ​រួមគ្នា ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ពួកគេ​ក្រឡេក​មើល​រូបភាព​ធំ​ជាង​នេះ ហើយ​ថា​តើ​អ្វី​នឹងរង​ផលប៉ះពាល់​ប្រសិន​បើ​គ្មាន​សាលារៀន​សម្រាប់​កូនៗ​របស់​យើង​នោះ​។ វា​នឹងមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​កូនៗ និង​សេដ្ឋកិច្ច​របស់​យើង លុះត្រាតែ​ប្រជាជន​យល់ដឹង​អំពី​ស្ថានភាព​នេះ​កាន់តែ​ទូលំទូលាយ​»​។

«​វា​ត្រូវការ​ពេលវេលា​ ៣០ ​ឆ្នាំ​សម្រាប់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ដើម្បី​មកដល់​ចំណុច​នេះ​ដូច​សព្វថ្ងៃ ប៉ុន្តែ​ប្រសិន​បើ​វា​ដួលរលំ​នោះ​វា​នឹង​មិនអាច​ស្ទុះ​ងើប​ឡើងវិញ​ឆាប់រហ័ស​នោះទេ​។ ខ្ញុំ​ប៉ាន់ស្មាន​ថា ៨០ ​ភាគរយ​នៃ​សាលា​ឯកជន​នៅ​កម្ពុជា អាច​នឹង​បិទទ្វារ​ប្រសិន​បើ​ស្ថានការណ៍​នេះ​នៅតែ​បន្ត​រយៈពេល​ ២ ​ខែ​ទៀត​»​។

លោក​ព្រមាន​ថា​៖ «​សាលារៀន​ភាគច្រើន​ជួល​អគារ​គេ ហើយ​ពួកគេ​ពឹងផ្អែក​ច្រើន​ទៅលើ​ប្រាក់​បង់ថ្លៃ​ការសិក្សា​ដើម្បី​បន្ត​ដំណើរការ​។ ប្រសិនបើ​ម្ចាស់​អគារ​មិន​អើពើ​នឹង​ស្ថានភាព​ដ៏ធ្ងន់ធ្ងរ​នេះ ហើយ​បដិសេធ​មិន​ជួយ​ទាក់ទង​នឹង​តម្លៃ​ជួល ហើយ​ឪពុកម្តាយ​ទាមទារ​ការបញ្ចុះ​តម្លៃ ឬ​សូម្បីតែ​មិន​បង់ថ្លៃ​ការសិក្សា នោះ​សាលា​នឹង​មិនអាច​រស់នៅ​បានយូរ​នោះទេ​»​។

សាលា Aii និង AIS មាន​សិស្ស​ប្រមាណ​ ១៤៥០០ ​នាក់​ចាប់​តាំងពី​បើក​ក្នុង​ឆ្នាំ​ ២០០៥​។

ក្នុង​នាម​ជា​សាស្ត្រាចារ្យ ជា​វេជ្ជបណ្ឌិត សហគ្រិន និង​ជា​សប្បុរសជន​ផងដែរ​នោះ បុរស​សញ្ជាតិ​ខ្មែរ-អាមេរិចកាំង​រូបនេះ​បាន​លើកឡើង​ថា ប្រសិនបើ​ការព្យាករ​របស់​គាត់​ក្លាយ​ជា​ការពិត​នោះ​នឹង​ពិបាក​ដោះស្រាយ​លើ​បញ្ហា​នេះ​។

«​តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​សិស្សានុសិស្ស ប្រសិនបើ​សាលា​ឯកជន​ទាំងអស់​ត្រូវ​បិទទ្វារ​? តាម​ស្ថានភាព​នាពេល​កន្លងមក សូម្បីតែ​សាលារៀន​ ១ ​ត្រូវ​បិទទ្វារ ក៏​មាន​បញ្ហា​ប្រឈម​ជាច្រើន ទាំង​រដ្ឋាភិបាល ក្រសួង​អប់រំ​យុវជន និង​កីឡា ស្ថាប័ន​អប់រំ​កម្រិត​ឧត្តមសិក្សា សមាគម​សាលារៀន គឺ​យើង​ទាំងអស់​គ្នា​បាន​តស៊ូ​ដើម្បី​ដោះស្រាយ​ស្ថានភាព​នោះ​»​។

«​ឥឡូវ​សាក​ស្រមៃ​មើល ប្រសិន​បើ​សាលារៀន​ឯកជន​ភាគច្រើន​ត្រូវបាន​បិទទ្វារ សួរ​ថា តើ​រដ្ឋាភិបាល​អាច​ដោះស្រាយ​ជាមួយ​សិស្ស​ទាំងអស់​ដែល​រង​ផលប៉ះពាល់​ដោយ​របៀប​ណា​? ខ្ញុំ​គិតថា នេះ​ជា​ពេលវេលា​ដ៏លំបាក​មួយ​សម្រាប់​រដ្ឋាភិបាល ឪពុកម្តាយ និង​វិស័យ​ឯកជន​»​។

លោក​បន្តថា​៖ «​វា​ពិតជា​ពិបាក​ណាស់ នៅពេល​រដ្ឋាភិបាល និង​ស្ថាប័ន​អប់រំ​ស្នើសុំ​ជំនួយ ប៉ុន្តែ​មាន​អ្នកខ្លះ​បដិសេធ​មិន​ជួយ​។ វា​ជា​ពេលវេលា​ដ៏លំបាក​សម្រាប់​យើង និង​អាជីវកម្ម​តូចតាច​ដទៃទៀត ហើយ​នៅពេល​បញ្ហា​នេះ​កាន់តែ​អាក្រក់​ទៅៗ នោះ​មនុស្ស​ខ្លះ​សម្លឹង​មិន​វែងឆ្ងាយ ហើយ​មិនបាន​មើលទៅ​រូបភាព​ធំ​ជាង​នេះ​»​។

លោក​វេជ្ជបណ្ឌិត ម៉េងលី បាន​ព្រមាន​ថា វិបត្តិ​បែបនេះ​នៅក្នុង​វិស័យ​អប់រំ​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទាំងមូល​។

លោក​បញ្ជាក់ថា​៖ «​វា​នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​សេដ្ឋកិច្ច​ទាំងមូល​។ តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​បុគ្គលិក​ដ៏ច្រើន​ដែល​នឹង​បាត់បង់​ការងារ​របស់​ពួកគេ និង​សិស្សានុសិស្ស​ដែល​មិន​អាច​បញ្ចប់​ការសិក្សា​របស់​ពួកគេ​បាន​»?

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​បាន​អំពាវនាវ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដល់​វិស័យ​អប់រំ​ឯកជន​ឲ្យ​អាច​ទប់​ទល់នឹង​ព្យុះភ្លៀង​នេះ​បាន​។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា​៖ «​វា​ចាំបាច់​ណាស់​ដែល​ម្ចាស់​អគារ និង​ឪពុកម្តាយ​ត្រូវ​យល់​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​នេះ និង​ត្រូវ​ឆ្លើយតប​តាម​ការជាក់ស្តែង​។ វា​ជា​រឿង​ល្អ​ប្រសិនបើ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍ ហើយ​ប្រហែល​អាច​ស្នើសុំ​ថវិកា​មួយចំនួន​ជាការ​ការពារ​ដើម្បីឱ្យ​ប្រាក់កម្ចី​ទៅ​ស្ថាប័ន​អប់រំ​ទាំងនេះ​ដើម្បី​ធានាថា​សាលារៀន​ទាំងនេះ​អាច​នៅ​រស់រាន​មាន​ជីវិត​បាន​»​។

ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii) និង​សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលមាន​សិស្ស​ប្រមាណ​ ១៤៥០០ ​នាក់​ចាប់​តាំងពី​បើក​ដំណើរការ​តាំងពី​ឆ្នាំ​ ២០០៥ ​មក​នោះ​បាន​លើកឡើង​ថា ចំណង់​ចំណូល​ចិត្ត​គឺជា​អាថ៌កំបាំង​នៃ​ភាពជោគជ័យ​នៃ​សាលារៀន​របស់គាត់​។

លោក​ថ្លែងថា​៖ «​អ្នក​មិនមែន​ធ្វើការ​នៅក្នុង​វិស័យ​អប់រំ​ដើម្បី​ស្វែង​រកលុយ​នោះទេ អ្នក​ត្រូវតែ​មាន​ទឹកចិត្ត​ស្រលាញ់​អ្វីៗ​គឺជា​ការស្រលាញ់​។ តើ​អ្នក​ស្រលាញ់​វិស័យនេះ​ដោយ​របៀប​ណា តើ​អ្នក​ជួយ​សិស្សានុសិស្ស​ឲ្យ​រីកចម្រើន​ដោយ​របៀប​ណា​? តើ​អ្នក​ចង់​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​ប្រសើរឡើង​ដោយ​របៀប​ណា​? វា​គួរ​ឲ្យ​សោកស្តាយ​ណាស់​ដែល​ពេលខ្លះ​មនុស្ស​មួយចំនួន​មិន​យល់​ពី​ទឹកចិត្ត​ដែល​យើង​មាន​ចំពោះ​ការអប់រំ​»៕