ភ្នំពេញ៖ ​ស្ថាប័ន​ជំនាញ​ផ្នែក​កីឡា​ប្រចាំ​នៅ​កម្ពុជា គឺ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​​ក្រសួង​ទេសចរណ៍​គ្រោង​នឹង​សហការ​ជាមួយ​​ភាគី​ចិន ​​​បង្កើត​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ជា​ប្រវត្តិសាស្រ្ត​​មួយ​រយៈពេល ​៣ ​ថ្ងៃ នៅ​លើ​ទឹក​ដី​អង្គរ ដើម្បី​ផ្សព្វផ្សាយ​ព្រលឹង​ក្បាច់​គុន​ខ្មែរ​ទៅ​​កាន់​ពិភព​លោក និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​តំបន់​អង្គរ​ឲ្យ​កាន់​តែ​មាន​ចំនួន​ច្រើន​ថែម​ទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«យើង​បាន​ពិភាក្សា​ជាមួយ​ខាង អ្នក​​ក្បាច់​គុន​ចិន (សៅលិញ) ​ថា យើង​នឹង​រៀបចំ​មហាស្រព​យុទ្ធគុន​ពិភព​លោក​មួយ​នៅ​អង្គរ ហើយ​នេះ​ជា​សញ្ញាណ​នៃ​ទំនាក់ទំនង​មិត្តភាព ព្រម​ទាំង​ការ​រឹត​បន្តឹង​ និង​ពង្រឹង​សាមគ្គីភាព មិត្តភាព ​រវាង​ប្រទេស​ទាំង ​២ ក្នុង​ការ​បញ្រ្ជាប និង​ផ្លាស់ប្តូរ​វប្បធម៌​​ក្បាច់​គុន​រវាង​ប្រជាជន និង​ប្រជាជន ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​រលូន»។

«យុទ្ធគុន​ចក្រភព​អង្គរ» អាច​ជា​ឈ្មោះ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ ហើយ​​ការ​ទៅ​ទស្សនកិច្ច​​​របស់​​អ្នក​ជំនាញ​កីឡា​កម្ពុជា នៅ​វត្ត​សៅលិញ ប្រទេស ​ចិន និង​ការ​នាំ​យក​កីឡាករ​សៅលិញ ឲ្យ​មក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក នៅ​បុណ្យ​សមុទ្រ​ខេត្ត​កំពត​កាល​ពី​ចុង​ឆ្នាំ ​២០១៩ ​ត្រូវ​បាន​លោក​ វ៉ាត់ ចំរើន ចាត់​ទុក​ថា​ជា​កិច្ច​សហប្រតិបត្តិការ​​ក្បាច់​គុន​​ប្រកប​ដោយ​ជោគជ័យ ដែល​នាំ​ឲ្យ​ភាគី​ទាំង ​២ ឈាន​ដល់​ការ​រៀបចំ​គម្រោង​បង្កើត​ព្រឹត្តិការណ៍​យុទ្ធគុន​ពិភព​លោក​នេះ​ឡើង។​

លោក វ៉ាត់ ចំរើន បាន​បន្ត​ថា៖​ «កម្ពុជា និង​ចិន បាន​ផ្លាស់ប្តូរ​បទពិសោធ​ជាមួយ​គ្នា​ច្រើន ហើយ​គម្រោង​បង្កើត​យុទ្ធគុន​ពិភព​លោក​​នេះ យើង​បាន​ត្រៀម​រៀបចំ​ហើយ ដែល​អាច​នៅ​ក្នុង​​ឆ្នាំ ២០២០ ​នេះ ឬ​​ឆ្នាំ​ក្រោយ​នៅ​អង្គរ​របស់​យើង ព្រោះ​នៅ​ទីនោះ​ជា​តឹកតាង​ក្នុង​ការ​ដាក់​បង្ហាញ​ឲ្យ​គេ​ស្គាល់​អំពី ក្បាច់​គុន​ដ៏​ចំណាស់​របស់​ខ្មែរ​ ដែល​មាន​​ភ័ស្តុតាង​ស្រាប់​នៅ​តាម​ជញ្ជាំង​ប្រាង្គ​ប្រាសាទ​អង្គរ»។

ជាមួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ផង​នោះ បាន​ចាត់​ទុក​​ព្រឹត្តិការណ៍​យុទ្ធគុន​ពិភព​លោក​នោះ ថា​ជា​ព្រឹត្តិការណ៍​យុទ្ធគុន​ទេសចរណ៍​ផង​ដែរ ដែល​វា​មាន​ទំនាក់ទំនង​គ្នា​មិន​អាច​កាត់​ផ្តាច់​បាន ខណៈ​លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន NOCC ជា​មនុស្ស​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សារ​ភ្ជាប់​កីឡា និង​ទេសចរណ៍ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​សង្គម​ជាតិ។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖​ «ការ​រឹត​ចំណង​រវាង​ក្បាច់​គុន​កម្ពុជា និង​ក្បាច់​គុន​ចិន (សៅ​លិញ) វា​ជា​រឿង​សំខាន់​មួយ ដែល​ឯកឧត្តម ថោង ខុន បាន​ធ្វើ​ឲ្យ​មាន​ព្រឹត្តិការណ៍​យុទ្ធ​គុន​ទេសចរណ៍ ដោយ​យើង​បាន​ទៅ​សិក្សា​នៅ​វត្ត​សៅលិញ ហើយ​ឃើញ​ថា វត្ត​សៅលិញ​មាន​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់ ក្នុង ​១ ឆ្នាំៗ បាន​ទៅ​មើល​ទីតាំង និង​ការ​បង្ហាញ​​ក្បាច់​គុន​នៅ​ទីនោះ អ៊ីចឹង​យើង​រៀន​សូត្រ​តាម​គេ ដើម្បី​ឲ្យ​អង្គរ​របស់​យើង​ក្លាយ​ទៅ​ជា​កន្លែង​មួយ ដែល​រក្សា​នូវ​មរតក​ក្បាច់​គុន និង​ផ្សព្វផ្សាយ​នូវ​ចំណេះ​ដឹង និង​​ប្រវត្តិ​ក្បាច់​គុន​របស់​​បុព្វបុរស​ខ្មែរ​ ​ទៅ​ឲ្យ​ភ្ញៀវជាតិ និង​អន្តរជាតិ​បាន​ដឹង»។

ជាមួយ​គម្រោង​​​នេះ លោក វ៉ាត់ ចំរើន មាន​ការ​រំពឹង​ថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ និង​អ្នក​និយម​ក្បាច់​គុន​រាប់​លាន​នេះ ឲ្យ​មក​កាន់​តំបន់​អង្គរ។ លោក​បាន​បញ្ជាក់​ថា៖ ​«ទេសចរណ៍​ក្បាច់​គុន ជា​ទេសចរណ៍​មួយ​ដែល​អាច​ទាក់ទាញ​អ្នក​ហាត់​ក្បាច់​គុន​រាប់​សិប​លាន​នាក់​មក​កម្ពុជា ព្រោះ​អ្នក​ទាំង​នោះ ឲ្យ​តែ​ឭថា មាន​រៀបចំ​ព្រឹត្តិការណ៍ បែប​នេះ​គាត់​នឹង​មក​ចូលរួម ដើម្បី​ទស្សនា​ហើយ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​ «​នេះ ជា​ការ​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ទៀត តាមរយៈ​យុទ្ធគុន​របស់​ខ្មែរ​យើង និង​យុទ្ធគុន​ចម្រុះ​នៅ​លើ​ពិភព​លោក ហើយ​គោលដៅ​សំខាន់ ដើម្បី​ទាក់ទាញ​ទេសចរ និង​ពង្រីក​សក្តានុពល​វប្បធម៌​ព្រលឹង​ក្បាច់​គុន​ជាតិ​របស់​យើង​ទៅ​កាន់​ពិភព​លោក ខណៈ​ព្រឹត្តិការណ៍​នេះ យើង​នឹង​ធ្វើ​ជាមួយ​​គ្នា​នឹង​ទិវា​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរ​ក្នុង​ខែ​ធ្នូ ដោយ​យើង​នឹង​ធ្វើ ​៣ យប់ ​៣ ថ្ងៃ​តែ​ម្តង»៕