
សាលា Invictus មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។
ខណៈសាលារៀននៅកម្ពុជាកំពុងរៀបចំដំណើរការបើកឡើងវិញជាបណ្តើរៗ លោក Clive Swale នាយកសាលាអន្តរជាតិ Invictus ភ្នំពេញ បានផ្តល់បទសម្ភាស ជាមួយភ្នំពេញ ប៉ុស្តិ៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី មួយនេះ ក្នុងការនាំយកការអប់រំដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានសុវត្ថិភាពមកកាន់ព្រះរាជាណាចក្រកម្ពុជា។
តើលោកអាចជម្រាបយើងបន្ថែមអំពីសាលាអន្តរជាតិ Invictus បានដែរឬទេ?
សាលាអន្តរជាតិ Invictus បានខិតខំយ៉ាងខ្លាំង ដើម្បីផ្តល់នូវការអប់រំគុណភាពខ្ពស់ស្តង់ដាអន្តរជាតិជាមួយតម្លៃសមរម្យ នៅចំកណ្តាលរាជធានីភ្នំពេញ។ ពីដំបូងយើងចាប់ផ្តើមនៅប្រទេសសិង្ហបុរី ហើយសាលា Invictus បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សជាសាលារៀនអន្តរជាតិឈានមុខគេមួយនៅសិង្ហបុរី ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ ដែលទទួលបាននៅក្នុងការវាយតម្លៃសាលាអន្តរជាតិ (ISA) កាលពីពេលថ្មីៗនេះ សម្រាប់សិស្សថ្នាក់ទី ៣ និងទី ៦ របស់យើង។
បច្ចុប្បន្នសាលា Invictus មាន ៦ សាខានៅទូទាំងទ្វីបអាស៊ី ក្នុងនោះក៏មានកម្មវិធី «Invictus Family» ជាកម្មវិធីសិក្សាតាមអនឡាញលក្ខណៈអន្តរជាតិ ដែលអាចសិក្សាបាននៅទូទាំងទ្វីបអាស៊ី។
តើអ្វីទៅដែលធ្វើឲ្យសាលា Invictus ពិសេសជាងសាលាអន្តរជាតិដទៃទៀតនៅក្នុងប្រទេសកម្ពុជា?
សាលា Invictus គឺពិសេសប្លែកពីគេចំពោះការផ្តល់ជូនកម្មវិធីសិក្សាអន្តរជាតិដែលមានភាពដ៏ទូលំទូលាយ លើសពីនេះ គឺមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ និងមានតម្លៃសមរម្យ។ យើងផ្តល់ជូនការអប់រំចាប់ពីឆ្នាំទី១ រហូតដល់ឆ្នាំទី១៣ ក្នុងនោះរួមមានមុខវិទ្យាគណិតវិទ្យាស្តង់ដាសិង្ហបុរី ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក៏ដូចជម្រើសភាសា គឺយើងមានភាសាអង់គ្លេស/ចិន និងភាសាបារាំង។ ទាំងអស់នេះ គឺមានតម្លៃសមរម្យ ឧទាហរណ៍យើងមិនគិតថ្លៃ capital fees ប្រចាំឆ្នាំ ដូចសាលាអន្តរជាតិដទៃទេ។
លើសពីនេះទៀត យើងផ្តល់ឲ្យសិស្សរបស់យើងនូវ «ការផ្ទេរដោយគ្មានឧបសគ្គ» ទៅកាន់សាខារបស់យើងនៅសិង្ហបុរី និងហុងកុងសម្រាប់កន្លែងទំនេរ និងផ្តល់ទិដ្ឋាការដោយរដ្ឋាភិបាលមូលដ្ឋាន។ ចំណុចនេះធ្វើឱ្យសិស្សរបស់យើងអាចបន្តការសិក្សារបស់ពួកគេដោយគ្មានរអាក់រអួល ប្រសិនបើឪពុកម្តាយរបស់ពួកគេត្រូវផ្លាស់ទីលំនៅទៅកាន់ប្រទេសទាំងនោះ។
តើលោកអាចរៀបរាប់អំពីផែនការបើកដំណើរការសាលា Invictus ភ្នំពេញ នៅខែសីហា បានដែរឬទេ?
សាលាគ្រោងនឹងបើកសម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅក្នុងខែសីហា។ ការជួសជុល និងកែលម្អកំពុងបន្តដំណើរការទៅយ៉ាងរលូន ទោះបីប្រឈមនឹងការពន្យារពេលខ្លះៗ ដោយសារបញ្ហាកូវីដ ១៩ ក្តី ប៉ុន្តែសាលាយើងនឹងបើកដំណើរធម្មតាតាមការគ្រោងទុក។
បច្ចុប្បន្នមានភាពមិនច្បាស់លាស់មួយចំនួនចោទឡើងថា តើសាលាអន្តរជាតិនៅកម្ពុជាអាចបើកដំណើរការវិញជាធម្មតាបាននៅពេលណា ? ប៉ុន្តែសាលា Invictus បានដាក់ពាក្យស្នើសុំការអនុញ្ញាត ដើម្បីដំណើរការសាលារួចហើយ។ ក្នុងករណីដែលយើងមិនអាចបើកបាននៅក្នុងខែ សីហាតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល នោះសាលាយើងនៅតែអនុវត្តការបង្រៀនតាមអនឡាញ ដែលជាវិធានការបណ្តោះអាសន្ន។

លោក Clive Swale នាយកសាលាអន្តរជាតិ Invictus ភ្នំពេញ ។
តើអ្វីជាវិធីសាស្ត្ររបស់សាលា Invictus នៅពេលនិយាយដល់ការបង្រៀនតាមអនឡាញ?
វិធីសាស្ត្ររបស់យើង គឺធ្វើតាមរបៀបដែលយើងបង្រៀននៅក្នុងថ្នាក់រៀន។ នេះក៏ជាវិធីសាស្ត្រមួយសម្រាប់កម្មវិធី Invictus Family ដែរ និងដូចការបង្រៀននៅផ្ទះរបស់យើង។ លើសពីការបង្រៀនតាមអនឡាញដទៃទៀត យើងផ្តល់ការបង្រៀន (បន្តផ្ទាល់) សម្រាប់កាលវិភាគភាគច្រើន។
វេទិកាជាច្រើនពឹងផ្អែកយ៉ាងខ្លាំងទៅលើការបង្រៀនតាម Asynchronous (តាមតម្រូវការ) ដែលដកចេញនូវការប្រាស្រ័យទាក់ទងផ្ទាល់តាមការផ្សាយបន្តផ្ទាល់ ដែលយើងគិតថា វាសំខាន់ណាស់។ យើងបានវិនិយោគលើវេទិកាបង្រៀន និងឧបករណ៍សិក្សា ដែលធ្វើឲ្យយើងផ្តល់នូវបរិយាកាស និងបទពិសោធសិក្សាដ៏ល្អសម្រាប់ទាំងសិស្ស និងគ្រូ។ ប៉ុន្តែម៉ោងសិក្សា និងមាតិកា គឺដូចគ្នា។
តើលោកអាចប្រាប់ខ្ញុំអំពីការបញ្ចុះតម្លៃសម្រាប់ការចុះឈ្មោះដំបូង (Early Bird) បានទេ? តើថ្លៃបង់សាលាសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សាមានចំនួនប៉ុន្មាន?
តាមចំនួនកំណត់ សិស្សចុះឈ្មោះចូលរៀន ១០០ នាក់ដំបូង សម្រាប់ថ្នាក់បឋមសិក្សានៅរាជធានីភ្នំពេញ យើងផ្តល់ការបញ្ចុះតម្លៃពិសេសត្រឹមតែ ៥ ០០០ ដុល្លារប៉ុណ្ណោះ ក្នុង ១ ឆ្នាំ ហើយសិស្ស ៥០ នាក់ដំបូង ដែលចុះឈ្មោះចូលរៀនសម្រាប់ថ្នាក់អនុវិទ្យាល័យយើងបញ្ចុះតម្លៃមកនៅត្រឹម ៥ ៥០០ ដុល្លារប៉ុណ្ណោះ ក្នុង ១ ឆ្នាំ។ តម្លៃពិសេសនេះ គឺសម្រាប់តែឆ្នាំសិក្សា ២០២០-២០២១ និង២០២១-២០២២ ប៉ុណ្ណោះ ចំពោះតម្លៃធម្មតារបស់យើងគឺ ៨ ០០០ ដុល្លារ ក្នុង ១ ឆ្នាំ។
តើលោកផ្តល់អ្វីខ្លះសម្រាប់ថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ?
សម្រាប់ថ្នាក់បឋមសិក្សាយើងផ្តល់កម្មវិធីសិក្សាថ្នាក់បឋមសិក្សាអន្តរជាតិ (IPC)។ IPC ប្រកាន់យកវិធីសាស្ត្រសកល ដែលមានគោលដៅសិក្សាជាក់លាក់លើគ្រប់មុខវិជ្ជាទាំងអស់សម្រាប់ការសិក្សាផ្ទាល់ខ្លួន និងសម្រាប់ទស្សនៈលក្ខណៈអន្តរជាតិ។ វាផ្អែកលើកម្មវិធីសិក្សាជាតិរបស់ចក្រភពអង់គ្លេស រួមបញ្ចូលជាមួយគណិតវិទ្យាស្តង់ដាសិង្ហបុរី។
ទិដ្ឋភាពពិសេសមួយទៀតដែលយើងបានណែនាំ គឺឱកាសសម្រាប់សិស្សក្នុងការជ្រើសរើស ភាសាចិន ឬភាសាបារាំង ជាភាសាទី២ ហើយភាសាខ្មែរជាជម្រើសទី៣ សម្រាប់សិស្ស។ នៅកម្រិតអនុវិទ្យាល័យយើងនឹងប្រើប្រាស់កម្មវិធីសិក្សាខេមប្រ៊ីដអន្តរជាតិ។ នៅឆ្នាំទី៩ សិស្សនឹងទទួលការវាយតម្លៃ ខេមប្រ៊ីដ មុនពេលផ្លាស់ទៅខេមប្រ៊ីដ IGCSE (កំរិត O) ហើយចុងក្រោយខេមប្រ៊ីដកម្រិត A។
តើសាលាដ៏ជោគជ័យរបស់លោកនៅប្រទេសសិង្ហបុរី និងហុងកុង សម្របខ្លួនដូចម្តេច ចំពោះវិបត្តិកូវីដ ១៩ ដែលមិនធ្លាប់មាននេះ?
សាលារៀនរបស់យើងនៅសិង្ហបុរី និងហុងកុងត្រូវបានបិទទ្វារ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩។ ប៉ុន្តែយើងបានសម្របខ្លួនទៅនឹងស្ថានការណ៍នេះបានយ៉ាងឆាប់រហ័ស ដោយប្តូរទៅបង្រៀនតាមអនឡាញវិញ ដើម្បីធានាបាននូវការបន្តការសិក្សាសម្រាប់សិស្សរបស់យើង។ លើសពីនេះទៀត យើងអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលក្នុងតំបន់យ៉ាងតឹងរ៉ឹង ដើម្បីធានាឱ្យបាននូវការបើកសាលាឡើងវិញ ដែលមានសុវត្ថិភាព និងដោយរលូន។
តើលោកទំនាក់ទំនងជាមួយសិស្ស និងឪពុកម្តាយក្នុងពេលនេះយ៉ាងដូចម្តេច?
យើងភ្ជាប់ទំនាក់ទំនងជាមួយឪពុកម្តាយ និងសិស្សតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាព្រឹត្តិការណ៍នានានៅក្នុងរាជធានីភ្នំពេញ។
តើលោកមានសុទិដ្ឋិនិយមបែបណាសម្រាប់អនាគតរយៈពេលខ្លី មធ្យម និងវែង?
Invictus មានន័យថា «អង់អាច» ហើយការរំខានពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ កាន់តែជួយពង្រឹងបេសកកម្មរបស់យើងក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និងតម្លៃសមរម្យនៅក្នុងទីក្រុងភ្នំពេញ។ វិធីសាស្ត្របង្រៀនរបស់យើង គឺតាមរបៀបច្នៃប្រឌិត និងលើកទឹកចិត្តឲ្យសិស្សក្លាយជាអ្នកសិក្សាពេញ ១ ជីវិត ដែលរួមចំណែកជាវិជ្ជមានសម្រាប់ថ្ងៃអនាគត។
វិធីសាស្ត្រនេះជំរុញឱ្យយើងវិវឌ្ឍ និងសម្របខ្លួននៅក្នុងគ្រាដ៏លំបាកទាំងនេះ ដោយមានជំនួយ និងការលះបង់ពីគ្រូបង្រៀនរបស់យើង និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
យើងជឿជាក់ថា ឪពុកម្តាយដែលខ្វល់ខ្វាយពីអនាគតកូនចៅរបស់ពួកគេនឹងសម្លឹងឃើញសាលាអន្តរជាតិមួយនេះ ដែលមានទាំងគុណភាពស្តង់ដាអន្តរជាតិ និងតម្លៃសមរម្យ ដែលជាធម្មតាសម្រាប់សាលាដែលមានគុណភាពខ្ពស់ និងទីតាំងល្អ គឺមានតម្លៃថ្លៃ។ ការអប់រំ គឺជាការវិនិយោគរយៈពេលវែង។ ការប្តេជ្ញាចិត្តឥតងាករេរបស់យើងក្នុងការផ្តល់ការអប់រំគុណភាពស្តង់ដាអន្តរជាតិ នឹងធានាបាននូវភាពជោគជ័យរបស់យើងរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័ររបស់យើង www.invictus.com.kh ឬទូរស័ព្ទ +៨៥៥ (០) ៩២២២២៨៦៨