ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែសនៅពហុកីឡដ្ឋានជាតិនាល្ងាចម៉ោង ៦:៣០ ថ្ងៃសៅរ៍ហើយនេះក៏ជាពេលវេលាដ៏ល្អមួយដែលកម្ពុជាត្រូវប្រើប្រាស់ភាពមានប្រៀបក្នុងនាមជាម្ចាស់ទឹកដី ដើម្បីកែប្រែកំណត់ត្រាមិនធ្លាប់ឈ្នះក្រុមបង់ក្លាដែសកាលពីអតីតកាលផងដែរ។
សម្រាប់ជំនួប ៣ លើកកន្លងមកក្រុមជម្រើសជាតិកម្ពុជាបានចាញ់ក្រុមជម្រើសជាតិបង់ក្លាដែស ២-១ ក្នុងការប្រកួតពាន AFC Challeng Cup 2006 មុនពេលក្រុមទាំង ២ ស្មើគ្នា ១-១ ក្នុងការប្រកួតពាន Nehru Cup 2007 ប៉ុន្តែក្រុមកម្ពុជាបានបន្តចាញ់ក្រុមបង់ក្លាដែស ១-០ នាជំនួបចុងក្រោយក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០០៩។
យ៉ាងណាមិញសម្រាប់ការជួបក្រុមជម្រើសជាតិបង់ក្លាដែសលើកនេះគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បានសម្រេចដាក់ក្រុម U22 កម្ពុជាឲ្យលេងវិញម្តងដោយមិនបានដាក់កីឡាករធ្លាប់មានបទពិសោធច្រើន មានអាយុលើសពី ២៣ ឆ្នាំឲ្យចូលរួមសូម្បីតែម្នាក់។
អ្នកចាំទី ហ៊ុល គឹមហ៊ុយ, កែវ សុខសិលា, សាវ៉ែង សំណាង កីឡាករ ស៊ិន សុផាណាត់, អ៊ិន សូដាវីដ, ស៊ិន កក្កដា, កែន ច័ន្ទសុភ័ក្ត្រ, អ៊ុក សុវណ្ណ, សឿត បារាំង, យ៉ើ មូស្លីម, ឆេង ម៉េង, យ៉ើ សាហ្វី, អ៊ន ចាន់ប៉ូលីន, ប្រាក់ ធីវ៉ា, ទៀត គឹមហេង, ទេស សម្បត្តិ, សេត រ៉ស៊ីប, លី វ៉ាហេទ, ឈង់ ប៊ុនណាត, ណារ៉ុង កក្កដា, សៀង ចន្ធា និង ឈៀង ប៉េងហ៊ួ ដែលធ្លាប់បានបង្ហាញខ្លួននៅក្នុងការប្រកួតពាន AFF U22 Championship កន្លងមកសុទ្ធតែត្រូវបានដាក់ឲ្យប្រកួតមិត្តភាពលើកនេះ ខណៈ សាន គឹមហេង និង កាន់ ពិសាល ក៏ត្រូវបានកោះហៅឲ្យចូលរួមផងដែរ។
ទោះបីជាយ៉ាងណាការសម្រេចដាក់ក្រុម U22 កម្ពុជាឲ្យប្រកួតមិត្តភាពអន្តរជាតិបង់ក្លាដែសលើកនេះទទួលបានការស្វាគមន៍ច្រើនពីអ្នកគាំទ្រ ព្រោះអ្នកទាំងនេះធ្លាប់បានផ្តល់ភាពពេញចិត្តដល់អ្នកគាំទ្រនៅក្នុងការប្រកួតពានរង្វាន់ AFF U22 Championship 2019 កាលពីពេលថ្មីៗនេះ ហើយការសម្រេចរបស់លោក Felix Dalmas នេះក៏អាចថាជារឿងថ្មីមិនធ្លាប់មាននៅកម្ពុជាផងដែរ ព្រោះកន្លងមកក្រុមយុវជនកម្របានបង្ហាញសមត្ថភាពក្នុងក្រុមធំជម្រើសជាតិកម្ពុជាណាស់។
យ៉ាងណាក៏ដោយការដាក់ឲ្យក្រុម U22 កម្ពុជាប្រកួតមិត្តភាពលើកនេះគឺក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់របស់គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Felix Dalmas ហើយការធ្វើបែបនេះគឺលោកចង់ឲ្យក្រុមយុវជនទាំងនេះទទួលបានបទពិសោធថ្មីៗបន្ថែមទៀត ដើម្បីត្រៀមការប្រកួត AFC U23 Championship ក្នុងនាមជាម្ចាស់ផ្ទះប្រចាំពូល H ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែមីនាខាងមុខនេះ។
ដោយឡែកក្រុមជម្រើសជាតិបង់ក្លាដែសដែលដឹកនាំដោយគ្រូជនជាតិអង់គ្លេសលោក Jamie Day បាននាំយកកីឡាករ ២៣ នាក់មកប្រកួតជាមួយក្រុមកម្ពុជាលើកនេះ ហើយពួកគេភាគច្រើនជាយុវជនគឺនៅក្នុងចំណោមអ្នកទាំង ២៣ នាក់នោះមានកីឡាករលើសអាយុ ២៣ ឆ្នាំតែ ៩ នាក់ទេ ក្រៅពីនោះសុទ្ធតែជាយុវជនមានអាយុក្រោម ២៣ ឆ្នាំ។ ហេតុនេះជំនួបរបស់ក្រុមទាំង ២ នៅថ្ងៃសៅរ៍នេះវានឹងក្លាយជាការប្រកួតដែលផ្តោតខ្លាំងទៅលើការពង្រឹងសមត្ថភាពដល់ក្រុមយុវជនដូចគ្នា៕