ភ្នំពេញ: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគ្រូបង្វឹកក្រុមជម្រើសជាតិលោក Felix Augustin រួមទាំងក្រុមការងារបានសម្រេចប្រមូលផ្តុំលក្ខណៈទ្រង់ទ្រាយធំទៅលើក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ (U22) រហូតដល់ ៥៤ នាក់ ដើម្បីអាចសម្រិតសម្រាំងរកអ្នកមានសមត្ថភាពល្អពី ២៣ ទៅ ២៥ នាក់ត្រៀមការប្រកួតពាន AFF U22 Championship 2019 ក្នុងនាមជាម្ចាស់ផ្ទះ តែក្រុមតំណាងឲ្យប្រទេស ៣ បានដកខ្លួនចេញហើយ។
ជុំវិញការប្រមូលផ្តុំដែលមានកីឡាករច្រើននេះលោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានប្រាប់កាលពីថ្ងៃអាទិត្យថា៖ «ការប្រមូលផ្តុំក្រុម U22 វាខុសពីការប្រមូលផ្តុំក្រុមធំជម្រើសជាតិ។ ក្រុមធំជម្រើសជាតិ យើងអាចមើលឃើញសមត្ថភាពកីឡាករតាមរយៈការប្រកួតលីកកំពូល ចំណែកក្រុមក្រុមយុវជនខ្លះមិនសូវបានបង្ហាញខ្លួននៅលីកកំពូលទេ អ៊ីចឹងបើយើងជ្រើសរើសយកកីឡាករទៅតាមអ្វីដែលយើងមើលឃើញយើងអាចនឹងមានចន្លោះខ្វះខាតច្រើនក្នុងការមើលកីឡាករឲ្យបានគ្រប់ជ្រុងជ្រោយ»។
លោកបន្ថែមថា៖ «ការប្រមូលផ្តុំកីឡាករច្រើននេះក៏ដោយសារយើងបានទទួលយកមតិយោបល់ពីគ្រូបង្វឹកនៅតាមក្លិបមួយចំនួនផងដែរ ដើម្បីចៀសវាងការជ្រើសរើសកីឡាករមិនបានត្រឹមត្រូវ និងមានភាពច្បាស់លាស់ ហើយផលចំណេញមួយទៀតអាចធ្វើឲ្យយើងស្គាល់កីឡាករបានច្រើន ដោយសារគ្រូបង្វឹកបរទេសរបស់យើងទើបបានមករយៈពេលខ្លីពី ៣ ទៅ ៤ ខែ អ៊ីចឹងបើគាត់ស្គាល់កីឡាករកម្ពុជាបានច្រើន វាជារឿងដ៏ល្អសម្រាប់ការប្រមូលផ្តុំត្រៀមការប្រកួតលើកក្រោយៗទៀត»។
យ៉ាងណាក៏ដោយលោក ឈូក ពិសិដ្ឋ ថាចំនួនកីឡាករទាំង ៥៤ នាក់ដែលបានប្រមូលផ្តុំនៅពហុកីឡដ្ឋានជាតិតាំងពីថ្ងៃសៅរ៍មកនោះនឹងត្រូវជម្រុះចោលជាង ២០ នាក់ក្រោយការហាត់រួមគ្នាបានមួយសប្តាហ៍ ហើយអ្នកនៅសល់នឹងបន្តហាត់ដើម្បីត្រៀមពាន AFF U22 Championship ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៧ នឹងបញ្ចប់នៅថ្ងៃទី ២៦ ខែកុម្ភៈ។
លោក ពិសិដ្ឋ បានបន្ថែមថា៖ «ជាធម្មតាការជ្រើសរើសកីឡាករសម្រាប់ប្រកួតគេឲ្យមានតែ ២៣ នាក់ទេ ប៉ុន្តែកម្ពុជាយើងអាចនឹងទុក ២៥ នាក់ដោយសារយើងអាចនឹងមានបញ្ហារបួសកីឡាករ ចំណែកការជម្រុះកីឡាករយើងអាចនឹងធ្វើនៅថ្ងៃទី ១ ឬទី ២ ខែកុម្ភៈគឺបន្ទាប់ពីយើងផ្តល់ឱកាសឲ្យពួកគេបានហ្វឹកហាត់ជុំគ្នា ១ សប្តាហ៍ ហើយបន្ទាប់មកយើងនឹងធ្វើការប្រមូលផ្តុំម្តងទៀត សម្រាប់អ្នកដែលយើងបានជ្រើសរើស ដើម្បីត្រៀមការប្រកួតផ្លូវការតែម្តង»។
គួរបញ្ជាក់ថាកីឡាករ U22 ទាំង ៥៤ នាក់ដែលប្រមូលផ្តុំលើកនេះគឺត្រូវបានជ្រើសរើសចេញពីក្លិបវិសាខា ១១ នាក់ភ្នំពេញក្រោន ១០ នាក់ បឹងកេត ៨ នាក់ ណាហ្គាវើល ៧ នាក់ ព្រះខ័នរាជស្វាយរៀង ៥ នាក់ក្រសួងការពារជាតិ ៤ នាក់អគ្គិសនីកម្ពុជា ៣ នាក់ អង្គរថាយហ្គឺរ ២ នាក់សាលាបាល់ទាត់ជាតិបាទី ២ នាក់ អាស៊ីអឺរ៉ុប ១ នាក់ និងក្លិបសូលទីឡូអង្គរ ១ នាក់។
យ៉ាងណាក៏ដោយលោក ឈូក ពិសិដ្ឋ បានបង្ហើបថានៅក្នុងអំឡុងពេលប្រមូលផ្តុំហ្វឹកហាត់នេះ ក្រុម U22 កម្ពុជាប្រហែលជាគ្មានការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសនោះទេ។ ចំណែកក្រុមសិង្ហបុរី ប្រ៊ុយណេ និងឡាវបានដកខ្លួនពីការប្រកួតនេះហើយដែលធ្វើឲ្យពាន AFF U22 Championship 2019 នៅសល់ត្រឹម ៨ ក្រុមទេក្នុងនោះពូល A មានវៀតណាម ថៃ ទីម័រខាងកើត និងហ្វីលីពីន ហើយពូល B រួមមាន កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី៕