The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា ត្រៀម​បម្រុង​ស្ទើរ​គ្រប់​ប្រភេទ​កីឡា ដែល​មាន​នៅក្នុង​ការប្រកួត​ស៊ីហ្គេម ចុង​ឆ្នាំ​នេះ




កម្ពុជា ត្រៀម​បម្រុង​ស្ទើរ​គ្រប់​ប្រភេទ​កីឡា ដែល​មាន​នៅក្នុង​ការប្រកួត​ស៊ីហ្គេម ចុង​ឆ្នាំ​នេះ

Content image - Phnom Penh Post
សកម្មភាព​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​រើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ ២០២០។

កម្ពុជា ត្រៀម​បម្រុង​ស្ទើរ​គ្រប់​ប្រភេទ​កីឡា ដែល​មាន​នៅក្នុង​ការប្រកួត​ស៊ីហ្គេម ចុង​ឆ្នាំ​នេះ

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) ព្រមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​គ្រោង​បញ្ជូន​ប្រភេទ​កីឡា​រហូត​ដល់ ៣២ ដើម្បី​ទៅ​ចូលរួម​ប្រកួតប្រជែង​រក​មេដាយ នៅ​ស៊ីហ្គេម លើក​ទី ៣១ ក្នុង​ប្រទេស​វៀតណាម នា​ចុង​ឆ្នាំ ២០២១ នេះ។

សម្រាប់​ការប្រកួត​ស៊ីហ្គេម​នៅ​ឆ្នាំ ២០២១ នេះ ម្ចាស់​ផ្ទះ​វៀតណាម បាន​សម្រេច​ដាក់​ប្រភេទ​កីឡា​ចំនួន ៤០ ដើម្បី​ឱ្យ​ប្រតិភូ​កីឡា មកពី​តាម​បណ្តា​ប្រទេស​ទាំង ១១ នៅក្នុង​តំបន់​អាស៊ាន ធ្វើការ​ប្រកួត​ប្រជែង​គ្នា ហើយ​នៅក្នុង​ប្រភេទ​កីឡា​ទាំង ៤០ នោះ គឺ​មាន​រហូត​ដល់ ៥២៦ វិញ្ញាសា ឬ ៥២៦ មេដាយមាស ដោយ​ក្នុង​នោះ​ការប្រកួត​កីឡា​ផ្នែក​បុរស មាន ២៥៦ មេដាយមាស ផ្នែក​នារី​មាន ២៣២ និង​ប្រកួត​ចម្រុះ​បុរស-នារី មាន​ចំនួន ៣៨ មេដាយមាស។

យោងតាម​ចំនួន​ប្រភេទ​កីឡា ដែល​ត្រូវបាន​ដាក់​ឱ្យ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម​លើក​នេះ​មាន​ន័យ​ថា កម្ពុជា​បាន​ត្រៀម​បម្រុង​ក្រុម​អត្តពលិក​របស់ខ្លួន ស្ទើរ​គ្រប់​ប្រភេទ​កីឡា គឺ​រហូត​ដល់ ៣២ ប្រភេទ​កីឡា ដើម្បី​ត្រៀម​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ាត់ ចំរើន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

Content image - Phnom Penh Post
ការប្រកួត​កីឡាបាល់ទះ ដែល​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​រៀបចំ​ឡើង កាលពី​ឆ្នាំ ២០២១ នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «នៅក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង ៤០ ដែល​ម្ចាស់ផ្ទះ​វៀតណាម​បាន​ដាក់ឱ្យ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ គឺ​កម្ពុជា​យើង​បាន​ត្រៀម​បម្រុង​ប្រភេទ​កីឡា​ចំនួន ៣២ ឱ្យ​ទៅ​ចូលរួម​ប្រកួត ដែល​ប្រភេទ​កីឡា​ទាំងនេះ សុទ្ធតែ​ជា​ប្រភេទ​កីឡា​ត្រូវបាន​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ ហើយ​ភាគច្រើន​ក៏​ជា​ប្រភេទ​កីឡា ដែល​មាន​សក្តានុពល ក្នុង​ការប្រជែង​រក​មេដាយ​ជូន​ជាតិ​ផងដែរ»។

តាម​ការបញ្ជាក់​របស់​លោក វ៉ាត់ ចំរើន គឺ​ប្រភេទ​កីឡា​ទាំង ៣២ ដែល​កម្ពុជា​ត្រៀម​បម្រុង​សម្រាប់​ការប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម ចុង​ឆ្នាំ​នេះ រួមមាន កីឡា​ប៉េតង់ តេក្វាន់ដូ (WT) ប្រដាល់​គុនខ្មែរ (Muay) ជឺជិតស៊ូ ចំបាប់ វ៉ូវីណាម ប្រដាល់សកល ប្រដាល់​ឃិកប៊ុកស៊ិង កាយវប្បកម្ម វាយ​កូនបាល់ អត្តពលកម្ម ហែល​ទឹក កីឡា Finswimming បាល់ទាត់ (លេង ១១ នាក់ និង​ហ្វុតសាល) បាល់ទះ បាល់បោះ ទូកកានូ-កាយ៉ាក វ៉ូស៊ូ ទោចក្រយាន (ប្រណាំង​កង់) កីឡា​រាំ គុនដាវ វាយកូនគោល កាយសម្ព័ន្ធ យូដូ ការ៉ាតេ សីប៉ាក់តាក្រ កីឡា​លើក​ទម្ងន់ បាញ់​កាំភ្លើង វាយ​កូនឃ្លី​លើ​តុ ទ្រីយ៉ាត្លុង កីឡា​អេឡិចត្រូនិក និង​កីឡា​អុកចត្រង្គ។

យោងតាម​ប្រភេទ​កីឡា ដែល​កម្ពុជា​បាន​ត្រៀម​បម្រុង​ទាំង ៣២ ប្រភេទ​កីឡា​នេះ គឺ​មានន័យថា កម្ពុជា​មិន​ចូលរួម​ប្រកួត​តែ​លើ​ប្រភេទ​កីឡា​ចំនួន ៨ ប៉ុណ្ណោះ សម្រាប់​ការប្រកួត​ស៊ីហ្គេម​ចុង​ឆ្នាំ ២០២១ នេះ​ក្នុង​នោះ​មាន​កីឡា បាញ់ធ្នូ បញ្ចសិលា កីឡា Kurash កីឡា Diving កីឡា Rowing កីឡា Handball កីឡា Billard និង​កីឡា Bowling៕

អត្ថបទគួរចាប់អារម្មណ៍