The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិទ្យាស្ថាន CamEd ជា​ថ្នាល​បណ្តុះបណ្តាល​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ




វិទ្យាស្ថាន CamEd ជា​ថ្នាល​បណ្តុះបណ្តាល​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ

Content image - Phnom Penh Post
និស្សិត​ឆ្នើម​នៃ​វិទ្យាស្ថាន​​ខេមអេដ ប្រចាំខែកញ្ញា ឆ្នាំ ២០២០ ក្នុង​ការ​ប្រឡង​ជា​អន្តរជាតិ​លើ​មុខវិ​ជ្ជា ACCA។

វិទ្យាស្ថាន CamEd ជា​ថ្នាល​បណ្តុះបណ្តាល​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ

វិទ្យាស្ថាន CamEd Business School ដែល​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​បាន​ក្លាយ​ជា​វិទ្យាស្ថាន​ដែល​ឈាន​មុខ​គេ​ដ៏​រឹងមាំ​នៅ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​។ ការ​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នេះ ដោយសារ​និស្សិត​បញ្ចប់​ការ​សិក្សា​ជំនាញ​បាន​បន្ត​ជម្នះ​ឧបសគ្គ​នានា និង​រួម​ចំណែក​ដល់​ការ​រីក​លូតលាស់​ក្នុង​វិស័យ​សាជីវកម្ម​ និង​សេដ្ឋកិច្ចជាតិ​។

សាស្ត្រាចារ្យ​ប្រកប​ដោយ​គុណភាព និង​មាន​ជំនាញ កម្មវិធី​សិក្សា​មាន​ការ​ទទួល​ស្គាល់​ជា​សកល​ភាព​ជា​ដៃគូ​ជាមួយ​ស្ថាប័ន​ត្រួត​ពិនិត្យ​អន្តរជាតិ និង​ការ​បំពាក់​បំប៉ន​ដល់​និស្សិត​នូវ​ជំនាញ​ទន់​បន្ថែម បាន​ធ្វើ​ឱ្យ​ស្ថាប័ន​ដែល​មាន​អាយុកាល ២០ ឆ្នាំ ក្លាយ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​ដំបូង​គេ​នៅ​កម្ពុជា​។ និស្សិត​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ គណនេយ្យ និង​​សវនកម្ម នៅ​វិទ្យាស្ថាន CamEd មាន​ការ​ទទួល​ស្គាល់​ពី​និយោជក​យ៉ាង​ទូលំទូលាយ សម្រាប់​ជំនាញ​និស្សិត​ដ៏​មុត​ស្រួច​ដែល​ពួក​គេ​មាន​រៀងៗ​ខ្លួន។

នាយិកា​រង​នៃ​វិទ្យាស្ថាន CamEd លោកស្រី សំ សុគន្ធារី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា “ខ្ញុំ​អាច​និយាយ​បាន​ថា ចាប់​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២០ អត្រា​មាន​ការងារ​របស់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​របស់​យើង​មាន ៩៨ ភាគរយ​។ ចំណុច​ខ្លាំង​របស់​សាលា​ គឺ​មាន​ការ​ទទួល​ស្គាល់​ពី​និយោជក​កូន​សិស្ស​របស់​យើង​មាន​សមត្ថភាព​ចេះ​សម្រប​ខ្លួន​នៅ​កន្លែង​ធ្វើ​ការ​មិន​ពិបាក​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ព្រោះ​ពួក​គេ​មាន​ចំណេះដឹង​ជ្រៅជ្រះ​នៃ​ស្តង់ដា​គណនេយ្យ​ស្រាប់”​។

ទីផ្សារ​មូលធន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម នឹង​បន្ត​ពង្រីក​បន្ថែម​ទៀត នៅ​ពេល​ដែល​ក្រុមហ៊ុន ឬ​អាជីវកម្ម​កាន់​តែ​ច្រើន​បាន​បើក​ដំណើរការ​អាជីវកម្ម​។ ហើយ​អ្នក​ជំនាញ​ត្រូវ​ការ​ជា​ចាំបាច់ ​ដើម្បី​រៀបចំ​ប្រាក់​ខែ​រៀបចំ​ពន្ធដា​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ និង​គណនេយ្យ​ និងសវនកម្ម​។ អស់​រយៈពេល​ជិត ​២ ទសវត្សរ៍​មក​ហើយ វិទ្យាស្ថាន CamEd បាន​បង្កើត​គណនេយ្យករ​ឆ្នើមៗ និង​ជំនាញ​ហិរញ្ញវត្ថុ​ផ្សេងទៀត​។

លោកស្រី សុគន្ធារី បាន​ថ្លែង​ថា ដោយ​មាន​កិច្ច​សហការ​ជាមួយ​ដៃគូ​ក្រុមហ៊ុន​នានា​ដ៏​គួរ​ឱ្យ​ទាក់ទាញ​រួម​ជាមួយ​ការ​ផ្តល់​ប្រាក់​ខែ​ខ្ពស់ និង​បរិយាកាស​ការងារ​ល្អ ក្រុមហ៊ុន​ទាំង​នោះ បាន​បន្ត​ទទួល​យក​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ថ្មីៗ នៅ​វិទ្យាស្ថាន CamEd ។ “​ចំនួន​សិស្ស​បញ្ចប់​ថ្នាក់​ទី១២ ដែល​បាន​ដាក់​ពាក្យ​សុំ​បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​នៅ ​CamEd មាន​ការ​កើន​ឡើង​ពី ១ ​ឆ្នាំ​ ទៅ​ ១ ឆ្នាំ ពី​ព្រោះ​សាលា​នេះ​ផ្តល់​នូវ​កម្មវិធី​សិក្សា​ដ៏​គួរ​ឱ្យ​ទាក់ទាញ​។

“CamEd ផ្តល់​ជូន​កម្មវិធី​សិក្សា​ស្តង់ដា​អន្តរជាតិ​ដោយ​និស្សិត​បញ្ចប់​ការ​សិក្សា​រយៈពេល ៤ ឆ្នាំ ​ទទួល​បាន​សញ្ញាបត្រ ២ ​ក្នុង​ពេល​តែ ១ គឺ​បរិញ្ញាបត្រ​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​សញ្ញាបត្រ​ជំនាញ​អ្នក​បច្ចេកទេស​ផ្នែក​គណនេយ្យ ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​កម្មវិធី សមាគម​គណនេយ្យករ​ជំនាញ​នៅ​ប្រទេស​អង់គ្លេស ដែល​ហៅ​កាត់​ថា (ACCA)”​។

លោកស្រី សុគន្ធារី ថ្លែង​ថា គ្រូ​បង្រៀន​នៅ​វិទ្យាស្ថាន CamEd ភាគ​ច្រើន​ជា​ជនជាតិ​បរទេស ដែល​មាន​សមត្ថភាព​ពិសេស ហើយ​ឆ្លង​កាត់​ការ​ជ្រើសរើស​យ៉ាង​ហ្មត់ចត់ មុន​ពេល​គ្រូ​ទាំង​នោះ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​បង្រៀន​។ “​ទាំង​គ្រូ​ខ្មែរ​ និង​គ្រូ​បរទេស ទោះបី​មាន​សញ្ញាបត្រ​បណ្ឌិត​ក៏​ត្រូវ​ការ​ធ្វើ​តេស្ត​មុន​ចូល​បម្រើ​ការងារ​នៅ​ទីនេះ​ដែរ ព្រោះ​ពេល​ខ្លះ​គាត់​មាន​សមត្ថភាព​ហើយ ប៉ុន្តែ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​បង្រៀន។ “​មួយ​វិញ​ទៀត បើ​សាស្រា្តចារ្យ​មាន​ជំនាញ​គណនេយ្យ យើង​មិន​អាច​ឱ្យ​គាត់​ទៅ​បង្រៀន​ហិរញ្ញវត្ថុ​បាន​ទេ​”​។

លោកស្រី​បាន​ឱ្យ​ដឹង​ថា លើស​ពី​នេះ​​ទៀត វិទ្យាស្ថាន CamEd ក៏​ជា​សមាជិក​នៃ​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន ដែល​អនុញ្ញាត​ឱ្យ​និស្សិត ដែល​បញ្ចប់​ការ​សិក្សា​នូវ​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​ការ​សិក្សា​របស់​ពួក​គេ​នៅ​ក្នុង​សាកលវិទ្យាល័យ​ក្នុង​តំបន់​។ និស្សិត​ដែល​សិក្សា​នៅ CamEd មិន​ត្រឹម​ទទួល​បាន​សញ្ញាបត្រ​ប៉ុណ្ណោះ​ទេ ពួក​គេ​ថែម​ទាំង​មាន​ឱកាស​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​បន្ថែម​ទៀត និង​ឱកាស​ការងារ​ត្រៀម​ចាំ​សម្រាប់​ពួក​គេ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​។

“សកម្មភាព​ជា​​ក្រុម​រួម​មាន​ការ​បោះ​ជំរុំ​ កម្មវិធី​សប្បុរសធម៌ និង​វប្បធម៌​។ យើង​ក៏​រៀបចំ​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំ និង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​បរទេស ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឱ្យ​បង្កើត​មិត្តភាព សម្រេច​គោលដៅ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ និង​បង្កើន​បទពិសោធ និង​ភាព​ជា​អ្នក​ដឹកនាំ​”​។

នាយិកា​រង សំ សុគន្ធារី បាន​មាន​ប្រសាសន៍​ថា លើស​ពី​នេះ​ទៅ​ទៀត វិទ្យាស្ថាន CamEd បាន​បង្កើត​នាយកដ្ឋាន​ផ្នែក​ប្រឹក្សា​យោបល់​អាជីព ដើម្បី​ជួយ​និស្សិត​ឆ្នាំ​ទី៣ ស្វែងរក​ការងារ​ធ្វើ​ឱ្យ​ស៊ាំ​នឹង​ការងារ​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​៕

អត្ថបទគួរចាប់អារម្មណ៍