The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាហារូបករណ៍​អូស្ត្រាលី ​វិនិយោគ​លើ​ប្រជាជន​កម្ពុជា




អាហារូបករណ៍​អូស្ត្រាលី ​វិនិយោគ​លើ​ប្រជាជន​កម្ពុជា

Content image - Phnom Penh Post
និស្សិត​កម្ពុជា​ជិត​ ២៥០០ ​នាក់​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​នៅ​អូស្ត្រាលី​។

អាហារូបករណ៍​អូស្ត្រាលី ​វិនិយោគ​លើ​ប្រជាជន​កម្ពុជា

ចាប់ផ្តើម​ជាមួយ​និស្សិត​កម្ពុជា​ដែល​បាន​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្រោម​គម្រោង​កូឡុំបូ​ក្នុង​ឆ្នាំ​ ១៩៥០ អាហារូបករណ៍​របស់​រដ្ឋាភិបាល​អូស្ត្រាលី​គឺជា​ផ្នែក​មួយ​ដ៏សំខាន់ និង​យូរអង្វែង​នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​អូស្ត្រាលី​ជាមួយ​ប្រទេស​កម្ពុជា​។ កម្មវិធី​អាហារូបករណ៍​អូស្ត្រាលី​បន្ត​កេរដំណែល​ដល់​ថ្ងៃនេះ​។

អស់​រយៈពេល​ជាង ២៥ ​ឆ្នាំ​កម្មវិធី​អាហារូបករណ៍​អូស្ត្រាលី​បានផ្តល់​ឱកាស​អប់រំ​នៅ​កម្រិត​ក្រោយ​ឧត្តម​ដល់​ប្រជាជន​កម្ពុជា​ដែលមាន​ទេពកោសល្យ​។ និស្សិត​កម្ពុជា​ជិត ៨៥០ នាក់​បាន​បន្ត​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្រោម​កម្មវិធី​នេះ​។

អតីត​និស្សិត​អាហារូបករណ៍​អូស្ត្រាលី​ដែល​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​ឥឡូវនេះ​កំពុង​ប្រើប្រាស់​បទពិសោធ និង​ជំនាញ​ដែល​ទទួលបាន​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​ជំរុញ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​លោក Pablo Kang មាន ប្រសាសន៍ថា​៖ «​អតីត​និស្សិត​អូស្ត្រាលី​កំពុង​ធ្វើ​គោលនយោបាយ ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច កសាង​ទំនាក់ទំនង ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ពង្រឹង​ស្ថាប័ន​សុខាភិបាល​នៅ​កម្ពុជា​» ។

Content image - Phnom Penh Post

ឧទាហរណ៏​មួយ​នៃ​អតីត​និស្សិត​អាហារូបករណ៍​អូស្ត្រាលី​ដែល​ចូលរួម​ចំណែក​ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្ថានការណ៍​រាតត្បាត​កូវីដ​១៩ គឺ លោកស្រី អេង ឡេងស៊ា ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ Western Australia ។ បន្ទាប់ពី​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​ ២០១៨ ឡេងស៊ា បាន​ក្លាយជា​ជំនួយការ​ប្រធាន​មន្ទីរពិសោធន៍​វិនិច្ឆ័យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​។

ឡេងស៊ា ​គ្រប់គ្រង​មុខងារ​មន្ទីរ​ពិសោធន៍​ជាច្រើន​ដែលមាន​សារៈសំខាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ ។ លោកស្រី ឡេងស៊ា ទទួលស្គាល់​ថា ជំនាញ និង​ចំណេះដឹង​ដែល​លោកស្រី​ទទួល​បាន​តាមរយៈ​អាហារូបករណ៍​អូស្ត្រាលី​ជួយ​ឱ្យ​លោកស្រី​ធ្វើការ​ស្រាវជ្រាវ ជំងឺ​រាតត្បាត​ប្រភេទ​កូវីដ​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​។

ដោយសារ​តែ​លទ្ធផល​សិក្សា​លេចធ្លោ​ក្នុងអំឡុងពេល​អាហារូបករណ៍​អូស្ត្រាលី ឡេងស៊ា ថ្មីៗ​នេះ​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ Curtin, Perth, Western Australia ។

រឿងរ៉ាវ​របស់ ឡេងស៊ា គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​កម្មវិធី​អូស្ការ​អូស្ត្រាលី​កំពុង​ជួយ​វិស័យ​សុខាភិបាល​កម្ពុជា​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​នេះ និង​របៀប​ដែល​កម្មវិធី​នេះ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ពិតប្រាកដ​នៅក្នុង​ជីវិត​របស់​ប្រជាជន​កម្ពុជា​។ ការសម្រេចចិត្ត​របស់​លោកស្រី​ឡេងស៊ា​ក្នុងការ​ពន្យារពេល​ការចាប់ផ្តើម​អាហារូបករណ៍​របស់លោក​ស្រី​ដោយសារ​កាលៈទេសៈ​ជុំវិញ​ជំងឺ​កូវីដ​១៩ និង​បាន​ផ្តល់ឱកាស​ឱ្យ​លោកស្រី​ជួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​រោគ​រាតត្បាត​នេះ​នៅ​កម្ពុជា​។

លោក Kang បាន​បន្ថែមថា បច្ចុប្បន្ន​នេះ​មាន​និស្សិត​កម្ពុជា​ជិត ២៥០០ នាក់​កំពុងតែ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ផ្សេងៗ​នៅ​ប្រទេស​អូស្ត្រាលី​តួលេខ​នេះ​បាន​កើនឡើង​ ១៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប្រទេស​អូស្ដ្រាលី​នៅតែ​ជា​ទិសដៅ​ទី​ ១ ​សម្រាប់​និស្សិត​កម្ពុជា​ដែល​ចង់ទៅ​សិក្សា​នៅ​ប្រទេស​និយាយ​ភាសា​អង់គ្លេស​ដោយ​បង់លុយ​ដោយ​ខ្លួនឯង​។

លោក Kang បន្ថែមថា​៖ «​ទំនាក់ទំនង​របស់​ប្រទេស​អូស្ត្រាលី​ជាមួយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បង្កើតឡើង​ដោយ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​ប្រទេស​ទាំង​ ២ ​ជាច្រើន​ជំនាន់ ហើយ​ទំនាក់ទំនង​នេះ​ក៏​កាន់​តែមាន​ភាពរឹងមាំ​ជាង​ពេល មុន​ដោយសារ​ការផ្លាស់ប្តូរ​ការសិក្សា​» ។

អាហារូបករណ៍​អូស្ត្រាលី​បាន​ពន្យារពេល​នៃ​ការដាក់​ពាក្យសុំ​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ដើម្បី​បន្ធូរបន្ថយ​បន្ទុក​ដល់​អ្នកដាក់ពាក្យ​ទាំងឡាយ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩៕

អត្ថបទគួរចាប់អារម្មណ៍