ភ្នំពេញៈ ​គណៈកម្មការ​កីឡា​ និង​ទេសចរណ៍ ​និង​ស្ថាប័ន​យ៉ាង​តិច​ចំនួន ​៤ ​ទៀត​ បាន​ប្រជុំ​គ្នា​ផ្តាច់​ព្រ័ត្រ​ ដើម្បី​រៀបចំ​គម្រោង​ព្រឹត្តិការណ៍​​ប្រណាំង​កង់​កម្រិត​ពិភព​លោក​ ដែល​នឹង​ត្រូវ​បាន​កំណត់​ឆ្លង​កាត់​ខេត្ត​ចំនួន ​៤ ​មាន​ខេត្ត​កោះកុង​ ព្រះ​សីហនុ​ កំពត ​និង​ខេត្ត​កែប ​រយៈពេល​ចំនួន ​៣ ​ថ្ងៃ ​នា​ដើម​ខែ ​មករា ​ឆ្នាំ ​២០២០។

ព្រឹត្តិការ​ណ៍​កីឡា​ និង​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​បាន​អះអាង​ថា ​ជា​លើក​ទី​១ ​ផ្តើម​ចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​គោល​បំណង​ឆ្ពោះ​ទៅ​រក​ភាព​ទាក់ទាញ​ផ្នែក​កីឡា​ និង​ទេសចរណ៍​ និង​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​រក​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២ ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នៅ​​ឆ្នាំ ​២០២៣​។​

លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ ​NOCC​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ថា​៖ «​ព្រឹត្តិការណ៍​ប្រណាំង​កង់​កម្រិត​ពិភព​លោក​នេះ ​ជា​ការ​ប្រកួត​​ផ្លូវ​វែង​បំផុត ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា ​ហើយ​យើង​បាន​សម្រេច​ជ្រើសរើស​យក​ខេត្ត​ចំនួន ​៤ ​ជាប់​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា ​គឺ​ខេត្ត​កោះកុង ​កំពត ​កែប​ និង​ព្រះសីហនុ​ ដោយ​ចំណាយ​រយៈពេល​ប្រណាំង​ចំនួន ​៣ ​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃទី ​៤ ​ដល់​ថ្ងៃទី ​៦ ​ខែ ​មករា ​ឆ្នាំ​ ២០២០​។​

លោក ​វ៉ាត់ ​ចំរើន​ ដែល​​ជា​ប្រធាន​គណៈកម្មការ​កីឡា ​និង​ទេសចរណ៍ ផង​នោះ​បាន​បន្ថែម​ថា​ ព្រឹត្តិការណ៍​កីឡា​នេះ​ រៀបចំ​ឡើង​ដោយ​ NOCC​ ក្រសួង​ទេសចរណ៍​ ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ​សហព័ន្ធ​កីឡា​ប្រណាំង​កង់​អន្តរជាតិ​ និង​ក្លិប​ឆ្នេរ​សមុទ្រ​ស្អាត​ជាង​គេ​ ក្នុង​​គោល​បំណង​ធំ​ចំនួន ​២ ​គឺ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​បង្កើត​ព្រឹត្តិការណ៍​កីឡា​ឲ្យ​បាន​ច្រើន​កម្រិត​ពិភព​លោក ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ​ឆ្នាំ ​២០២៣ ​ហើយ​ ១ ទៀត​ ​គឺ​យល់​ដឹង​ពី​​បរិស្ថាន​ល្អ​ស្អាត​ បង្ហាញ​ពី​ស្ថានភាព​សន្តិសុខ ​សន្តិភាព ​សេដ្ឋកិច្ច​ វប្បធម៌​ និង​ទេសចរណ៍​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់​ពិភព​លោក ​តាមរយៈ​ព្រឹត្តិការណ៍​នេះ​។​

លោក​ នូ​ ចំរើន ​អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​​ប្រាប់​​ថា​ ការ​ប្រកួត​នេះ បាន​ត្រៀម​រួច​ជា​ស្រេច​ ដោយ​ការ​ប្រណាំង​ឆ្លង​កាត់​ខេត្ត​ជាប់​មាត់​សមុទ្រ​មាន​ឆ្នេរ​ស្អាត​បំផុត​ចំនួន ​៤​ ក្នុង​ចម្ងាយ​ផ្លូវ​សរុប​ជាង ​៥០០ ​គីឡូម៉ែត្រ​ ​ដោយ​ក្នុង​នោះ ការ​ប្រកួត​ចែកចេញ​ជា ​៣ ​ដំណាក់​កាល ​គឺ​ដំណាក់​កាល​ទី​១ ​ចេញ​ដំណើរ​ពី​ខេត្ត​កោះកុង ​រួច​ចេញ​ទៅ​ខេត្ត​កំពត ​(​បូក​គោ) ​ទី​២ ​ចេញ​ដំណើរ​ពី​ភ្នំបូក​គោ​ ឆ្ពោះ​ទៅ​ខេត្ត​កែប​ និង​ដំណាក់​កាល​ទី​៣ ​ចេញ​ពី​ខេត្ត​កែប ​ទៅ​បញ្ចប់​នៅ​ខេត្ត​ព្រះសីហនុ​តែ​ម្តង​។

លោក​​បន្ថែម​ថា​៖ «​តាម​គម្រោង​នៃ​ការ​ប្រកួត ​បាន​កំណត់​ក្រុម​ចូលរួម​សរុប ​មិន​ឲ្យ​លើស​ពី​ ​២០ ​ប្រទេស​ ហើយ​អត្តពលិក​មិន​ឲ្យ​លើស​ពី​​ ២០០ ​នាក់​ ប៉ុន្តែ​ក្នុង ១ ក្រុម ​ដែល​មាន​គ្នា​ចំនួន ​១០ ​នាក់​នោះ​ គឺ​មាន​អត្តពលិក​​តែ ​៦ ​នាក់ ​ក្រៅ​ពី​នេះ​ ​ជា​ជាង​ជុសជុល ​ឬ​ក្រុម​ជំនួយ​ការ​ដើម្បី​ជួយ​រៀប​ចំ​បង្ក​លក្ខណៈ​ឲ្យ​កីឡាករ​។ ​នេះ​ជា​ព្រឹត្តិការណ៍​​ធំ​កម្រិត​ពិភព​លោក ​​ដែល​ផ្តើម​ចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​សហព័ន្ធ​កីឡា​ប្រណាំង​កង់​អន្តរជាតិ​ សហការ​ជាមួយ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ​និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត»​៕​