ភ្នំពេញៈ ក្រុម​ជម្រើស​លីក​កម្ពុជា (Cambodia All Stars) បាន​រួម​គ្នា​បង្កើត​នូវ​ស្នាមញញឹម​ដ៏មាន​ន័យ​មួយ តាមរយៈ​ការយក​ឈ្នះ​ក្រុម​ខ្លាំង​លីក​កំពូល​ថៃ Muangthong United ២-១ ដើម្បី​លើក​ពាន​ការប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​យប់​ថ្ងៃ​សៅរ៍ ហើយ​ជ័យជម្នះ​នេះ វា​ក៏​ជា​ការទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ឲ្យ​វិល​ទៅ​គាំទ្រ​ដល់​ការប្រកួត​លីក​កំពូល​រដូវកាល​ថ្មី​ដែល​នឹង​ចាប់​ដំណើរការ​នៅ​ខែ​មីនា​ផង​ដែរ​។

បើ​ទោះបីជា​ការប្រកួត​នេះ​ហាក់​មាន​លម្អៀង​គ្នា​បន្តិច ដោយសារ​ខាង​កម្ពុជា ជ្រើសរើស​កីឡាករ​ល្អៗ​ចេញពី​លីក​កំពូល​កម្ពុជា ឬ​សឹង​តែ​មួយ​ប្រទេស ខណៈ​ខាង​ភាគី​ថៃ​យក​តែ​កីឡាករ​មួយ​ក្លិប​មក​ប្រកួត ប៉ុន្តែ Muangthong United គឺជា​ក្រុម​ម្ចាស់​ជើងឯក​ ៤ ​សម័យកាល​នៃ​លីក​កំពូល​ថៃ​ដែល​មាន​គុណភាព​លេង​ខ្លាំង និង​អាច​ចាត់ទុក​ថា​ជា​ក្លិប​យក្ស​ដ៏ធំ​នៅ​លីក​កំពូល​ថៃ​ទៅ​ហើយ​។

បន្ថែម​លើ​នេះ Muangthong ធ្លាប់​បាន​លត់​ក្រុម Cambodia All Stars ដល់ ៤-០ សម្រាប់​ការប្រកួត​អន្តរជាតិ​លើក​ទី​ ២ កាលពី​ឆ្នាំ​ ២០១៧ គឺ​បន្ទាប់ពី​ក្រុម​មួយ​នេះ​បាន​ចាញ់ Cambodia All Stars ៤-៣ ឆ្នាំ​ ២០១៦​។ ហេតុនេះ​ជ័យជម្នះ​លើក​នេះ​បាន​ទទួល​ការ​សាទរ​ច្រើន​ពី​អ្នកគាំទ្រ​បាល់ទាត់​នៅ​កម្ពុជា បើ​ទោះបី​ជា​ចំនួន​អ្នក​ទស្សនា​ផ្ទាល់​មាន​ការធ្លាក់​ចុះ​បើ​ប្រៀបធៀប​ទៅ​នឹង​ការប្រកួត​ ២ ​លើក​កន្លង​មក​ក្តី​។

លោក ភា សុភ័ក្ត្រា ដែល​ជា​គ្រូបង្គោល​ដឹកនាំ​ក្រុម Cambodia All Stars លើក​នេះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «​ការយក​ឈ្នះ​ក្រុម Muangthong លើក​នេះ​វា​ជា​កាដូ​ជូន​ដល់​អ្នកគាំទ្រ​ទាំងអស់​គ្នា ហើយ​ជ័យជម្នះ​នេះ​វា​កើត​ចេញ​ពី​ការខិតខំ​ប្រឹងប្រែង​រួម​គ្នា ពិសេស​ការលេង​ជា​ក្រុម និង​ការធ្វើ​ការងារ​ជា​ក្រុម​មាន​ការយល់​ចិត្ត​គ្នា​ល្អ គឺ​កីឡាករ​របស់​យើង​មាន​ការទទួល​ខុសត្រូវ​ទាំង​ទៅ​លើ​ការការពារ និង​ផែនការ​វាយបក​ដោយ​ពួកគាត់​បាន​ព្យាយាម​ធ្វើ​ល្អ​តាម​ការរៀបចំ​របស់​យើង​»​។

ជាមួយ​នឹង​ជ័យជម្នះ​នេះ​លោក ភា សុភ័ក្ត្រា ដែល​ទើប​លាឈប់​ពី​គ្រូ​បង្គោល​ក្រុម​ក្រសួង​ការពារជាតិ​បាន​ចាត់ទុក​ជ័យជម្នះ​នេះ​ថា​ជា​ចលករ​មួយ​ក្នុង​ការទាក់ទាញ​អ្នកគាំទ្រ​ឲ្យ​វិល​មក​គាំទ្រ​ដល់​លីក​កំពូល​វិញ​។ លោក​និយាយ​ថា​៖ «​ខ្ញុំ​នឹង​មាន​សម្ពាធ​ខ្លាំង បើសិន​ជា​ការប្រកួត​នេះ អ្នក​គាំទ្រ​ទទួល​បាន​ការខកចិត្ត​ខ្លាំង​ទៅ​នឹង​លទ្ធផល​ដែល​វា​អាច​នឹង​ជះឥទ្ធិពល​ទៅ​ដល់​លីក​កំពូល​យើង អ៊ីចឹង​ខ្ញុំ​បាន​ជំរុញ​ផ្លូវ​ចិត្ត​កីឡាករ​ខ្លាំង​តែ​ម្តង​សម្រាប់​ការយក​ឈ្នះ​នេះ ពីព្រោះ​វា​ជា​ឱកាស​មួយ​ក្នុង​ការទាក់ទាញ​ទៅ​ដល់​អ្នកគាំទ្រ​របស់​យើង​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​កីឡាករ​ទាំងនេះ​សុទ្ធតែ​បាន​ជ្រើសរើស​ចេញ​ពី​លីក​កំពូល​កម្ពុជា អ៊ីចឹង​លទ្ធផល​ឈ្នះ​លើក​នេះ ខ្ញុំ​គិត​ថា​នឹង​ធ្វើឲ្យ​អ្នកគាំទ្រ​ប្តូរ​ចិត្ត​គំនិត​ក្នុង​ការវិល​មក​គាំទ្រ​ដល់​ការប្រកួត​លីក​កំពូល​របស់​យើង​វិញ​។ អ៊ីចឹង​ហើយ គ្មាន​កីឡាករ​ណា​ម្នាក់​បាន​ទម្លាក់​ការប្រឹងប្រែង​របស់​ពួកគាត់​ក្នុង​ការប្រកួត​នេះ​ទេ គឺ​ការ​ប្រឹងប្រែង​របស់​គាត់​ខ្ពស់​ណាស់​ទើប​យើង​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Muangthong»​។

តាម​ការប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ ក្រុម Cambodia All Stars បាន​បង្ហាញ​ការលេង​យ៉ាង​ល្អ ហើយ​នៅ​ត្រឹម​នាទី​ទី​ ២២ គួច សុកុម្ភៈ បាន​លើក​បាល់​រំលង​ខ្សែការពារ​ក្រុម Muangthong ដើម្បី​ឲ្យ Privat តែ​តបាល់​នោះ​បញ្ចូល​ទី​យ៉ាង​ល្អ​។ បន្ទាប់មក Privat បាន​អូស​បាល់​រំលង​កីឡាករ Muangthong ២ ​ទៅ​ ៣ ​នាក់​រួច​បញ្ជូន​បាល់​នោះ​ទៅ​ឲ្យ ឈិន ឈឿន ស៊ុត​ជើងឆ្វេង​បញ្ជូល​ទី​ ១ ​គ្រាប់​ទៀត​នៅ​នាទី​ទី​ ៣៧ មុនពេល​ខ្សែប្រយុទ្ធ​ប្រេស៊ីល Heberty ទាត់បាល់​ហ្វ្រីឃីក​បញ្ចូល​ទី​យ៉ាង​ស្អាត​ឲ្យ Muangthong បាន​ ១ ​គ្រាប់​នៅ​នាទី​ទី​ ៧៥៕