ក្រុង​ប៉ារីស​: កីឡាករ Grigor Dimitrov បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ចន្ទថា ខ្លួន​ធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​កូវីដ ​១៩ ហើយ​ការ​ផ្ដល់​ដំណឹង​នេះ ធ្វើ​ឲ្យ​គេ​កា្លយជា​កីឡាករ​វាយ​កូន​បាល់ (តេន្នីស) អាជីព​លំដាប់​អន្តរ​ជាតិ ដែល​បង្ហាញ​ថា​ខ្លួន​បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ ខណៈ​រូប​គេ​កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​ ក្នុង​កម្មវិធី Adria Tour នៅ​ប្រទេស​ក្រូអាស៊ី។

កីឡាករ​សញ្ជាតិ​ប៊ុលហ្គារី​វ័យ ២៩ ​ឆ្នាំ បាន​ប្រកាស​ដក​ខ្លួន ក្រោយ​ទទួល​បាន​លទ្ធផល​តេស្ត ហើយ​សម្រាប់​​ការ​ប្រកួត​ពាន​កម្ដៅ​សាច់​​ដុំនេះ គូ​រវាង​កីឡាករ​ចំណាត់​ថ្នាក់​ទី១​ពិភពលោក Novak Djokovic របស់​ស៊ែប៊ី និង​កីឡាករ​រុស្ស៊ី Andrey Rublev ជុំ​ផ្ដាច់​ព្រ័ត្រ ក៏​ត្រូវ​បាន​លុប​ចោល​ដែរ​។​

Dimitrov អតីត​កីឡាករ​ឈរ​នៅ​លេខ​៣ ក្នុងតារាង​ចំណាត់​ថ្នាក់​អត្តពលិក​វាយ​តេន្នីសផ្នែក​បុរស​របស់​ពិភពលោក បាន​សរសេរ​រៀប​រាប់ប្រាប់​តាម​រយៈ​គណនី Instagram របស់​ខ្លួន​ថា​៖ «​ខ្ញុំ​ចង់​ប្រាប់​អ្នក​គាំទ្រ និង​មិត្តភក្ដិ​របស់​ខ្ញុំ​ទាំងអស់​ឲ្យ​ដឹង​ថា ខ្ញុំ​ទទួល​បាន​លទ្ធផល​​តេស្ត​វិជ្ជមាននៃ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ចុង​ក្រោយ​បង្អស់​នៅ​ប្រទេស​ម៉ូណាកូ​។ ការណ៍​ដែល​ខ្ញុំប្រាប់​ដំណឹង​នេះ ព្រោះ​ខ្ញុំ​ចង់​ប្រាកដ​ថា គ្រប់​គ្នា​ដែល​មាន​ទំនាក់​ទំនង​ដោយផ្ទាល់​ជាមួយ​ខ្ញុំ​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ទៅ​ត្រួត​រក​មើល​វី​រុស និង​អនុវត្តតាម​គោល​ការណ៍​សុវត្ថិភាព​ដែល​ចាំ​បាច់​»​។

ចុង​ក្រោយ​នៃ​សារ​តាម​រយៈ​បណ្ដាញ​សង្គម​របស់​កីឡាករ Dimitrov បាន​សរសេរ​ថា​៖ «ខ្ញុំ​សោក​ស្ដាយ​ណាស់ ដែល​ធ្វើ​ឲ្យ​មាន​ហានិ​ភ័យ​សម្រាប់​គ្រប់​គ្នា​។ ពេល​នេះ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញហើយ ដើម្បី​ធ្វើ​ការ​ព្យាបាល​។ អរគុណ​សម្រាប់​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​គ្រប់​គ្នា ហើយ​សូម​អ្នក​គ្រប់​គ្នារស់​​​នៅ​ដោយ​សុវត្ថិភាព និងសុខភាព​ល្អ​»​។

ការ​ប្រកួត​ជើង​ទី​ ២ សម្រាប់​​ព្រឹត្តិការណ៍​សប្បុរស​នៃ​តំបន់បាល់​កង់ គឺ​កម្មវិធី​ Adria Tour ដែលត្រូវបាន​រៀប​ចំឡើង​ដោយ​កីឡាករ​​ Djokovic ខណៈ​ការ​ប្រកួត​វាយ​តេន្នីស​អន្តរ​ជាតិ នៅ​តែ​​ផ្អាក​ដដែល​ដោយសារ​​ជំងឺ​កូវីដ​ ១៩ ធ្វើ​ឡើង​នៅ​ឯ​ទី​ក្រុង​ដ៏មាន​វ័យ​ចំណាស់​សាដា (Zadar) របស់​ប្រទេស​ក្រូអាស៊ី​។​

ប្រធាន​ទទួល​ខុស​ត្រូវ​សម្រាប់​ព្រឹត្តិការណ៍​នេះ លោក​ Goran Ivanisevic បាន​និយាយ​ជាមួយ​​​​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​ទីលាន​ថា​៖ «​យើង​ត្រូវបាន​ផ្ដល់​ព័ត៌មាន​មក​ថា កីឡាករ Grigor Dimitrov ​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូរ៉ូណា​ ហើយ​យើង​នឹង​ត្រូវ​តែ​លុប​ចោលការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍នេះ​ នា​ក្រុង​សាដា​»​៕ AFP/VN