ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ រដូវ​កាល​ថ្មី លើក​ទី ៧ របស់​សង្វៀន​អាស៊ី​អាគ្នេយ៍ នឹង​ចាប់​ផ្តើម​ប្រកួត រៀងរាល់​ល្ងាច​ថ្ងៃ​សៅរ៍ ដែល​តម្រូវ​ទៅ​លើ​កីឡាករ​កម្ពុជា និង​ថៃ​សរុប​ចំនួន ៨ នាក់ ចែក​ចេញ​ជា ២ ពូល ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ហើយ​សមាស​ភាព​អ្នក​ប្រដាល់​ទាំង ៨ នាក់​នេះ មាន ទាំង​អ្នក​ប្រដាល់​ជើង​ចាស់ មាន​បទ​ពិសោធ​យូរ​ឆ្នាំ និង​ជើង​ថ្មី​ទើប​តែ​ទទួល​បាន​ការ​គាំទ្រ។

តាម​ការប្រកាស​ក្នុង​សន្និសីទកាសែត កាលពី​ចុង​សប្តាហ៍​មុន បាន​ឲ្យ​ដឹងថា ភាគី​កម្ពុជា ដែល​ឈរ​នៅ​ពូល A មាន​កីឡាករ សូត្រ ប៊ុនធី,ឃីម បូរ៉ា, សុខ ខេវិន និង​ជើង​ថ្មី លី ភា ចំណែក​ភាគី​ថៃ ក្នុង​ពូល B មាន​ជើង​ចាស់ Phat Chhayakphum និង PhatNgenthong និង​ជើង​ថ្មី Phat Maha និង PhaThana។

ចំពោះ​រូបមន្ត​ប្រកួត គឺ​នឹងត្រូវ​ធ្វើឡើង​ដូច​លើកមុនៗដែរ គឺ​កីឡាករ​កម្ពុជា​ទាំង ៤ នាក់ ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​វិល​ជុំ​ជាមួយ អ្នក​ប្រដាល់​ថៃ​ទាំង ៤ គឺ​អ្នក​ឈរ​នៅ​ពូល​ជាមួយ​គ្នា មិន​ជួប​គ្នា​ទេ ហើយ​ក្រោយ​ការ​ប្រកួត​វិល​ជុំ​ចំនួន ៤ លើក​បាន​បញ្ចប់ គឺ​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ក្នុង​ពូល A និង​ពូល B ត្រូវ​ឡើង​ទៅ​ប្រកួត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​ម្តង។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានដាក់​គោលការណ៍​ម៉ឺង​ម៉ត់ សម្រាប់​ការ​ប្រកួត​លើក​នេះ។ លោក​បាន​សង្កត់​ធ្ងន់​ថា៖ «កីឡាករ និង​គណៈ​កម្មការ​ចៅក្រម ត្រូវ​អនុវត្ត​តាម​បទបញ្ជា​ការ​ប្រកួត ដោយ​ម៉ឺងម៉ាត់។ អ្នក​ធ្វើ​អ្វី​ដែល​ខុស ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង គឺ​លែង​មាន​ការ​យោគ​យល់​បន្ត​ទៀត​ហើយ អ៊ីចឹង​អ្នក​មិន​ចេះ​កែ​ខ្លួន ត្រូវ​តែ​ទទួល​ពិន័យ​តាម​ច្បាប់ ជា​ធរមាន»។

ជាមួយគ្នានេះ លោក តែម ម៉ឺន បាន​បន្ថែមថា៖ «រូបមន្ត​ប្រកួត មិនត្រូវ​មានការ​ផ្លាស់​ប្តូរ​ក្នុង​អំឡុង​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​នោះ​ទេ គឺ​អនុវត្ត​ឲ្យ​បាន​ល្អ​ជា​ដាច់​ខាត រហូត​ចប់​ចុង​ចប់​ដើម​ហើយ​ការ​ប្រកាស​លទ្ធផល​ក្រោយ​ការ​ប្រកួត ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព គឺ​ប្រកាស​ដោយ​ពិធីករ​ចំៗ​ឈ្មោះ​ចៅក្រម​តែ​ម្តង ព្រោះ​ការ​ធ្វើ​ដូច​នេះ​ទើប​មហាជន​ដឹង​ថា ចៅក្រម​ណា​ដែល​ផ្តល់​ពិន្ទុ​ផ្ទុយ​ពី​គេ»។

ចំណែក​លោក ហ៊ុយ សុខា នាយក​ទីផ្សារ​ខា​រ៉ា​បាវ បាន​ថ្លែងថា៖ «ក្រុមហ៊ុន នៅតែ​បន្ត​ការ​ឧបត្ថម្ភ​ជានិច្ច ចំពោះ​កម្មវិធី​ប្រដាល់​ដ៏​ទាក់​ទាញ​នេះ ព្រោះ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​នេះ​យើង​សហការ​គ្នា​បាន​ល្អ ក្នុង​ការ​ប្រកួត ដោយ​ក្នុង​នោះ​មាន​ភាព​អវិជ្ជមាន​តិច​តួច​បំផុត»។

ទាក់ទង​ទៅនឹង​ប្រាក់រង្វាន់ ដែល​ម្ចាស់​ជយលាភី នឹងត្រូវ​ទទួលបាន លោក ញាន សុធី​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រកួត​នេះ បាន​ឲ្យ​ដឹង​ថា អ្នក​ឈ្នះ​លេខ ១ នឹង​ទទួល​បាន​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់ ៥០០០ ដុល្លារ ឯ​អ្នក​ចាញ់​បាន​លេខ ២ បាន​ពាន ១ និង​ប្រាក់​ចំនួន ៣០០០ ដុល្លារ។

លោក​បន្ថែមថា៖ «សម្រាប់​ការប្រកួត​រដូវ​កាល​ទី ៧ នេះ នឹង​ចាប់ដំណើរការ​ប្រកួត ពីថ្ងៃ​ទី ៨ ខែ​កញ្ញា តទៅ ដោយ​គ្រោង​ប្រកួត​ចំនួន ១១ សប្តាហ៍ បញ្ចប់​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដោយ​គ្មាន​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ​ទេ»៕