ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រើប្រាស់​កម្លាំងចិត្ត ដែល​កើត​ចេញ​ពី​ការហ្វឹកហាត់​រួម​គ្នា ពិសេស​ជ័យជម្នះ​នៅ​លើ​ទឹកដី​ខ្លួនឯង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ប្រកួត​កាត់​សេចក្តី​ជើង​ទី​ ២ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ប៉ាគីស្ថាន​នៃ​វគ្គ​ជម្រុះ World Cup 2022 និង Asian Cup 2023 ជុំ​ទី​ ១ ក្នុង​តំបន់​អាស៊ី​នៅ​ពហុកីឡដ្ឋាន Hamad bin Khalifa Stadium នា​ទីក្រុង Doha ប្រទេស​កាតា​នា​យប់​ម៉ោង​ ១១ (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃ​អង្គារ​នេះ​។

នៅក្នុង​ការប្រកួត​ដ៏សំខាន់​នេះ​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Felix Dalmas នៅ​តែ​រក្សា​គោលជំហរ​ក្នុង​ការស្វែងរក​ជ័យជម្នះ ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​ដល់​ប្រជាជន​កម្ពុជា​តាមរយៈ​ការគ្រប់គ្រង​ស្ថានភាព​នៃ​ការប្រកួត​ឲ្យ​បាន​ល្អ​ដូច​ពេល​ដែល​ក្រុម​កម្ពុជា​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន ២-០ ក្នុង​ការប្រកួត​ជើង​ទី​ ១ នៅ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។

គ្រូបង្វឹក​ជនជាតិ​អាហ្សង់ទីន​លោក Felix Dalmas បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​សម្រាប់​ការប្រកួត​លើក​នេះ យើង​នៅ​តែ​រក្សា​ការរៀបចំ​ប្រព័ន្ធ​លេង​ឲ្យ​បាន​ល្អ​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លងមក ពិសេស​យើង​ផ្ដោត​ទៅ​លើ​វិន័យ​គឺ​យើង​មិន​ផ្ដោត​តែ​លើ​លទ្ធផល​មួយ​មុខ​នោះទេ​។ យើង​ដឹង​ថា ពួកគេ​ជា​ក្រុម​ដែល​ពិបាក​នឹង​លេង​ជាមួយ ប៉ុន្តែ​យើង​នឹង​ធ្វើ​លេង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​សប្បាយចិត្ត​»​។

សម្រាប់​ការប្រកួត​ជើង​ទី​ ១ នៅ​លើ​ទឹកដី​ខ្លួនឯង​កន្លង​មក​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការពេញចិត្ត​ខ្លាំង ហើយ​ការយក​ឈ្នះ ២-០ ដែល​រក​បាន​ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង សៀន ចន្ធា និង​ខ្សែបម្រើ​ប្រយុទ្ធ​ជើងចាស់ គួច សុកុម្ភៈ វា​បាន​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ដល់​ក្រុម​កម្ពុជា​ក្នុង​ការប្រកួត​កាត់​សេចក្តី​ជើង​ទី​ ១ ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​លើក​នេះ​។

យ៉ាងណា​ក៏ដោយ​លោក Jose Antonio Nogueira គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​ខ្ពស់​សម្រាប់​ការទាមទារ​នូវ​អ្វី​ដែល​ក្រុម​របស់​លោក​បាន​បាត់បង់​នៅលើ​ទឹកដី​កម្ពុជា ដោយ​លោក​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​ថា​៖ «​នេះ​ជា​ការប្រកួត​ជម្រុះ​លើក​ចុងក្រោយ​យ៉ាង​សំខាន់ ដូច្នេះ​យើង​ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​មក​វិញ​»​។

បើ​ទោះបី​ជា​ក្រុម​កម្ពុជា​កំពុង​មាន​ប្រៀប​លើ​ក្រុម​ប៉ាគីស្ថាន​តាមរយៈ​ការឈ្នះ ២-០ នៅ​ជើង​ទី​ ១ ប៉ុន្តែ​ការ​ចាញ់​ប្រៀប​ផ្នែក​កម្ពស់ និង​កម្លាំង វា​នៅ​តែ​ជា​ក្តីបារម្ភ​មួយ​សម្រាប់​កម្ពុជា ព្រោះ​ការប្រកួត​កាលពី​ថៃ​ព្រហស្បិ៍​កន្លង​មក​នេះ ក្រុម​ប៉ាគីស្ថាន​បាន​ចាត់ទុក​ការចាញ់​ក្រុម​កម្ពុជា​ជា​រឿង​អកុសល​ដែល​កើតចេញ​ពី​ការសម្រេច​ឱកាស​មាស​មិន​បាន​ល្អ​របស់​ពួកគេ​រួម​ទាំង​ការសង្គ្រោះ​បាល់​យ៉ាង​ល្អ​របស់​អ្នក​ចាំទី កែវ សុខ សិលា​។

គេ​នៅ​មិន​ទាន់​ដឹង​ថា ក្រុម​ប៉ាគីស្ថាន​នឹង​មាន​ការកែប្រែ​ស្ថានភាព​ប្រកួត បច្ចេកទេស និង​តាក់ទិក​នៃ​ការប្រកួត​បាន​ល្អ​វិញ​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ពាក់​លេខ​ ១០ ជា​អនុប្រធាន​ក្រុម​ប៉ាគីស្ថាន Hassan Bashir បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​នោះ​ថា​៖ «​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​ការប្រកួត​នេះ​។ តាម​លទ្ធផល​កន្លង​មក​គឺ​វា​មិន​ល្អ​សម្រាប់​ក្រុម​របស់​យើង​ទេ ប៉ុន្តែ​សម្រាប់​ការប្រកួត​លើក​នេះ យើង​ជឿជាក់​លើ​ក្រុម​របស់​យើង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​»៕