ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ទទួល​ការលើក​ទឹកចិត្ត​ខ្លាំង​ពី​អ្នកគាំទ្រ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ដំណើរ​វិល​មក​កាន់​មាតុប្រទេស​វិញ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ក្រុម​មួយ​នេះ​បាន​បន្ត​យក​ឈ្នះ​ក្នុង​ការទម្លាក់​ក្រុម​ម្ចាស់ផ្ទះ​ប៉ាគីស្ថាន ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​ជុំ​ទី​ ២ នៃ​វគ្គ​ជម្រុះ World Cup 2022 និង Asian Cup 2023 ដ៏គួរ​ឲ្យ​រំភើប​នោះ​។

កម្ពុជា​ឈ្នះៗ​គឺជា​ពាក្យពេចន៍​ដែល​ក្រុម​អ្នកគាំទ្រ​ជាច្រើន​នាក់​បាន​ស្រែក​ព្រម​គ្នា ដើម្បី​អបអរ​ចំពោះ​ការវិល​មក​កាន់​មាតុប្រទេស​វិញ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​ក្រុម​ឆៃយ៉ាំ​ក៏​មាន​វត្តមាន​ចាំ​ទទួល​ការវិល​មក​វិញ​នេះ​ផង​ដែរ​។

អ្វី​ដែល​កាន់តែ​រំភើប​ទៀត​នោះ​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​នាំ​យក​នូវ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​ ៣៧០០០ ​ដុល្លារ​មក​ជូន​ដល់​កីឡាករ គ្រូបង្វឹក ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សរុប​ទាំង​ ៣៧ ​នាក់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅក្នុង​ពេល​នោះ​ផង​ដែរ​ដើម្បី​ជា​ការលើក​ទឹកចិត្ត​សម្រាប់​ការទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​លើក​នេះ​។

លោក ភា សុភ័ក្ត្រា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ចាត់ទុក​ការយក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ប៉ាគីស្ថាន​ទាំង​ ២ ​ជើង​គឺ ២-០ ក្នុង​ទឹកដី និង​ឈ្នះ ២-១ នៅក្រៅ​ទឹក​នេះ​ថា ជា​ជ័យជម្នះ​ដ៏ធំធេង​បំផុត​។ លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ព្រលានយន្តហោះ​ថា​៖ «​ខ្ញុំ​គិត​ថា​ជ័យជម្នះ​នេះ គឺ​ធំធេង​សម្រាប់​ប្រទេសជាតិ​យើង ជាពិសេស​សកម្មភាព ឬ​វិស័យ​បាល់ទាត់​របស់​យើង​»​។

សម្រាប់​ការប្រកួត​កាត់​សេចក្តី​ជើង​ទី​ ២ នៅ​ពហុកីឡដ្ឋាន Hamad bin Khalifa Stadium នា​ទីក្រុង Doha ប្រទេស​កាតា​កាលពី​រាត្រី​ថ្ងៃ​អង្គារ​នោះ ក្រុម​ម្ចាស់ផ្ទះ​ប៉ាគីស្ថាន​បាន​ព្យាយាម​វាយលុក​មក​លើ​ក្រុម​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​ក្តីបារម្ភ​របស់​កម្ពុជា​កាន់តែ​រីក​ធំឡើង​នៅពេល​ខ្សែប្រយុទ្ធ Hassan Bashir រក​គ្រាប់​បាល់​បើកឆាក​ឲ្យ​ប៉ាគីស្ថាន​ត្រឹម​នាទី​ទី​ ១៨ តាមរយៈ​ការស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​របស់​គេ​នោះ​។

ទោះបី​ជា​យ៉ាងណា​ការព្យាយាម​លេង​ដោយ​ទំនុកចិត្ត និង​ការ​វាយបក​ទៅ​តាម​កាលៈទេសៈ​ជាក់ស្តែង​បាន​ផ្តល់​ឱកាស​ឲ្យ​កីឡាករ សេត រ៉ស៊ីប ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​ក្រុម​ប៉ាគីស្ថាន​បាន​ ១ ​គ្រាប់​វិញ​នៅ​នាទី​ទី​ ៦៤ ខណៈ​រូបគេ​បាន​ទទួល​ការបញ្ជូន​បាល់​យ៉ាង​ល្អ​បំផុត​ពី​ខ្សែប្រយុទ្ធ កែវ សុខផេង នោះ​ហើយ​នៅក្នុង​នាទី​ទី​ ៨៩ ខ្សែបម្រើ រ៉ឹង ប៊ុនហៀង បាន​បន្ថែម​ ១ ​គ្រាប់​ទៀត ដើម្បី​ជួយ​ឲ្យ​កម្ពុជា​បន្ត​ឈ្នះ​លើ​ក្រុម​ប៉ាគីស្ថាន ២-១ ដ៏គួរ​ឲ្យ​រំភើប​បំផុត​។

ជាមួយ​ការរក​បាន​ ១ ​គ្រាប់​ជួយ​ឲ្យ​កម្ពុជា​បន្ត​ឈ្នះ​លើ​ក្រុម​ប៉ាគីស្ថាន​នេះ រ៉ឹង ប៊ុនហៀង ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​កីឡាករ​បម្រុង​នោះ​បាន​និយាយ​ថា​៖ «​យើង​មិន​បាន​ធ្លាក់​ទឹកចិត្ត​នៅក្នុង​ការប្រកួត​នោះ​ទេ​គឺ​យើង​មាន​តែ​ខំប្រឹង​ឲ្យ​ឈ្នះ​ហើយ ឈ្នះ​ទៀត​ហើយ​ជ័យជម្នះ​លើក​នេះ ដោយសារ​យើង​លេង​សហការ​គ្នា​បាន​ល្អ ពិសេស​លោកគ្រូ Keisuke Honda បាន​ប្រាប់​យើង​ពី​បច្ចេកទេស​ល្អៗ ដោយ​ឲ្យ​យើង​ចេះ​ស្រឡាញ់​គ្នា និង​សាមគ្គី​គ្នា ដើម្បី​ទទួល​បាន​ជោគជ័យ​ទៅ​ថ្ងៃ​មុខ​ទៀត​»​។

តាមរយៈ​ការឈ្នះ​ទាំង​ ២ ​ជើង​លើ​ក្រុម​ប៉ាគីស្ថាន​ជាមួយ​លទ្ធផល​សរុប ៤-១ នេះ​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឡើង​ទៅ​កាន់ការ​ប្រកួត​ជុំ​ទី​ ២ ជា​លើក​ទី​ ២ ក្រោម​ការដឹកនាំ​រួម​គ្នា​របស់​គ្រូបង្គោល​លោក Felix Dalmas និង​អ្នក​ចាត់ការ​ទូទៅ​ក្រុម​លោក Keisuke Honda ព្រមទាំង​គ្រូ​ជំនួយ​របស់​កម្ពុជា​មួយ​ចំនួន​ទៀត​ហើយ​ជុំ​ទី​ ២ ដែល​មាន​ ៨ ​ពូល​នោះ​នឹង​ធ្វើការ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​ ១៧ ខែ​កក្កដា​ឆ្នាំ​ ២០១៩ នៅ​ទីក្រុង Doha ប្រទេស​កាតា​ខាង​មុខ​នេះ​៕