ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយនឹងអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ ដើម្បីផ្តល់ការអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបពីតម្លៃនៃអូឡាំពិក ជូនដល់មហាជន យុវសិស្ស នៅក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្នុងគោលបំណងធ្វើសកម្មភាពឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជាហើយវាគ្មិនជាអ្នកជំនាញទ្រឹស្តីកីឡាចំនួន ៣ នាក់ នឹងចូលខ្លួនមកបំពេញបេសកម្មនេះ ដែលគ្រោងធ្វើឡើងនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់ថា៖ «តាមគម្រោងនៃកម្មវិធីប្រចាំឆ្នាំនេះ យើងមានច្រើន ប៉ុន្តែដោយសារបញ្ហាកូវីដ ១៩ យើងបានកាត់បន្ថយកម្មវិធីខ្លះ ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយកម្មវិធីនៅសប្តាហ៍នេះ បានលើកទៅខេត្តកំពង់ស្ពឺ វិញ»។
លោកបានបន្តថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ ២០២០ ដែលរៀបចំដោយ NOCC បានធ្វើឡើងក្រោមប្រធានបទសំខាន់ៗចំនួន ៣ ទី១ ការចែករំលែកនូវបទពិសោធជោគជ័យក្នុងអាជីពកីឡាក្នុងនាមជាអត្តពលិកអូឡាំពិក ទី២ ផ្សព្វផ្សាយជូនដល់ពលរដ្ឋកម្ពុជានូវដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ និងទី៣ ផ្ដោតលើការបណ្ដុះបណ្ដាល និងអប់រំស្ដីពីការការពារជំងឺកូវីដ ១៩ និងការអប់រំជាច្រើនទៀត ដោយអ្នកជំនាញមានបទពិសោធក្នុងកីឡា ជាវាគ្មិន ហើយតាមគម្រោងកម្មវិធីនេះជាលើកទី៣ បន្ទាប់ពីបានធ្វើរួចហើយនៅរាជធានីភ្នំពេញ និងខេត្តកំពង់ធំ។
ចំណែកលោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីខាងលើបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា កម្មវិធីនេះ មានផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក, ការផ្សព្វផ្សាយពីចលនាអូឡាំពិក និងបញ្ជ្រាបការយល់ដឹងអំពីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ព្រមទាំងអប់រំបណ្តុះបណ្តាលគំនិតផ្សេងៗ អំពីការធ្វើចរាចរណ៍ និងការការពារជំងឺកូវីដ ១៩ ផងដែរ។
លោកបានប្រាប់បន្តថា៖ «សកម្មភាពនេះ នឹងបានឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងរបស់យុវជនក្នុងកីឡា ពិសេសការយល់ដឹងពីការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ ហើយតាមរយៈការផ្សព្វផ្សាយនោះ មានយុទ្ធនាការផ្តល់ជូនពលរដ្ឋម្នាក់លេងកីឡាមួយមុខ, កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ រួមទាំងយុទ្ធនាការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបង្ការគ្រឿងញៀនជាដើម»។
បន្ថែមលើនេះ លោក តុប បញ្ញា ប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីនេះ បានប្រាប់ថា តាមកម្មវិធីនឹងមានវាគ្មិនសំខាន់ចំនួន ៣ នាក់ ដើម្បីផ្សព្វផ្សាយពីកម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ជាមួយអ្នកចូលរួម ដែលយើងផ្តល់ជូនភាគច្រើនសម្រាប់សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យឆាយឆុប មានទីតាំងនៅចំណុចភូមិចំការដូង សង្កាក់ច្បារមន ខេត្តកំពង់ស្ពឺ។
លោក តុប បញ្ញា បញ្ជាក់ថា៖ «គម្រោងពីដំបូង យើងត្រៀមផ្តល់ជូនសម្រាប់ខេត្តកណ្តាល ប៉ុន្តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាបាននូវសុវត្តិភាព រក្សានូវគម្លាត ព្រមទាំងរកទីតាំងមានបរិស្ថានល្អ ធានារក្សាបានល្អ នូវសុវត្ថិភាព ស្របតាមការណែនាំនោះ យើងបានសម្រេចដាក់កម្មវិធីគម្រោងទី៣ មួយនេះ ជូនទៅដល់ខេត្តកំពង់ស្ពឺវិញ»៕