The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​អន្តរជាតិ វេសវីយូ កម្ពុជា រួម​បញ្ចូល​ការ​អប់រំ​ដែល​ល្អ​បំផុត​តាម​បែប​បស្ចិម​លោក ​និង​កម្ពុជា​ក្នុង​កម្មវិធី​សិក្សា​តែមួយ




សាលា​អន្តរជាតិ វេសវីយូ កម្ពុជា រួម​បញ្ចូល​ការ​អប់រំ​ដែល​ល្អ​បំផុត​តាម​បែប​បស្ចិម​លោក ​និង​កម្ពុជា​ក្នុង​កម្មវិធី​សិក្សា​តែមួយ

Content image - Phnom Penh Post
សាលាអន្តរជាតិ វេសវីយូ កម្ពុជា ពង្រីក​អគារសិក្សាថ្មីមួយ​បន្ថែម​ទៀត​នៅ​ក្បែរ​អគារ​បច្ចុប្បន្ន ដែល​គ្រោង​នឹង​បញ្ចប់​នៅ​មុន​ខែសីហា ឆ្នាំ ២០២១។

សាលា​អន្តរជាតិ វេសវីយូ កម្ពុជា រួម​បញ្ចូល​ការ​អប់រំ​ដែល​ល្អ​បំផុត​តាម​បែប​បស្ចិម​លោក ​និង​កម្ពុជា​ក្នុង​កម្មវិធី​សិក្សា​តែមួយ

ក្រោម​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ឧត្តមភាព​នៃ​ការ​អប់រំ​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ពាក់​កណ្តាល​ឆ្នាំ ​២០១៩ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ហើយ​បច្ចុប្បន្ន​បាន​រីក​ចម្រើន​រហូត​ដល់​ការ​ពង្រីក​ទៅ​អគារសិក្សា​ថ្មី​មួយ​ទៀត ដែល​នឹង​បើក​ដំណើរការ​នៅ​មុន​ខែ​សីហា​ឆ្នាំ​ក្រោយ​។

សាលា​អន្តរជាតិ​នេះ​ និង​សាលា​អន្តរជាតិ លើននីង ចាំងហ្គល ស្ថិត​នៅ​ក្នុង​ចំណោម​សាលា​ទាំង​ ២០ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ដំបូង​គេ​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ ​ក្នុង​ដំណាក់កាល​ទី​១ ​នា​ដើម​ខែ​សីហា។ ​លោក លី វីរៈ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា បាន​មាន​ប្រសាសន៍​ថា​ សាលា​នេះ បាន​នាំ​យក​កម្មវិធី​សិក្សា​ដែល​មាន​គុណភាព​ខ្ពស់​ស្តង់ដា​សហរដ្ឋ​អាមេរិក ដើម្បី​រៀបចំ​សិស្ស​ឱ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ជា​ពលរដ្ឋ​ដ៏​ជោគជ័យ​ទាំង​នៅ​ក្នុង​កម្រិត​តំបន់​ និង​ពិភព​លោក។

«​យើង​ផ្តល់​ជូន​ការ​អប់រំ​ថ្នាក់​មធ្យម​សិក្សា​ដែល​មាន​គុណភាព​ខ្ពស់​ ខណៈ ​[​សាលា​សម្រាប់​សិស្ស​តូច​] គឺ​សាលា​អន្តរជាតិ​ លើននីង ចាំងហ្គល ផ្តល់​ការ​អប់រំ​ចាប់​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថ្នាក់​បឋម​»​។ «​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា មាន​​កម្មវិធី​សិក្សា​ស្រប​តាម​ស្តង់ដា​អប់រំ​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ​គឺ American Common Core និង​កម្មវិធី​សិក្សា​ខ្មែរ​ដែល​មាន​រួម​បញ្ចូល​មុខ​វិជា្ជ​ភាសា​ខ្មែរ ប្រវត្តិសាស្ត្រ ភូមិវិទ្យា និង​វប្បធម៌​ជាដើម​។ រីឯ​កម្មវិធី​សិក្សា​បន្ថែម​មាន​ដូចជា ព័ត៌មានវិទ្យា ការ​អប់រំ​សុខភាព ការ​អប់រំ​កាយ សិល្បៈ និង​ភាសា​ចិន ​ដែល​ជា​ជម្រើស​បន្ថែម​ផងដែរ​»​។

លោក វីរៈ ថ្លែង​ដោយ​មោទនភាព​ថា​៖ «​បេសកកម្ម​របស់​យើង ​គឺ​ផ្តល់​ការ​អប់រំ​ដល់​យុវជន​កម្ពុជា​ឱ្យ​មាន​ទំនុក​ចិត្ត​ និង​សមត្ថភាព​កម្រិត​សកល ស្រប​ពេលដែល​ពួក​គេ​ប្រកាន់​ខ្ជាប់​នូវ​អត្តសញ្ញាណ និង​គុណតម្លៃ​វប្បធម៌​របស់​ខ្មែរ​។

Content image - Phnom Penh Post
លោក លី វីរៈ ប្រធាន​​ក្រុមប្រឹក្សា​ភិបាល​​នៃ​​សាលា​​អន្តរជាតិ វេស​វី​យូ កម្ពុជា។

ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ឪពុកម្តាយ​សុទ្ធ​តែ​មាន​ទំនុក​​ចិត្ត​មក​លើ​យើង ពី​ព្រោះ​ប្រតិបត្តិការ​​របស់​យើង​កន្លង​មក​មាន​ភាព​ច្បាស់​លាស់​ និង​ផ្តោត​លើ​គុណភាព​ជា​ចម្បង​។ ជាក់​ស្តែង ទោះបី​ជា​ក្នុង​អំឡុង​ពេល​បិទ​សាលា យើង​គឺ​ជា​សាលា​អន្តរជាតិ​ដំបូង​គេ​ដែល​បាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ ចំពោះ​ការ​បង្រៀន​តាម​អនឡាញ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

គ្រូ​បង្រៀន​ទាំង​ជនជាតិ​បរទេស​ និង​ខ្មែរ គឺ​សុទ្ធ​តែ​មាន​អាជ្ញាប័ណ្ណ​បង្រៀន លើ​មុខវិជ្ជា​បង្រៀន​របស់​ពួក​គេ​យ៉ាង​ជាក់​លាក់​។ យើង​ក៏​មាន​បុគ្គលិក​សិក្សា​​​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដែល​ពួក​គាត់​មាន​ការ​លះបង់​​ និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវាកម្ម និង​ការ​គាំទ្រ​ដល់​សិស្ស​គ្រប់​រូប ដើម្បី​ឱ្យ​ពួក​គេ​សម្រេច​បាន​នូវ​សក្តានុពល​ពេញ​លេញ​របស់​ពួក​គេ​»​។​ ​លោក​ក៏​បាន​រៀបរាប់​ពី​ប្រតិបត្តិការ​របស់​សាលា និង​ដំណើរ​ការសិក្សា​នៅ​ក្នុង​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ​ផង​ដែរ​។

នៅ​ក្នុង​ពេល​ផ្អាក​ដំណើរការ​សិក្សា​នៅ​ក្នុង​សាលា​ដំបូង សាលា​បាន​ទិញ​កុំព្យូទ័រ​ថ្មី និង​បាន​ដំឡើង​បន្ថែម​សេវា​អ៊ីនធើណិត​នៅ​សាលា និង​នៅ​ផ្ទះ​របស់​បុគ្គលិក​បរទេស​ និង​ខ្មែរ​គ្រប់​គ្នា​ក្នុង​ករណី​ដែល​​តម្រូវ​ឱ្យ​ត្រូវ​ធ្វើ​ការ​ពី​ផ្ទះ​។ ការ​សិក្សា​តាម​អនឡាញ​របស់​យើង​ គឺ​មាន​បង្រៀន​តាម​កម្មវិធី live zoom ប្រមាណ​ ៤ ​ទៅ​ ៥ ដង​​ ​ក្នុង ​១ ថ្ងៃ ហើយ​ក្នុង​ម្តង​មាន​រយៈពេល​យ៉ាង​តិច​ ៤៥ នាទី​។

សាលា​ក៏​បាន​ទិញ​កម្មវិធី​សិក្សា​តាម​អនឡាញ​ថ្មីៗ​បន្ថែម ដើម្បី​លើ​កកម្ពស់​ការ​សិក្សា​របស់​សិស្ស​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​មាន​ដូចជា​កម្មវិធី​សិក្សា​គណិតវិទ្យា វិទ្យាសាស្ត្រ និង​កម្មវិធី​អាន ដើម្បី​អនុញ្ញាត​ឱ្យ​សិស្ស​រៀន​នូវ​ប្រធានបទ​ទាំង​នោះ​ពោ​រពេញ​ដោយ​ភាព​រីករាយ​។

យ៉ាង​ណា​មិញ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កម្មវិធី​សិក្សា​របស់​សាលា​បាន​រួម​បញ្ចូល​កម្មវិធី​សិក្សា​តាម​អនឡាញ​តាំង​តែ​ពី​មុន​ពេល​ជំងឺ​កូវីដ ១៩ ផ្ទុះ​ឡើង​មក​ម្ល៉េះ ហើយ​សិស្សានុសិស្ស​របស់​យើង​ធ្លាប់​បាន​ធ្វើ​កិច្ចការ​សាលា​តាម​កម្មវិធី​អនឡាញ​ដែល​មាន​ស្រាប់​រួច​មក​ហើយ​។

Content image - Phnom Penh Post
សាលាអន្តរជាតិ វេសវីយូ កម្ពុជា ផ្តោតសំខាន់លើមុខវិជ្ជា STEM។

នេះ ​គឺ​ជា​មូលដ្ឋានគ្រឹះ​ដែល​ធ្វើ​ឱ្យ​ការ​បង្រៀន​តាម​អនឡាញ​របស់​យើង​ទទួល​បាន​ជោគជ័យ​។ ​លោក​ វីរៈ​ ថ្លែង​បន្តថា​៖ «​លើស​ពី​នេះ​ទៀត អ្វី​ដែល​ធ្វើ​ឱ្យ​យើង​ពិសេស​ប្លែក​​ពី​សាលា​ដទៃ​ គឺ​យើង​មាន​ក្រុម​ការងារ ​បុគ្គលិក​​សិក្សា ​និង​បុគ្គលិក​ផ្តល់​ព័ត៌មាន​ដែល​ខិតខំ​បំពេញ​ការងារ​យ៉ាង​ខ្លាំង​ក្លា សូម្បី​តែ​ក្រៅ​ម៉ោង​ធ្វើ​ការ​ធម្មតា​។

យើង​បាន​បង្កើត telegram ១ ​ទល់​នឹង​ ១ ជាមួយ​នឹង​ឪពុក​ម្តាយ​ និង​សិស្ស​ម្នាក់ៗ​សម្រាប់​គាំទ្រ​ពួកគេ​លើ​បញ្ហា​បច្ចេកទេស ពន្យល់​មេរៀន​ និង​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​សិស្ស ដើម្បី​ឱ្យ​ពួក​គាត់​អាច​សម្រប​ខ្លួន​ទៅ​នឹង​កម្មវិធី​សិក្សា​ថ្មី និង​មាន​ភាព​ឯករាជ្យ​ក្នុង​ការ​សិក្សា​។ នេះ​ គឺ​ជា​កត្តា​ជំរុញ​បន្ថែម​ដែល​ធ្វើ​ឱ្យ​កម្មវិធី​សិក្សា​តាម​អនឡាញ​របស់​យើង​ទទួល​ជោគជ័យ​ផង​ដែរ​»​។

ជា​ចុងក្រោយ លោក វីរៈ បាន​មាន​ប្រសាសន៍​ជា​រួម​ថា​៖ «​គោល​បំណង​របស់​​យើង ​គឺ​ធ្វើ​ឱ្យ​សិស្ស​របស់​យើង​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​ពិភព​លោក​ដែល​កំពុង​ផ្លាស់ប្តូរ​នា​ពេល​​បច្ចុប្បន្ន ខណៈ​ដែល​ពួក​គាត់​អាច​រក្សា​បាន​នូវ​គុណ​តម្លៃ​វប្បធម៌​របស់​ខ្លួន និង​មាន​មោទនភាព​ជា​ជនជាតិ​ខ្មែរ​»៕

អត្ថបទគួរចាប់អារម្មណ៍