ភ្នំពេញ: អ្នកជំនាញខាងរៀបចំការប្រកួតកីឡាស៊ីហ្គេមលោក Sheik Kok Chi បានធ្វើការវាយតម្លៃទៅតាមបទពិសោធរបស់លោកថា ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ខាងមុខកម្ពុជាអាចចំណាយជាង ២០០ លានដុល្លារទៅលើការបណ្តុះធនធានមនុស្ស និងសម្រាប់រៀបចំការប្រកួត។
ដោយមានការបកប្រែសម្រួលពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក Sheik Kok Chi បានថ្លែងបែបនេះថា៖ «CAMSOC ត្រូវមានតម្រូវការចាំបាច់មួយដែលខ្ញុំគិតថា កម្ពុជាអាចនឹងចំណាយថវិកាជាង ២០០ លានដុល្លារសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ ដោយក្នុងនោះអាចថាចំណាយ ១០០ លានដុល្លារទៅលើការអភិវឌ្ឍការហ្វឹកហាត់ក្នុងការពង្រឹងសមត្ថភាពរបស់អត្តពលិកក្នុងវិស័យកីឡារបស់កម្ពុជាហើយ ១០០ លានដុល្លារទៀតសម្រាប់រៀបចំការប្រកួតស៊ីហ្គេម»។
លោកបន្ថែមថា៖ «ប៉ុន្តែនេះគ្រាន់តែជាការប៉ាន់ប្រមាណទៅតាមបទពិសោធរបស់ខ្ញុំតែប៉ុណ្ណោះ ចំណែកការចំណាយជាក់ស្តែងវាអាចមានការប្រែប្រួលទៅតាមការរៀបចំព្រោះបើយើងកាត់បន្ថយចំនួនប្រភេទកីឡា វាក៏បានជួយសម្រួលទៅដល់ការចំណាយរបស់ប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះផងដែរ»។
ការលើកឡើងរបស់លោក Sheik Kok Chi ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ហៅកាត់ថា CAMSOC នៅទីស្តីការគណៈរដ្ឋមន្ត្រីក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាប្រធាន CAMSOC លោក ថោង ខុន ប្រធាន NOCC និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតកាលពីថ្ងៃពុធសប្តាហ៍មុន។
ជុំវិញការវាយតម្លៃទៅលើការចំណាយធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ របស់លោក Sheik Kok Chi នេះលោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្រោយកិច្ចប្រជុំថា៖ «លោកសាស្ត្រាចារ្យ Sheik Kok Chi គ្រាន់តែបង្ហាញនូវបទពិសោធ និងជំនាញរបស់គាត់ដែលគាត់ប៉ាន់ប្រមាណថា ការធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ របស់យើងអាចចំណាយក្នុងរង្វង់ ២០០ លានដុល្លារ ប៉ុន្តែសំខាន់វាអាស្រ័យទៅលើយើងព្រោះយើងអាចរៀបចំទៅតាមតម្រូវការរបស់យើងជាម្ចាស់ផ្ទះប៉ុណ្ណោះ ហើយវាក៏តម្រូវទៅតាមប្រភេទកីឡាផងដែរ»។
ទោះបីជាយ៉ាងណាតាមតួលេខចំណាយនៃការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមរបស់ប្រទេសឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងប្រទេសសិង្ហបុរីដែលបង្ហាញដោយលោក Sheik Kok Chi គឺប្រទេសជាម្ចាស់ផ្ទះទាំងនេះសុទ្ធតែបានចំណាយថវិកាអស់លើសពី ២០០ លានដុល្លារអាមេរិក ខណៈម៉ាឡេស៊ីក៏បានចំណាយច្រើនដូចគ្នា។
តាមការរៀបរាប់របស់លោក Sheik Kok Chi គឺការប្រកួតកីឡាស៊ីហ្គេមលើកទី ២៦ ឆ្នាំ ២០១១ ម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានចំណាយអស់ប្រមាណ ៣៤០ លានដុល្លារ ឯស៊ីហ្គេមលើកទី ២៧ នៅឆ្នាំ ២០១៣ ប្រទេសមីយ៉ាន់ម៉ាចំណាយអស់ប្រមាណ ៣៥៣ លានដុល្លារ ហើយស៊ីហ្គេមលើកទី ២៨ ឆ្នាំ ២០១៥ ម្ចាស់ផ្ទះសិង្ហបុរីបានចំណាយអស់ប្រមាណ ២៣៣ លានដុល្លារ ខណៈស៊ីហ្គេមលើកទី ២៩ ឆ្នាំ ២០១៧ គឺនៅម៉ាឡេស៊ីជាម្ចាស់ផ្ទះបានចំណាយអស់ប្រមាណ ១០៥ លានដុល្លារ ប៉ុន្តែចំនួននេះម៉ាឡេស៊ីមិនទាន់បូកបញ្ចូលការអភិវឌ្ឍធនធានមនុស្សអស់ខ្ទង់ជាង ១០០ លានដុល្លារនៅឡើយ។
យ៉ាងណាក៏ដោយលោក Sheik Kok Chi បានធ្វើការអះអាងថាប្រទេសកម្ពុជានឹងទទួលបាននូវសារប្រយោជន៍ជាច្រើនពីការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងនៅឆ្នាំ ២០២៣ ខាងមុខ។ លោកបានថ្លែងថា៖ «កម្ពុជានឹងទទួលបានអត្ថប្រយោជន៍មកវិញច្រើនពីការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនេះគឺទី ១ យើងនឹងទទួលបាននូវហេដ្ឋានរចនាសម្ព័ន្ធកីឡារឹងមាំដែលជាមរតកសម្រាប់អ្នកជំនាន់ក្រោយហើយទី ២ ទទួលបានភាពរឹងមាំ និងភាពប្រសើរឡើងក្នុងការគ្រប់គ្រងដឹកនាំរបស់ចលនាអូឡាំពិកនៅកម្ពុជា»។
អ្នកជំនាញការកីឡាស៊ីហ្គេមដ៏មានបទពិសោធរូបនេះបានបន្ថែមថា៖ «ចំណែកទី ៣ កម្ពុជានឹងទទួលបាននូវការសហប្រតិបត្តិការក្នុងភាពជាដៃគូនៃចលនាអូឡាំពិក និងរដ្ឋាភិបាលកម្ពុជាបានរឹងមាំល្អទី ៤ យើងនឹងទទួលបាននូវភាពរឹងមាំទៅលើកត្តាដឹកនាំក៏ដូចជាបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិទី ៥ ធ្វើឲ្យមានភាពស្តង់ដាលើបច្ចេកទេសនៃកីឡារបស់កម្ពុជាកាន់តែឡើងខ្ពស់ទៀតទី ៦ យើងទទួលបាននូវភាពជាដៃគូក្នុងការពង្រឹងការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋក្នុងការជួយការងារកីឡា និងការងារសង្គមហើយទី ៧ យើងបានបង្កើតនូវមូលដ្ឋាននៃធនធានថវិការឹងមាំសម្រាប់គាំទ្រដល់ចលនាអូឡាំពិកនៅកម្ពុជា»។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នោះដែរលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានជំរុញឲ្យក្រុមការងាររបស់ CAMSOC ពន្លឿនការអនុវត្តផែនការមេស៊ីហ្គេមឆ្នាំ ២០២៣ និងបន្តរៀបចំការពិគ្រោះយោបល់នៃគម្រោងថវិកាមួយចំនួនទៀតជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយលោក ទៀ បាញ់ ជំរុញឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពក្នុងការផ្តល់ថវិកាដើម្បីបើកអគ្គលេខាធិការដ្ឋាន ឬការិយាល័យ CAMSOC ឲ្យបានលឿន ដើម្បីដំណើរការអនុវត្តផែនការមេស៊ីហ្គេមទៅមុខបានលឿន៕