ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ ២០២៣ ហៅ​កាត់​ថា ​CAMSOC បាន​សម្រេច​ដាក់​គោលដៅ និង​ប្ដេជ្ញា​ចិត្ត​ហើយ​ថា ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ចុង​ឆ្នាំ ២០២១ នេះ គឺ​កម្ពុជា​ត្រូវ​តែ​ដណ្តើម​ឱ្យ​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ការ​ប្រកួត ៣ លើក​ចុង​ក្រោយ ពោល​គឺ​ឱ្យ​មាន​ចំណាត់​ថ្នាក់ ក្រោម​លេខ ៨ ក្នុង​ចំណោម ១១ ប្រទេស​ក្នុង​អាស៊ាន​នេះ។

ការ​ដាក់​ចេញ​នូវ​គោលការណ៍​នេះ គឺ​បន្ទាប់​ពី​គណៈកម្មាធិការ​គ្រប់​ជំនាញ​បាន​កិច្ច​ប្រជុំ​ជា​បន្តបន្ទាប់​ស្រប​ពេល​ឆ្នាំ ២០២១ នេះ គឺ​ជា​ឆ្នាំ​យុទ្ធសាស្ត្រ​ដែល​កម្ពុជា​ត្រូវ​តែ​ធ្វើ​ចំណាត់​ថ្នាក់​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ព្រោះ​ចំណាត់​ថ្នាក់​ស៊ីហ្គេម ទាំង​នៅ​សិង្ហបុរី ឆ្នាំ ២០១៥ ស៊ីហ្គេម​លើក​ទី២៩ នៅ​ម៉ាឡេស៊ី ឆ្នាំ ២០១៧ និង​ស៊ីហ្គេម​លើក​ទី៣០ ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន គឺ​កម្ពុជា​ឈរ​ទ្រឹង​នៅ​លំដាប់​លេខ ៨ ក្នុង​ចំណោម ១១ ប្រទេស។

លោក​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​ថ្លែង​ថា៖ «ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ ២០២១ នេះ គឺ​ជា​ការ​ត្រួត​ពិនិត្យ​មើល​ពី​សក្ដានុពល​នៃ​ក្រុម​កីឡាករ-កីឡាការិនី​ជម្រើសជា​តិ​កម្ពុជា ពិសេស​ការ​ពិនិត្យ​មើល​លើ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ដោយ​គប្បី​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន​បំផុត»។

លោក​បាន​បន្ថែម​ថា៖ «ចំណែក​ស៊ីហ្គេម​នៅ​កម្ពុជា គឺ​ជា​ស៊ីហ្គេម​ដែល​ស្អាត​ជាង​គេ ខណៈ​ដែល​ចំណាត់​ថ្នាក់ យើង​ត្រូវ​ប្រជែង​ឱ្យ​បាន​នៅ​ចន្លោះ​លេខ ៥ ឬ​លេខ ៦ ប៉ុន្តែ​ជា​ការ​ប្រកួត​ប្រជែង ដោយ​មាន​គុណភាព តម្លាភាព និង​យុត្តិធម៌។ ការ​ដណ្ដើម​បាន​មេដាយ​ច្រើន​ក្នុង​ស៊ីហ្គេម ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ គឺ​យើង​ត្រូវ​លុប​បំបាត់​ចោល​នូវ​វប្បធម៌​ដែល​ថា ប្រទេស​ជា​ម្ចាស់​ផ្ទះ​ត្រូវ​តែ​មាន​ឧត្តមភាព​ខ្ពស់​ក្នុង​ការ​ឈ្នះ​មេដាយ ដែល​នាំ​ឱ្យ​​បាត់បង់​តម្លៃ និង​កម្រិត​បច្ចេកទេស អ៊ីចឹង​យើង​កុំ​ឱ្យ​មាន​ករណី​ប្រមូល​យក​មេដាយ ឬ​វប្បធម៌​ចែក​មេដាយ​គ្នា​ជា​លក្ខណៈ​ឃុបឃឹត​គ្នា​ឱ្យ​សោះ»។

លោក ថោន ខុន បាន​បញ្ជាក់​ថា៖ «ដើម្បី​ឱ្យ​មាន​តម្លាភាព យើង​ត្រូវ​ដាក់​ចេញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់​ចំនួន ៣ ទី១ សហព័ន្ធ​កីឡា​ជាតិ​មួយ ត្រូវ​បង្កើត​យន្តការ​ឱ្យ​បាន​ច្បាស់លាស់ ដោយ​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​នេះ (ក្រុម​ត្រៀម​ប្រកួត​ស៊ីហ្គេម) ឱ្យ​មាន​ភាព​កក់ក្តៅ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន និង​លើក​ទឹកចិត្ត ទី២ អភិវឌ្ឍ​បច្ចេកទេស​ដល់​ក្រុម​ពិសេស​នេះ ​ឱ្យ​មាន​កម្រិត​បច្ចេកទេស (គុណផល) កាន់​តែ​ខ្ពស់​ជាង​មុន ហើយ​ទី៣ ត្រូវ​ស្វែងរក​នូវ​មូលនិធិ​ថវិកា​បន្ថែម​ពី​វិស័យ​ឯកជន ដើម្បី​ទ្រទ្រង់​ឧបត្ថម្ភ​គាំទ្រ​ទៅ​ដល់​ក្រុម​ពិសេស​នេះ ដើម្បី​សម្រួច​គោលដៅ​បាញ់​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ ២០២៣ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»។

ចំណែក លោក វ៉ាត់ ចំរើន ជា​អគ្គលេខាធិការ CAMSOC បាន​ឱ្យ​ដឹង​ថា៖ «សហព័ន្ធ​កីឡា​ជាតិ​នានា ត្រូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​មេដាយ និង​ដាក់​គោលដៅ​ជាមួយ CAMSOC ខណៈ​ពេល​នេះ មាន​ប្រទេស​ចំនួន ១២ បាន​ប្រកាស​ទទួល​យក​អត្តពលិក​កម្ពុជា​ឱ្យ​ទៅ​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម ឆ្នាំ ២០២៣ ហើយ​ក្នុង​នោះ​មាន​ទាំង​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប និង​ទ្វីប​អាស៊ី ដូចជា​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ ជាដើម។ ជាមួយ​គ្នា​នេះ​កម្ពុជា ត្រៀម​នឹង​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​តាម​បណ្ដា​ប្រទេស​ទាំង​នោះ​មិន​តិច​ជាង ១០០ នាក់​ទេ»។

លោក​បញ្ជាក់​ថា៖ «ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​ត្រូវ​ដណ្តើម​ឱ្យ​បាន​ទីតាំង​ចំណាត់​ថ្នាក់ ក្រោម​លេខ ៨ នោះ គឺ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ត្រូវ​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់ យុវជន និង​កីឡា និង CAMSOC ទើប​ធានា​បាន​នូវ​លទ្ធផល​ដូច​ក្តី​រំពឹង»៕