The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កាណាដា​ បាន​ដក​ខ្លួន​​ពី​កីឡា​អូឡាំពិក ខណៈ​ជប៉ុន​ថា ​ការ​ពន្យារពេល​​ទំនង​ដូច​ជា​ចៀស​មិន​ផុត




កាណាដា​ បាន​ដក​ខ្លួន​​ពី​កីឡា​អូឡាំពិក ខណៈ​ជប៉ុន​ថា ​ការ​ពន្យារពេល​​ទំនង​ដូច​ជា​ចៀស​មិន​ផុត

Content image - Phnom Penh Post
ផ្ទាំងប៉ាណូ​ការ​ប្រកួតកីឡា​អូឡាំពិក ដែលដាក់​បង្ហាញ​នៅ​ពាស​ពេញ​ប្រទេស ជប៉ុន ខណៈព្រឹត្តិការណ៍​នេះ អាច​ត្រូវ​ពន្យារពេល។ AFP

កាណាដា​ បាន​ដក​ខ្លួន​​ពី​កីឡា​អូឡាំពិក ខណៈ​ជប៉ុន​ថា ​ការ​ពន្យារពេល​​ទំនង​ដូច​ជា​ចៀស​មិន​ផុត

ក្រុងតូក្យូ៖ ប្រទេស ​កាណាដា បាន​ប្រកាស​​ដក​ខ្លួន​​ចេញ​​ពី​​ព្រឹត្តិការណ៍​អូឡាំពិក​​ទីក្រុង​តូក្យូ (Olympic TOKYO 2020) ប្រទេស ​ជប៉ុន ​ដោយសារ​ការ​ភ័យ​ខ្លាច​ចំពោះ​វីរុស​កូរ៉ូណា ​ខណៈ​​នាយក​រដ្ឋមន្រ្តី​ជប៉ុន​បាន​សារភាព​ថា​ ការ​ពន្យារពេល​អាច​ជា​រឿង​ចៀស​មិន​ផុត ​ហើយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (​IOC​) ​បាន​និយាយ​ថា ​ការ​សម្រេច​ចិត្ត​គួរ​តែ​កើត​ឡើង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​។

ជាមួយ​គ្នា​នេះ ប្រទេស ​អូស្រ្តាលី​ ក៏​បាន​ប្រាប់​អត្តពលិក​របស់​ខ្លួន​ផង​ដែរ ឲ្យ​​ត្រៀម​សម្រាប់​អូឡាំពិក​ទីក្រុង​តូក្យូ ឆ្នាំ ​២០២១ ខណៈ​​ការ​រំពឹង​ទុក​បាន​កើន​ឡើង​ថា​ ព្រឹត្តិការណ៍​កីឡា​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី ​២៤ ខែ​កក្កដា នឹង​ត្រូវ​បាន​ពន្យារពេល​ដោយសារ​​វិបត្តិ​វីរុស ដែល​កំពុង​តែ​​ធ្វើ​ឲ្យ​ពិភព​លោក​ឈឺ​ក្បាល​​។

ទាំង​ក្រុម​មន្ត្រី​របស់​ប្រទេស ​ជប៉ុន និង​អូឡាំពិក មុន​នេះ​បាន​ប្រកាន់​គោល​ជំហរ​របស់​ខ្លួន​យ៉ាង​មុត​មាំ​ថា ​ការ​ប្រកួត​​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​មួយ​នេះ នឹង​បន្ត​ធ្វើ​តាម​ពេលវេលា​គ្រោង​ទុក ប៉ុន្តែ​ដោយសារ​មាន​ការ​រិះគន់​ពី​សំណាក់​អត្តពលិក និង​ស្ថាប័ន​កីឡា​ផ្សេង​ៗ កាន់​តែ​កើន​ឡើង​ ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​នេះ ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​ដែល​ទទួល​ភារកិច្ច​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ចាប់​ផ្ដើម​ពិចារណា​ពី​ការ​ពន្យារពេល​។

លោក​​នាយក​រដ្ឋមន្ត្រី Shinzo Abe បាន​​ថ្លែង​ទៅ​កាន់​សភា​ថា​៖ ​«​​ប្រទេស ​ជប៉ុន នៅ​តែ​ប្ដេជ្ញា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ ឲ្យ​ចប់​ទាំង​ស្រុង ប៉ុន្តែ​ប្រសិន​បើ​មើល​ទៅ​ពិបាក​រឿង​ពន្យារ​ពេល គឺ​ជា​រឿង​មិន​អាច​ចៀស​ផុត​ឡើយ ព្រោះ​​សុខភាព និង​សុវត្ថិភាព​​របស់​អត្តពលិក​ទាំង​អស់ គឺ​ជា​បញ្ហា​ទី ​១ ដែល​ត្រូវ​ពិចារណា​»​។​ ​

វា​បាន​ក្លាយ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​លើក​ទី ​២ ដែល​កើត​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ ក្រោយ IOC បាន​ប្រាប់​ថា​ ការ​ពន្យារពេល គឺ​ជា​ជម្រើស​មួយ​ដែល​គួរ​យក​មក​ពិចារណា ហើយ​កាល​បរិច្ឆេទ​សម្រេច​ចុង​ក្រោយ ត្រូវ​ធ្វើ​ក្នុង​អំឡុង​ពេល ៤ ​សប្ដាហ៍​ទៀត​។​

ជាមួយ​នឹង​បញ្ហា​ដែល​គ្រប់គ្នា​កំពុង​រក​ច្រក​ចេញ​ ក្រោយ​មាន​កិច្ច​ពិភាក្សា​ជា​បន្ទាន់​មួយ​នេះ លោក Thomas Bach ប្រធាន IOC បាន​សរសេរ​ក្នុង​លិខិត​បើក​ចំហ​មួយ​ផ្ញើ​ទៅ​កាន់​អត្តពលិក​ទាំង​អស់​ថា​៖ ​«​ជីវិត​មនុស្ស គឺ​សំខាន់​ជាង​អ្វី​ទាំង​អស់ ប៉ុន្តែ​ការ​រៀបចំ​ដំណើរការ​ព្រឹត្តិការណ៍​នេះ ក៏​ចាំបាច់​សម្រាប់​យើង​ដែរ​។ ការ​លុប​ចោល​នឹង​មិន​ជួយ​ដោះ​ស្រាយ​បញ្ហា និង​មិន​ជួយ​អ្វី​ដល់​ពួក​យើង​ឡើយ ហេតុ​​នេះ​ទើប​វា​មិន​ស្ថិត​ក្នុង​របៀបវារៈ​របស់​ពួក​យើង​»​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដក​ខ្លួន​របស់​ប្រទេស ​កាណាដា ​នេះ គណៈកម្មាធិការ​​អូឡាំពិក​របស់​កាណាដា​បាន​ពន្យល់​ហេតុ​ផល​ថា​៖ ​«​នេះ​មិនមែន​ការ​បារម្ភ ​តែ​ទៅ​លើ​សុខភាព​អត្តពលិក​​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​សុខភាព​ជា​សាធារណៈ។

ជាមួយ​ជំងឺ​​កូវីដ ១៩ និង​ហានិភ័យ​ជា​រួម មើល​ទៅ​វា​មិន​មាន​​សុវត្ថិភាព​សម្រាប់​អត្តពលិក​របស់​យើង ក៏​ដូចជា​​ក្រុម​គ្រួសារ​ពួក​គេ ព្រម​ទាំង​ប្រជាជាតិ​កាណាដា​ទាំង​មូល​ ហើយ​វា​ជា​ការ​ប្រថុយ​ប្រថាន​ខ្លាំង​ណាស់​ ក្នុង​ការ​ជំរុញ​​ឲ្យ​អត្តពលិក​ទាំង​ឡាយ​ហ្វឹកហាត់ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​នេះ​»​។

ប្រទេស​ កាណាដា​ បាន​សម្រេច​ដក​ខ្លួន​ពី​ការ​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​ ២០២០ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ ជប៉ុន បើ​ទោះ​ជា​មាន​ការ​សន្យា​ពី​ IOC ថា​ នឹង​ពិភាក្សា​ឲ្យ​បាន​លម្អិត​ចំពោះ​បញ្ហា​ ដែល​កំពុង​ចម្រូង​ចម្រាស​នេះ​ក៏​ដោយ​ ក្នុង​នោះ​ការ​ពន្យារពេល​កំពុង​ត្រូវ​បាន​យក​មក​ពិចារណា ហើយ​រំពឹង​ថា ​នឹង​ធ្វើ​ការ​សម្រេច នាអំឡុង​ពេល ៤​ សប្ដាហ៍​ទៀត​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍