ភ្នំពេញ៖ ​ប្រតិភូ​កីឡាករ​កម្ពុជា ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣០ ​នៅ​ប្រទេស ​ហ្វីលីពីន ​ហើយ​ដោយ​ឈ្នះ​បាន​ត្រឹម​មេដាយ​មាស ​៤ ​ប៉ុណ្ណោះ ខណៈ​ក្រុម​ចំបាប់​មិន​អាច​បង្ហាញ​ភាព​ខ្លាំង​ក្នុង​ការ​រក​ឲ្យ​បាន​មេដាយ​មាស​បន្ថែម ដូច​ការ​បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ស៊ីហ្គេម នៅ​ប្រទេស ​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ ​២០១៣ នោះ។

សម្រាប់​ការ​ប្រកួត​ថ្ងៃ​ចុង​ក្រោយ​កាល​ពី​ម្សិល​មិញ​នេះ ​ទាំង​ម្ចាស់​មេដាយ​មាស ​៣ ​ជំនាន់ ឌន សៅ ដែល​ប្រកួត​ក្នុង​ទម្ងន់ ​១២៥ ​គ.ក្រ រួម​ទាំង​កីឡាករ​ទម្ងន់ ​៦១ គីឡូក្រាម យ៉ុន បូណា កីឡាករ​ទម្ងន់ ​៦៥ ​គីឡូក្រាម ជន់ ធួន និង​កីឡាករ​ សឿន សំភាស់ ដែល​ប្រកួត​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម សុទ្ធ​តែ​បាន​ចាញ់​នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​បាន​ឈ្នះ​ត្រឹម​មេដាយ​​សំរឹទ្ធ​ដូច​គ្នា​នោះ។ ចំណែក​កីឡាករ ឆាំង ពិសិដ្ឋ និង​កីឡាការិនី ឌន ស្រស់ និង ជា កញ្ញា មិន​ដណ្តើម​បាន​មេដាយ​ទេ។

តាមរយៈ​លទ្ធផល​ដែល​ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ​​នេះ គឺ​ក្រុម​ចំបាប់​កម្ពុជា​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​សរុប​ចំនួន ​៥ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ ហើយ​លទ្ធផល​នេះ​ វា​បាន​បង្ហាញ​ពី​ការ​ថមថយ​នូវ​គុណភាព​របស់​ចំបាប់​កម្ពុជា បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ស៊ីហ្គេម នៅ​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ ​២០១៣ ដោយ​កាល​នោះ​​ក្រុម​ចំបាប់​កម្ពុជា​ឈ្នះ​បាន​មេដាយ​មាស ​៤ ប្រាក់ ​២ និង​សំរឹទ្ធ ៤។​

ជុំវិញ​បញ្ហា​នេះ លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​ហ្វេសប៊ុក​ពី​ប្រទេស ​ហ្វីលីពីន ​មក​ថា៖ ​«សម្រាប់​យើង ការ​ចូល​រួម​ស៊ីហ្គេម​លើក​នេះ យើង​រៀបចំ​បាន​ល្អ ប៉ុន្តែ​យើង​បាន​ខកខាន​ចូលរួម​ប្រកួត​ស៊ីហ្គេម​នេះ ២ ​លើក​មក​ហើយ គឺ​នៅ​សិង្ហបុរី ឆ្នាំ ​២០១៥ និង​ម៉ាឡេស៊ី ឆ្នាំ ​២០១៧ អ៊ីចឹង​ធ្វើ​ឲ្យ​កម្រិត​បច្ចេកទេស​​របស់​យើង​រាង​ធ្លាក់​ជាង​មុន ស្រប​ពេល​ដែល​ចំបាប់​របស់​សិង្ហបុរី និង​ថៃ នៅ​ពេល​នេះ​គេ​មាន​ការ​ឡើង​ខ្លាំង គឺ​សូម្បី​តែ​ឡាវ ក៏​គេ​ប្លែក​ជាង​មុន​ច្រើន​ដែរ»។

យ៉ាង​ណា​ក៏​ដោយ លោក​ វិចិត្រ បាន​បន្ថែម​ថា៖ ​«បើ​ទោះបី​ជា​យើង​មិន​បាន​ចំណាត់​ថ្នាក់​ទៅ​ដល់​មេដាយ​​មាស ឬ​ប្រាក់ ប៉ុន្តែ​ការ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន ​៥ នេះ ក៏​ជា​រឿង​គាប់​ប្រសើរ​ដែរ ព្រោះ​មេដាយ​ទាំង​នេះ ​យើង​មិន​ទទួល​បាន​ដោយ​ការ​ចាប់​ឆ្នោត​នោះ​ទេ គឺ​យើង​បាន​ដោយ​ការ​ប្រកួត​ឈ្នះ ហើយ​ជា​មួយ​គ្នា​នេះ ​ខ្ញុំ​សូម​អរគុណ​ដល់ NOCC ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​រៀបចំ​ឲ្យ​ក្រុម​ចំបាប់​មាន​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់ និង​អរគុណ​ដល់​លោក Gordon Tang ដែល​បាន​បញ្ជូន​កីឡាការិនី​របស់​យើង​ទៅ​ហ្វឹកហាត់​នៅ​ចិន កន្លង​មក​នេះ»។

តាមរយៈ​ការ​មិន​ដណ្តើម​បាន​មេដាយ​មាស ​របស់​ក្រុម​ចំបាប់​កម្ពុជា​នេះ ក្នុង​ការ​ប្រកួត​ថ្ងៃ​ចុង​ក្រោយ​ពី​ម្សិលមិញ​នោះ ធ្វើ​ឲ្យ​ប្រតិភូ​កីឡា​កម្ពុជា​បាន​​​បញ្ចប់​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣០ ​នៅ​ប្រទេស ​ហ្វីលីពីន លើក​នេះ ជាមួយ​ការ​ឈ្នះ​បាន​មេដាយ​មាស​ចំនួន ​៤ រួម​ជាមួយ​មេដាយ​​ប្រាក់ ​៦ និង​សំរឹទ្ធ​ចំនួន ​៣៦ ហើយ​មេដាយ​មាស​ទាំង ​៤ ​នេះ រក​បាន​ដោយ​កីឡាករ​ល្បុក្កតោ យ៉ង់ ម៉េងលី ក្រុម​ប៉េតង់នារី វីរកីឡាការិនី ស៊ន សៀវម៉ី និង​វីរកីឡាការិនី​ជឺជិតស៊ី ខាន់ ចេសា។

យ៉ាង​ណា​ក៏​ដោយ ការ​ឈ្នះ​បាន​មេដាយ​មាស ​៤ ប្រាក់ ​៦ និង​សំរឹទ្ធ​ ​៣៦ នេះ គឺ​វា​ស្រប​ទៅ​តាម​ការ​ដាក់​សម្ទុះ​របស់​កម្ពុជា ក្នុង​ការ​ដណ្តើម​មេដាយ​មាស​ឲ្យ​បាន​ច្រើន​ជាង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​២៩ នៅ​​ប្រទេស ​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ ​២០១៧ ដោយសារ​កាល​នោះ​កម្ពុជា ដណ្តើម​បាន​ត្រឹម​មេដាយ​មាស ​៣ ប្រាក់ ​២ និងសំរឹទ្ធ ​១២ ប៉ុណ្ណោះ គឺ​តិច​ជាង​​ស៊ីហ្គេម​លើក​នេះ៕