ភ្នំពេញ៖ ​គណៈកម្មការ​ជំនាញ​​របស់​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (​NOCC) ​រួម​ជាមួយ​​គណៈកម្មាធិការ​ស៊ីហ្គេម ​ឆ្នាំ ​២០២៣​ ហៅ​កាត់​ថា​ CAMSOC ​បាន​និង​កំពុង​​ប្រឹងប្រែង​ដុត​ដៃ​ដុត​ជើង ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​ទទួល​បាន​លទ្ធផល​ចំណាត់​ថ្នាក់​ល្អ​ប្រសើរ​មួយ ​ក្នុង​នាម​ម្ចាស់​ផ្ទះ ​ដោយ​បាន​កំណត់​នូវ​គោលដៅ​បណ្តោះ​អាសន្ន​ដណ្តើម​យក​មេដាយ​មាស​ចំនួន ​៦៨​ ​ហើយ​អាច​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ ​៥ ​ឬ​លេខ ​៦ ​ក្នុង​ចំណោម ​១១ ​ប្រទេស​ដែល​នឹង​ចូលរួម​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក ​ថោង ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន NOCC និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ CAMSOC ​បាន​ហៅ​ផែនការ​នេះ​ថា៖​ ​គ្រាន់​តែ​ជា​គោលដៅ​បណ្តោះ​អាសន្ន ​ហើយ​អ្វីៗ​ និង​បន្ត​ប្រឹងប្រែង​ និង​កំណត់​ឲ្យ​ច្បាស់​តាម​លទ្ធភាព ​និង​សក្តានុពល​នៅ​ឆ្នាំ ​២០២១​ គឺ​ក្រោយ​ស៊ីហ្គេម​ លើក​ទី​៣១ ​នៅ​ប្រទេស ​វៀតណាម ​សិន។​

នៅ​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​និង​ទិសដៅ​ផែនការ​សម្រាប់​ឆ្នាំ ​២០២០ កាល​ពី​ថ្ងៃសៅរ៍ ​លោក ​ថោង​ ខុន​ មាន​ប្រសាស​ន៍​ថា​៖ ​«​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​សម្រាប់​ស៊ីហ្គេម​ លើក​ទី ​៣២ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ គឺ​​យើង​បាន​ត្រៀម​នូវ​កីឡា​ចំនួន ​៤៥ ​ប្រភេទ ​ដែល​បែង​ចែក​ជា​ចំណាត់​ថា្នក់​កម្រិត​អាទិភាព​ទី ​១ ​ចំនួន ​១៧ ​ប្រភេទ​ ​ទី២​ ចំនួន ​១៥ ​ប្រភេទ​ និង​​អាទិភាព​ទី​៣​ មាន ​១៣ ​ប្រភេទ​ ដោយ​យើង​ដាក់​សន្ទស្សន៍​ដណ្តើម​មេដាយ​មាស​ឲ្យ​បាន​ខ្ទង់​ ​៦៨ ​គ្រឿង ​ទើប​អាច​ឈរ​ក្នុង​លំដាប់​ទី ​៥​ និង​ទី ​៦ ​ក្នុង​ចំណោម​ប្រទេស​ចំនួន ​១១ ដែល​បាន​​ចូល​រួម»​​។​​

ចំណែក​លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​ NOCC ​និង​ជា​អគ្គ​លេខាធិការ CAMSOC ដែល​ជា​អ្នក​ជំនាញ​ផ្នែក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ បាន​ថ្លែង​ថា​ ​នៅ​ក្នុង​សន្ទស្សន៍​នេះ​ គឺ​ជា​ផែនការ​បណ្តោះ​អាសន្ន​ ដែល​យើង​បាន​ដាក់​គោលដៅ​ក្នុង​អាទិភាព​ទី​១​ មាន​កីឡា ​១៧ ​ប្រភេទ​ គឺ​អត្តពលកម្ម​ត្រូវ​បាន​​មេដាយ​មាស ​៣ ​ហែល​ទឹក ​៣​ តេក្វាន់ដូ ​(WTF) ៣ ​ប៉េតង់ ​៣ ​វ៉ូវីណាម ​៩​ ជីជិត​ស៊ូ ​២ ​ម៉ូតូ​ទឹក ​២​ ប្រដាល់​គុន​ខ្មែរ ​២ ​ល្បុក្តតោ ​២ ​អុក​ចត្រង្គ ​១​ ចំបាប់ ​២ ​តេក្វាន់​ដូ ​ITF ​១៥​ សូហ្វ​តិន្នីស ​២​ ប្រដាល់​សកល ​២ ​ សី​ដក់ ​២ ​និង​វាយ​កូន​បាល់​មេដាយ​មាស ​១ ហើយ​បាល់ទាត់​ត្រូវ​ចូល​ដល់​​វគ្គ​ផ្តាច់ព្រ័ត្រ​។

លោក​​បាន​​បន្ត​ថា​ ចំណែក​ប្រភេទ​កីឡា​ក្នុង​កម្រិត​ទី​២ ​មាន ​១៥ ​ប្រភេទ​ ត្រូវ​បាន​ដាក់​សន្ទស្សន៍​ដណ្តើម​​យក​មេដាយ​មាស​ឲ្យ​បាន ​១ ​ក្នុង​​នោះ​មាន​វាយ​សី​ ប្រណាំង​កង់​ ទ្រីយ៉ាត្លុង​ វាយ​កូន​ឃ្លី​លើ​តុ​ ការ៉ាតេដូ​ គុន​ដាវ​ ទូក​ក្តោង​ កាយ​សម្ព័ន្ធ​ យូដូ​ កីឡារាំ​ ជិះ​សេះ​ វាយ​កូន​ហ្គោល​ ទូក​កានូ​ និង​រ៉ូវីង​ ខណៈ​ដែល​បាល់​បោះ​ និង​បាល់​ទះ ​ចង់​បាន​ត្រឹម​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក៏​អស់​ចិត្ត​ដែរ​។ ​ចំ​ណែក​កីឡា​ ដែល​ត្រៀម​ក្នុង​កម្រិត​ទី​៣ ​មាន​ E-sports លើក​ទម្ងន់​ កីឡាវ៉ូ​ស៊ូ​ សូរិន​ហ្ស៊ិកាំ​ប៉ូ​បញ្ចសិលា​ បាញ់​ធ្នូ​ បាញ់​កាំភ្លើង​ ប៊ី​យ៉ា​ស្នូឃ័រ​ ហុក​គី​ បាល់​ឱប​ បេស្បល​ និង​កីឡា​ឡើង​ភ្នំ​។​

លោក​ វ៉ាត់​ ចំរើន ​បាន​បញ្ជាក់​ពី​ជំនាញ​បច្ចេកទេស​ថា​៖ «​ដើម្បី​អនុវត្ត​ផែនការ​ឲ្យ​មាន​ប្រសិទ្ធភាព​ល្អ ​​មាន​គុណ​ផល​ល្អ ​និង​មាន​សក្តានុពល​ នៅ​ Asian Games និង​ស៊ីហ្គេម គឺ​ប្រភេទ​កីឡា​ចំាបាច់​ និង​បរិបទ​កម្ពុជា​បច្ចុប្បន្ន​ ត្រូវ​ផ្អែក​លើ​គោលការណ៍​សំខាន់ ​៤ ​ចំណុច ​ទី​១​ ឧបត្ថម្ភ​គ្រូ​បង្វឹក​ជំនាញ​មក​ពី​ក្រៅ​ប្រទេស​ ទី​២ មាន​​ទីលាន​ឧបករណ៍​​សម្ភារ​បច្ចេកទេស​បម្រើ​ការ​ហ្វឹកហាត់​ ទី​៣ ​ឧបត្ថម្ភ​ការ​ប្រកួត​ក្រៅ​ប្រទេស​ញឹកញាប់ ​និង​ទី​៤ ​ឧបត្ថម្ភ​ការ​ហ្វឹកហាត់​ក្រៅ​ប្រទេស​»៕​