ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក បាន​សហការ​ជាមួយ Garden City Water Park រៀបចំ​​​វគ្គ​បណ្តុះបណ្តាល​ឆ្មាំ​អាង​ហែល​ទឹក (Pool Lifeguard Training Course) ដល់​មន្ត្រី និង​គ្រូ​បង្វឹក​របស់​សហព័ន្ធ​ជា​លើក​ដំបូង ហើយ​វគ្គ​ខ្លី​ដែល​ធ្វើ​នៅ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​នេះ បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ។

បើ​ទោះ​បីជា​វគ្គ​បណ្តុះបណ្តាល​ឆ្មាំ​អាង​ហែល​ទឹក​លើក​ដំបូង​នេះ មាន​រយៈពេល​ខ្លី គឺ​ត្រឹម ​២ ​ថ្ងៃ ប៉ុន្តែ​សិក្ខាកាម​ទាំង ​១៦ ​នាក់ ដែល​ទទួល​បាន​​ការ​បណ្តុះបណ្តាល​ពី​គ្រូ​ឧទ្ទេស​មក​ពី​ប្រទេស អេហ្ស៊ីប នេះ ត្រូវ​បាន​លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​ចាត់​ទុក​ថា ជា​ធនធាន​ដ៏​មាន​តម្លៃ​ដែល​នឹង​​អាច​ជួយ​បង្កើន​សុវត្ថិភាព ដល់​​អ្នក​ហែល​ទឹក និង​អ្នក​​ហាត់​​ហែល​ទឹក។

លោក ហែម គីរី បាន​និយាយ​ថា៖ ​«​តាមរយៈ​ការ​សិក្សា​រយៈពេល ​២ ​ថ្ងៃ​នេះ សិក្ខាកាម​របស់​យើង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ហើយ​មេរៀន​ដែល​គ្រូ​ឧទ្ទេស​បាន​ដាក់​ឲ្យ​សុទ្ធ​តែ​ជា​មេរៀន​សំខាន់​ក្នុង​ការ​ជួយ​សង្រ្គោះ​អ្នក​លង់​ទឹក​ទាំង​ក្នុង​ទឹក និង​លើ​គោក ពិសេស​សម្រាប់​នៅ​ក្នុង​អាង​ហែល​ទឹក​តែ​ម្តង ព្រោះ​គោល​បំណង​សំខាន់​ក្នុង​វគ្គ​នេះ ​គឺ​​សម្រាប់​ជួយ​សង្គ្រោះ​​អ្នក​​ដែល​មាន​បញ្ហា​ក្នុង​អាង​ហែល​ទឹក ខណៈ​វិធីសាស្រ្ត​នៃ​ការ​​​ជួយ​សង្គ្រោះ​នោះ ​មិន​ត្រឹមតែ​ជួយ​សង្គ្រោះ​​ក្នុង​​អាង​ហែល​ទឹក​ប៉ុណ្ណោះ​ទេ​ តែ​​យើង​ត្រូវ​ជួយ​សង្គ្រោះ​បឋម​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​អ្នក​លង់​ទឹក​ដឹង​ខ្លួន​ឡើង​វិញ ឬ​ធ្វើ​អ្វី​បន្ត​ទៀត»​។

លោក​បាន​បន្ថែម​ថា៖ ​«កន្លង​មក ទាំង​នៅ​តាម​សណ្ឋាគារ ឬ​កន្លែង​មាន​អាង​ហែល​ទឹក គឺ​បើ​ទោះបី​ជា​មាន​អ្នក​យាម ឬ​មាន​អ្នក​ធ្វើ​ការងារ នៅ​តាម​អាង​ហែល​ទឹក​ទាំង​​នោះ​ក៏​ពួក​គាត់​មិនមែន​ជា​​ឆ្មាំ​អាង​ហែល​ទឹក​ដ៏​ពិត​ប្រាកដ ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះបណ្តាល​ត្រឹមត្រូវ​នោះ​ដែរ អ៊ីចឹង​​ហើយ​លើក​នេះ សហព័ន្ធ និង Garden City Water Park បាន​ធ្វើ​ការងារ​ជាមួយ​គ្នា ដើម្បី​បណ្តុះបណ្តាល និង​បង្កើន​សុវត្ថិភាព​ដល់​អ្នក​ហែល​ទឹក​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​យើង»។

តាម​អគ្គលេខាធិការ​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក និង​ Garden City Water Park ដែលជា​អ្នក​ផ្តល់​គ្រូ​ឧទ្ទេស មាន​ជំនាញ​ពិត​ប្រាកដ​មក​ជួយ​បណ្តុះបណ្តាល​នោះ គ្រោង​នឹង​បង្កើត​ធនធាន​ឆ្មាំ​អាង​ហែល​ទឹក​ឲ្យ​បាន​កាន់​តែ​ច្រើន ​តាមរយៈ​ការ​អញ្ជើញ​មន្រ្តី ឬ​អ្នក​ធ្វើ​ការងារ​នៅ​តាម​អាង​ហែល​ទឹក នៅ​​ក្នុង​ប្រទេស ​កម្ពុជា ​យក​មក​បណ្តុះបណ្តាល ដើម្បី​ជួយ​ឲ្យ​ពួក​គាត់ មាន​ជំនាញ​ឆ្មាំ​អាង​ហែល​ទឹក ច្បាស់លាស់​ក្នុង​ការ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​សុវត្ថិភាព។

លោក ហែម គីរី បាន​និយាយ​ថា៖ ​«ដោយសារ​តែ​សិក្ខាកាម​របស់​យើង​លើក​នេះ សុទ្ធ​តែ​មាន​ជំនាញ​ហែល​ទឹក​ស្រាប់ អ៊ីចឹង​គ្រូ​ឧទ្ទេស​របស់​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បណ្តុះបណ្តាល និង​អនុវត្ត ខណៈ​ការ​រៀន​ឆ្មាំ​អាង​ហែល​ទឹក​នេះ ក៏​មាន​ការ​ប្រកួត​គ្នា​​ប្រចាំ​ឆ្នាំ​ផង​ដែរ ​ហេតុ​នេះ​បន្ទាប់​ពី​បញ្ចប់​វគ្គ​ទី ​១ ​នេះ យើង​នឹង​រៀបចំ​ឲ្យ​មាន​វគ្គ​ជា​បន្ត​បន្ទាប់​ទៀត ហើយ​យើង​នឹង​ស្វែងរក​មន្រ្តី​មក​ពី​ខាង​ក្រៅ ដូចជា​នៅ​តាម​សណ្ឋាគារ ឬ​មន្រ្តី​ដែល​មាន​អាង​ហែល​ទឹក​យក​មក​បណ្តុះបណ្តាល ដើម្បី​ឲ្យ​យើង​មាន​ឆ្មាំ​អាង​ហែល​ទឹក​ត្រឹមត្រូវ​ទៅ​តាម​​ស្តង់ដា»។

លោក​បាន​បញ្ជាក់​​ថា៖ ​«បញ្ហា​ប្រឈម​មុខ​នាពេល​កន្លង​មក គឺ​យើង​អត់​មាន​ឆ្មាំ​អាង​ហែល​ទឹក​ត្រឹម​ត្រូវ​នោះ​ទេ ទាំង​នៅ​តាម​សណ្ឋាគារ និង​អាង​ហែល​ទឹក​ផ្សេងៗ ​គឺ​លើកលែង​តែ​កន្លែង​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី​យើង ដែល​ចេះ​ជំនាញ​នេះ អ៊ីចឹង​ហើយ​យើង​ចង់​បណ្តុះបណ្តាល​ជំនាញ​នេះ ទៅ​ដល់​មន្រ្តី​នៅ​ខាង​ក្រៅ​ផ្សេងៗ​ទៀត ដើម្បី​ជា​សុវត្ថិភាព​មួយ​ដល់​ផ្នែក​ទេសចរណ៍ ឬ​ក៏​ការ​​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង ដែល​គាត់​ចង់​ហែល​ទឹក និង​ហាត់​ហែល​ទឹក»៕