ភ្នំពេញៈ កីឡាករកម្ពុជា ម៉ា វីរ៉ូ និងកីឡាការិនីមកពីអង់គ្លេស Hamill Jill បន្តគ្រងតំណែងជើងឯកក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី ៨ ឆ្នាំ ២០១៨ ស្របពេលអ្នកចូលរួមប្រកួតនៅឆ្នាំនេះត្រូវបានប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សរសើរថា មានការយល់ដឹងកាន់តែច្រើនលើបញ្ហាបរិស្ថាន។
តាមការប្រកួតពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ ២១ គីឡូម៉ែត្រដែលបានចេញដំណើរ និងបញ្ចប់ទីនៅមុខព្រះបរមរាជវាំងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ម៉ា វីរ៉ូ បានរត់វ៉ាដាច់កីឡាករជប៉ុនមានសញ្ជាតិខ្មែរ Takizaki Kuniaki នូវកំណត់ផ្លូវចុងក្រោយដើម្បីបន្តឈ្នះជើងឯកជាថ្មីម្តងទៀត។
កីឡាករជម្រើសជាតិកម្ពុជា ម៉ា វីរ៉ូ បានប្រើពេល ១:១៦:៣០ ម៉ោង គឺតិចជាង Takizaki Kuniaki ដែលប្រើពេល ១:១៧:៥១ ម៉ោងហើយ Homma Hiroshi របស់ជប៉ុនប្រើពេល ១:១៨:១៩ ម៉ោង ដើម្បីបានលេខ ៣ ។
ចំណែកកីឡាការិនី Hamill Jill បានបន្តគ្រងតំណែងជើងឯកផ្នែកនារី ហើយថិរវេលាដែលនាងធ្វើបានគឺល្អ។ អ្នកចូលរួមរត់រាប់ពាន់នាក់បានលាន់មាត់សរសើរពីកម្រិតនៃការរត់របស់ Hamill Jill ខណៈកីឡាការិនីអង់គ្លេសរូបនេះបានរត់វ៉ាដាច់ទាំងក្រុមកីឡាកររត់ចម្ងាយ ២១ គីឡូម៉ែត្រផ្សេងៗរាប់រយនាក់ទៀតនោះ។
Hamill Jill បានចំណាយពេលត្រឹម ១:២៩:០៣ ម៉ោងគឺមានគម្លាតខុសពីជើងឯកផ្នែកបុរសជាង ១២ នាទីទេ។ រីឯកីឡាការិនីលេខ ២ របស់ជប៉ុន Sasaki Natsuko ប្រើពេល ១:៣៦:១៦ ម៉ោង ហើយកីឡាការិនីមកពីវៀតណាម Yeuvo Jencks ធ្វើក្នុងថិរវេលា ១:៤៥:១៥ ម៉ោង ដើម្បីទទួលបានលេខ ៣។
ក្រៅពីការរត់ចម្ងាយ ២១ គ.ម នេះក៏មានការរត់ចម្ងាយ ១០ គីឡូម៉ែត្រ និងការរត់បែបកម្សាន្ត ៣ គីឡូម៉ែត្រ (បុរស-នារី) ផងដែរហើយលោក ថោង ខុន ប្រធាន NOCC ថ្លែងក្រោយការប្រកួតថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង ដើម្បីអបអរថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែ នរោត្តម មុនិនាថ នេះបានបញ្ចប់ដោយជោគជ័យដោយមានអ្នកចូលរួមសរុបចូល ៥០០០ នាក់មកពី ៣៦ ប្រទេសគឺកើនឡើងជាងឆ្នាំមុនប្រមាណ ១៥ ភាគរយ ខណៈជប៉ុន ចិន និងបារាំងបានចូលរួមច្រើនជាងប្រទេសផ្សេងទៀត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានសរសើរពីការយល់របស់អ្នកចូលរួមក្នុងកិច្ចការការពារបរិស្ថានផងដែរ។ លោកបានថ្លែងថា៖ «ពាក្យស្លោករបស់យើងគឺរត់ដើម្បីទីក្រុងស្អាតធ្វើយ៉ាងណាឲ្យទីក្រុងភ្នំពេញយើង ក្លាយជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញ អ៊ីចឹងបងប្អូនទាំងអស់ស្តាប់បាន និងយល់ពីអ្វីថាជាអនាម័យស្អាត ទីក្រុងស្អាត និងខិតខំការពារបរិស្ថាន ដោយលើកនេះបងប្អូន មិនបោះចោលសំរាមផ្តេសផ្តាសទេ សូម្បីតែដបទឹកសុទ្ធជ្រុះក៏បងប្អូនរើសដោយខ្លួនឯងយកទៅដាក់ក្នុងធុងសំរាមដែរ។ នេះបង្ហាញថាការយល់ដឹងរបស់បងប្អូនគឺមានការរីកចម្រើនណាស់ពី ១ ឆ្នាំទៅ ១ ឆ្នាំ»៕