ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​សាលា​អន្តរជាតិ​ឯកជន​នៅ​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​ទិដ្ឋភាព​អប់រំ​របស់​កម្ពុជា និង​នាំមក​នូវ​ឱកាស​សិក្សា​កាន់តែច្រើន​សម្រាប់​យុវជន​ជំនាន់​ក្រោយ​។

ការចូល​រៀន​នៅ​សាលា​ឯកជន​ដែល​ភាគច្រើន​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន​បរទេស កំពុង​ចាប់ផ្តើម​បង្កើន​គុណភាព​វិស័យ​អប់រំ និង​បំពេញ​គម្លាត​ផ្គត់ផ្គង់​នៅក្នុង​ប្រព័ន្ធ​អប់រំ​ផងដែរ​។

បច្ចុប្បន្ន​សាលា​អន្តរជាតិ​ជាច្រើន​កំពុង​បង្រៀន​កម្មវិធីសិក្សា​ដែលមាន​ការប្រកួតប្រជែង​ខ្លាំង ដោយ​ផ្អែកលើ​គំរូ​កម្មវិធីសិក្សា​របស់​ចក្រភព​អង់គ្លេស អាមេរិក សិង្ហបុរី ឬ​បារាំង​ជាដើម​ដែល​ជា​កម្មវិធីសិក្សា​មាន​ការពេញនិយម​ខ្លាំង​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​។

លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ីប៉ា​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ស្ថាប័ន​អប់រំ​អន្តរជាតិ​មាន​តួនាទី​សំខាន់ ពីព្រោះ​វា​ជា​គំរូ​មួយ​សម្រាប់​ឲ្យ​វិស័យ​អប់រំ​របស់​យើង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​យើង​អភិវឌ្ឍ​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​។

«​ចំពោះ​សាលា​អន្តរជាតិ​ឯកជន​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់ជាង​គុណភាព​អប់រំ​ក្នុងស្រុក ដែល​គេ​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្តង់ដា​របស់​ប្រទេស​គេ​។ ស្តង់ដា​ទាំងនោះ​ភាគច្រើន​គឺ​លើស​ស្តង់ដា​អប់រំ​របស់​យើង​»​។

ស៊ីប៉ា​គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាន​ជួយ​លើកកម្ពស់​អក្ខរកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​មកហើយ​។

សាលា​ឯកជន​អន្តរជាតិ​ជាច្រើន​កំពុង​ទាញយក​ប្រយោជន៍​ពី​តម្រូវការ​អប់រំ​ដែលមាន​គុណភាព​ពី​ឪពុកម្តាយ​ដែល​មាន​ក្តី​ប្រាថ្នា​ខ្ពស់ និង​មាន​ជីវភាព​ធូរធារ ជាពិសេស​អ្នករស់នៅ​ក្នុង​ទីក្រុង​ជា​កន្លែង​ដែល​សាលា​មាន​គុណភាព​មាន​ត្រូវការ​ខ្ពស់​។

សាលា​ឯកជន​ភាគច្រើន​មាន​បំពាក់​ដោយ​សម្ភារ​ទំនើប បន្ទប់រៀន​ស្អាត​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​គ្រូ​មាន​សមត្ថភាព​ខ្ពស់​ដែល​អាច​បង្រៀន​នូវ​កម្មវិធីសិក្សា​ដែល​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ ក៏ដូចជា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការចង់​បាន​ពី​អ្នក​ដែលមាន​លទ្ធភាព​ផងដែរ​។

យោងតាម​របាយការណ៍​ស្ថិតិ និង​សូចនាករ​អប់រំ​ឯកជន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា (​ឆ្នាំ​សិក្សា ២០១៨-២០១៩) បាន​បង្ហាញថា​សិស្ស​សរុប​ចំនួន ២១៨,៣៥៧ ​នាក់​ បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​ឯកជន​ចំនួន​ ១ ២២២ ​សាលា ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូតដល់​ថ្នាក់​វិទ្យាល័យ​។

លោក​ សុទ្ធិ បន្ថែមថា​៖« សាលា​អន្តរជាតិ​ទាំងនោះ​ក៏បាន​រួមចំណែក​តប​តាម​តម្រូវការ​របស់​ប្រទេស​យើង​ផងដែរ និង​តម្រូវ​ការចង់​ចេះ​ចង់ដឹង​របស់​កូន​ខ្មែរ ជាពិសេស​សម្រាប់​គ្រួសារ​ដែល​មាន​លទ្ធភាព និង​ជីវភាព​ធូរធារ​»​។

«​សាលា​មួយចំនួន​ក៏​យក​កម្មវិធីសិក្សា​ផ្លូវការ​របស់​កម្ពុជា​ទៅ​អនុវត្ត​ដែរ ដើម្បី​រៀបចំ​ឲ្យ​យុវជន​ដែល​ចេញ​ពី​សាលា​ទៅ​ថ្ងៃ​ក្រោយមក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​។ ចំពោះ​សាលា​មួយចំនួន​ទៀត​គាត់​ធ្វើ​យ៉ាងណា​បង្រៀន​សិស្ស​ដើម្បី​តម្រង់ទិស​ឲ្យ​ពួកគេ​ចូលប្រឡូក​ទៅក្នុង​ទីផ្សារ​អន្តរជាតិ​ដូចជា​នៅ​អឺរ៉ុប នៅ​អាមេរិក ជាដើម​»​។

ប៉ុន្តែ​លោក​ក៏បាន​លើកឡើង​អំពី​ការរីកដុះដាល​យ៉ាងខ្លាំង​នៃ​សាលា​អន្តរជាតិ​ទាំងអស់នោះ​ថា វា​មាន​តម្លៃ​ថ្លៃ​ដែល​គ្រួសារ​កម្ពុជា​ភាគច្រើន​គ្មាន​លទ្ធភាព​បង់ ហើយ​អាទិភាព​បង្រៀន​ជា​ភាសា​ខ្មែរ​មាន​ទាប​។

លោក​លើកឡើង​ថា​៖ «​ចំពោះ​កូន​ខ្មែរ​មួយចំនួន​ដែល​ពួកគេ​ទៅ​រៀន​នៅ​សាលា​អន្តរជាតិ​ឯកជន ប៉ុន្តែ​ពួកគេ​អត់​ចេះ​ភាសា​ខ្មែរ ចេះតែ​ភាសា​អង់គ្លេស ដូច្នេះ​បើ​គាត់​អត់​ចេះ​ភាសា​ខ្មែរ វា​នឹង​ក្លាយ​ជា​ឧបសគ្គ​មួយ​សម្រាប់​គាត់ នៅពេល​ចូលធ្វើ​ការងារ​នៅក្នុង​សង្គម​ខ្មែរ​»​។

លោក​ សុទ្ធិ ​បន្ថែម​ថា​៖ «​សម្រាប់​សាលា​អន្តរជាតិ​ឯកជន​ទាំងនោះ​គួរតែមាន​បង្រៀន​ជា​ភាសា​ខ្មែរ យ៉ាង​ហោចណាស់​សម្រាប់​កូនសិស្ស​ខ្មែរ​។ ពេលខ្លះ​ឪពុកម្តាយ​ចង់​ឲ្យ​កូន​របស់​ខ្លួន​ចេះ​ភាសា​អង់គ្លេស​ខ្លាំងពេក ធ្វើឲ្យ​ពួកគេ​គ្មាន​ឱកាស​រៀន​ភាសា​ខ្មែរ​។ ពួកគេ​អាច​ចេះ​និយាយ​ភាសា​ខ្មែរ ប៉ុន្តែ​សរសេរ​អត់​ត្រូវ អាន​អក្សរ​អត់​ដាច់ ថ្ងៃក្រោយ​វា​អាច​ប៉ះពាល់​ដល់​អត្តសញ្ញាណ​របស់​កូន​»៕