ភ្នំពេញ: ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនតាមរយៈការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF U-22 Youth Championship ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ ឆ្នាំក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជុំទី ២ នៃពូល B កាលពីល្ងាចថ្ងៃពុធម្សិលមិញ។ ការដណ្តើមបានជ័យជម្នះដ៏រំភើបរីករាយពីមុខអ្នកគាំទ្ររបស់ខ្លួននាកីឡដ្ឋានជាតិអូឡាំពិកនេះបានកើតឡើងក្រោយពីក្រុមម្ចាស់ផ្ទះកម្ពុជាបានចាប់ផ្តើមយ៉ាងល្អនៅតង់ទី ១ តាមរយៈការរកបានគ្រាប់បាល់បើកឆាករបស់ខ្លួននៅនាទីទី ២៦ ដែលរកបានដោយកីឡាករ យ៉ើ សាហ្វី។
បន្ទាប់មកកីឡាករ ស៊ិន សុផាណាត់ បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីចាប់ផ្តើមលេងបានត្រឹមតែ ៥ នាទីនៅដើមតង់ទី ២ ដើម្បីបំពេញជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ក្រុមរបស់ខ្លួនតែម្តង។
ជ័យជម្នះមួយនេះមានន័យថាក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ រកបាន ៦ ពិន្ទុពេញពីការប្រកួតទាំង ២ លើករបស់ខ្លួនក្រោយពីក៏បានយកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ១-០ ក្នុងការប្រកួតបើកឆាករបស់ខ្លួនកាលពីថ្ងៃចន្ទកន្លងទៅផងដែរ។
ជាមួយនឹងជ័យជម្នះនេះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំក៏នឹងមានសុវត្ថិភាពក្នុងការបញ្ចប់ដោយការឈរលេខ ១ ក្នុងពូលរបស់ខ្លួនផងដែរ ក្រោយពីក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ ក្នុងការប្រកួត ១ គូផ្សេងទៀតក្នុងពូលតែមួយនាថ្ងៃដដែលនោះ បើទោះបីនៅសល់ ១ ប្រកួតទៀតក៏ដោយ។ ក្រុមកម្ពុជានឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ២២ ឆ្នាំនៅល្ងាចនេះក្នុងការប្រកួតជុំចុងក្រោយនៃពូលរបស់ខ្លួន ខណៈដែលឥណ្ឌូនេស៊ីត្រូវតែផ្តួលក្រុមគោព្រៃមួយនេះដើម្បីឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ ២ ក្នុងពូលមិនថាការជួបគ្នារវាងក្រុមម៉ាឡេស៊ី និងមីយ៉ាន់ម៉ាបញ្ចប់ក្នុងលទ្ធផលបែបណាក៏ដោយ។
លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំបានបញ្ជាក់ថាលោកបានសម្រេចចិត្តពន្យារពេលនៃការវះកាត់លើបញ្ហារបួសជើងរបស់លោក ដើម្បីអាចដឹកនាំក្រុមរបស់លោកក្នុងយុទ្ធនាការប្រចាំតំបន់ដែលកំពុងរៀបចំឡើងនៅរាជធានីភ្នំពេញមួយនេះ។ បើយោងទៅតាមទំព័រ Facebbook ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយបន្ទាប់ពីបញ្ចប់ការប្រកួតថា៖ «អរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់។ ទោះបីមានការលំបាកយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែព្យាយាមធ្វើឲ្យបងប្អូនជនរួមជាតិមានមោទនភាព»។
លោក Dalmas បានបន្ថែមទៀតថា៖ «របួសរបស់ខ្ញុំពិតជាបង្កឲ្យមានបញ្ហាឈឺចាប់ចំពោះខ្លួនខ្ញុំ ប៉ុន្តែខ្ញុំសម្រេចចិត្តមិនធ្វើការវះកាត់ដោយសារតែខ្ញុំចង់ដឹកនាំក្រុមក្នុងការប្រកួត AFF U22។ ប្រសិនបើខ្ញុំធ្វើការវះកាត់ ខ្ញុំនឹងត្រូវសម្រាករយៈពេលយូរ ហើយមិនអាចមកដឹកនាំក្រុមបាន។ នៅក្នុងជីវិតតែងតែមានឧបសគ្គដែលទាមទារនូវការពុះពារ ហេតុនេះខ្ញុំមិនឲ្យរបួសរបស់ខ្ញុំរារាំងអ្វីដែលខ្ញុំត្រូវធ្វើឡើយ»។
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិវៀតណាម ឬក្រុមជម្រើសជាតិថៃអាយុក្រោម ២២ ឆ្នាំក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យទី ២៤ ខែកុម្ភៈខាងមុខនេះ។
ក្រុមជម្រើសជាតិថៃ និងវៀតណាមបានឈ្នះកៅអីទៅវគ្គបន្តដូចគ្នាពីការប្រកួតពូល A របស់ខ្លួនក្រោយពីក្រុមខ្លាំងទាំង ២ រកបាន ៦ ពិន្ទុដូចគ្នាពីការប្រកួត ២ លើកដំបូងរបស់ពួកគេ។
ប៉ុន្តែក្រុមខ្លាំងទាំង ២ នេះនឹងត្រូវជួបប្រកួតគ្នានៅល្ងាចថ្ងៃសុក្រនេះនៅកីឡដ្ឋានជាតិអូឡាំពិក ដើម្បីកាត់សេចក្តីថា ក្រុមណានឹងត្រូវបញ្ចប់ដោយការឈរលេខ ១ ក្នុងពូល៕