សាលាអន្តរជាតិថ្មីមួយកំពុងត្រៀមខ្លួនចូលក្នុងវិស័យសាលាអន្តរជាតិនៅកម្ពុជា ដែលនឹងនាំមកនូវកម្មវិធីសិក្សាប្រកបដោយគុណភាពខ្ពស់។
សាលាអន្តរជាតិ Invictus ដែលត្រូវបានបង្កើតឡើងនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១៥ ដោយសហគ្រិនបច្ចេកវិទ្យាអាហ្វ្រិកខាងត្បូង លោក John Fearon ដើម្បីផ្តល់ការអប់រំកម្រិតខ្ពស់ជាមួយតម្លៃសមរម្យនឹងបើកដំណើរការក្នុងរាជធានីភ្នំពេញនៅខែមីនាខាងមុខ ជាមួយនឹងតម្លៃ ៨ ០០០ ដុល្លារ ក្នុង ១ ឆ្នាំ។
សាលាអន្តរជាតិនេះនឹងផ្តោតសំខាន់លើការអប់រំគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍអត្តចរិតដោយផ្តោតជាពិសេសលើភាពជាអ្នកដឹកនាំ ការបង្រៀនពហុភាសា និងកម្មវិធី សិក្សាគណិតវិទ្យាស្តង់ដារបស់ប្រទេសសិង្ហបុរី ដើម្បីធានាថា សិស្សដែលបញ្ចប់ការសិក្សានឹងមានចំណេះដឹង និងជំនាញច្បាស់លាស់ និងមានជម្រើសច្រើនដើម្បីបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា។
សាលាអន្តរជាតិ Invictus កំពុងស្ថិតនៅក្នុងដំណាក់កាលពង្រីកសាខារបស់ខ្លួនទៅកាន់ប្រទេសដទៃបន្ទាប់ពីភាពជោគជ័យនៅក្នុងប្រទេសសិង្ហបុរី និងទទួលបានការផ្តល់អនុសាសន៍គាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
សាខានៅកម្ពុជានេះគឺបើកដំណើរការស្របជាមួយសាខាថ្មី ២ ផ្សេងទៀតនៅទីក្រុងហុងកុង ហើយក៏មានផែនការនាំយកការអប់រំលំដាប់ខ្ពស់របស់សាលា Invictus ទៅកាន់ប្រទេសថៃផងដែរ។
គណៈគ្រប់គ្រងនៅសាលា Invictus សុទ្ធតែមានបទពិសោធខ្ពស់ដោយមួយចំនួនបានបម្រើការងារនៅក្រសួងអប់រំសិង្ហបុរីទៀតផង។
ក្នុងនោះលោកស្រី Cecilia Ng ដែលជានាយិកាសាលា លោកស្រីបានរៀបរាប់ថា ចំណូលចិត្តរបស់លោកស្រីគឺការអប់រំ ហើយលោកស្រីពិតជារំភើបណាស់ដែលបានក្លាយជាថ្នាក់ដឹកនាំរបស់សាលាអន្តរជាតិ Invictus នៅទីក្រុងភ្នំពេញ។
«ការបង្រៀនគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយវាគឺជាការងារតែមួយគត់ដែលខ្ញុំបានធ្វើគឺជាគ្រូបង្រៀន រហូតដល់ក្លាយជានាយិការង ហើយបន្ទាប់មកជានាយិកាសាលានៅក្នុងក្រសួងអប់រំរបស់ប្រទេសសិង្ហបុរី»។
លោកស្រី Ng មានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានមកកាន់ប្រទេសកម្ពុជា។ ខ្ញុំចង់ធ្វើឱ្យមានការខុសប្លែក ដោយផ្តល់នូវជំនាញចាំបាច់ ដូច្នេះ [សិស្ស] អាចចូលរួមចំណែកក្នុងការអភិវឌ្ឍ និងភាពជោគជ័យរបស់ប្រទេសកម្ពុជា»។
នាយិកាដែលមានបទពិសោធរយៈពេល ៣០ ឆ្នាំរូបនេះ បានបន្តថាការសិក្សា ៣ ភាសា គឺភាសាអង់គ្លេស ខ្មែរ និងចិននឹងក្លាយជាចំណុចពិសេសរបស់សាលាអន្តរជាតិ Invictus ។
«ជាមួយនឹងសកលភាវូបនីយកម្ម វាមានសារៈសំខាន់ណាស់ដែលយើងបង្កើនសមត្ថភាព ពហុភាសាដល់សិស្សរបស់យើងដោយយើងដឹងថាការចេះច្រើនភាសានឹងផ្តល់ឱ្យពួកគេនូវការប្រកួតប្រជែងច្រើន។ ការចេះច្រើនជាង ១ ភាសាជួយបង្កើនការយល់ដឹង និងការប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនទៀត។
លោកស្រី Ng បន្ថែមថា៖ « ការស្រាវជ្រាវជាច្រើនបានបង្ហាញថា កុមារអាចរៀនភាសាផ្សេងៗបានយ៉ាងឆាប់រហ័ស និងងាយចេះ។ ការរៀនសូត្រច្រើនភាសាគួរតែចាប់ផ្តើមនៅវ័យក្មេង ដូច្នេះហើយទើបសាលាអន្តរជាតិ Invictus មានកម្មវិធីបង្រៀនកុមាររហូតដល់ ៣ ភាសា។
ទស្សនៈរបស់សាលាអន្តរជាតិ Invictus គឺផ្តល់ឲ្យសិស្សនូវការអប់រំគ្រប់ជ្រុងជ្រោយទាំងផ្នែកកម្មវិធីសិក្សា និងក្រៅកម្មវិធីសិក្សា។
«ការសិក្សាគ្រប់ជ្រុងជ្រោយនៅក្នុងថ្នាក់រៀនគឺផ្តោតលើមុខវិជ្ជាបន្ទាប់មកគឺអនុវត្តតាមរយៈបទពិសោធ ការពិភាក្សា ធ្វើកិច្ចការជាក្រុម និងការសិក្សាជាក់ស្តែង»។
«ការអភិវឌ្ឍអត្តចរិកក៏ជាផ្នែកសំខាន់មួយនៃកម្មវិធីសិក្សារបស់យើងផងដែរ ពីព្រោះយើងជឿជាក់យ៉ាងមុតមាំថា គុណតម្លៃការអប់រំខ្ពស់ និងប្រាជ្ញាទាំង ២ ត្រូវតែមានតុល្យភាព»។
លោកស្រីលើកឡើងថា៖ «ចំពោះភាពជាអ្នកដឹកនាំ ក៏ជាផ្នែកមួយដែលយើងនឹងផ្តោតជាសំខាន់ផងដែរ ពីព្រោះយើងជឿជាក់ថា «កុមារគ្រប់រូប គឺជាអ្នកដឹកនាំ»។
កម្មវិធីសិក្សារបស់យើងធានាថាឱកាសទាំងនោះនឹងត្រូវបានផ្តល់ដល់កុមារគ្រប់រូបដើម្បីអភិវឌ្ឍជំនាញជីវិតដូច្នេះពួកគេនឹងមានទំនុកចិត្ត និងអាចប្រាស្រ័យទាក់ទងបានល្អជាមួយសហគមន៍។
អ្នកដឹកនាំពិតប្រាកដគឺជាអ្នកដែលមានចក្ខុវិស័យ សុទិដ្ឋិនិយម ចេះសម្របខ្លួន មានទំនុកចិត្ត មានការសម្រេចចិត្ត និងមានជំនាញទំនាក់ទំនងរឹងមាំ» ។
លោកស្រីក៏លើកឡើងផងដែរថា៖ «ចំពោះជំនាញកុំព្យូទ័រក៏មានបង្រៀននៅក្នុងកម្មវិធីសិក្សារបស់យើងដែរ។ យើងមានគម្រោងបង្រៀនជំនាញសរសេរកូដ និងជំនាញទាក់ទងនឹងព័ត៌មានវិទ្យា»។
ទាំងអស់នេះមានន័យថា សិស្សនៅពេលចាកចេញពីសាលា Invictus ពួកគេមានចំណេះដឹង និងលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរៀននៅសាកលវិទ្យាល័យ និងជំនាញផ្សេងៗដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត។
លោកស្រី Ng ថ្លែងថា៖« យើងចង់ឲ្យសិស្សដែលបញ្ចប់ការសិក្សាជាមួយយើងក្លាយអ្នកដឹកនាំប្រកបដោយទំនុកចិត្តជាមួយនឹងទស្សនវិស័យសកលជាមួយនឹងជំនាញរឹងមាំ ដែលអាចបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៃជម្រើសរបស់ពួកគេ ហើយជំនាញទន់អាចផ្តល់ឥទ្ធិពលជាវិជ្ជមានដល់មនុស្សជុំវិញខ្លួន និងដឹកនាំពួកគេដោយក្តីស្រឡាញ់ និងការពេញចិត្ត៕
សម្រាប់ព័ត៌មានលម្អិត
http://www.cambodia.invictus.school
http://www.facebook.com/invictusintlschoolcambodia