ភ្នំពេញ៖ ​បាង ​កាណុន​ ​របស់​​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ បាន​បង្ហាញ​បច្ចេកទេស​ប្រកួត​យ៉ាង​ល្អ​ក្នុង​ការ​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូច​គ្នា​គឺ សូដា សុវណ្ណម៉ាយ ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ដើម្បី​ឡើង​ទៅ​កាន់​វគ្គទី​ ​២ ​នៃ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ ​TV5 Boxing Knock Out Series ដោយ កាណុន នឹង​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង។

សូដា​ សុវណ្ណម៉ាយ​ ក៏​ជា​អ្នក​ប្រដាល់​ ដែល​លំបាក​បង្ក្រាប​ណាស់​ដែរ​ គឺ​ស៊ូ​ជាមួយ​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត​មុន​នឹង​ចាញ់​ បាង កាណុន ដោយ​ពិន្ទុ​។ ​​​សូដា សុវណ្ណម៉ាយ​ បាន​និយាយ​​ថា​ ចាញ់​ដោយ​​អស់​ចិត្ត​ ​ព្រោះ​ប្រឹង​អស់​ពី​សមត្ថភាព​។ ​បន្ថែម​ពី​លើ​នេះ ​សុវណ្ណម៉ាយ​ មាន​​ស្នាម​របួស ​២ ​កន្លែង​លើ​ផ្ទៃ​មុខ ​និង​ចិញ្ចើម​ គឺ​ជាំ​នៅ​ភ្នែក​ស្ដាំ ​និង​ថ្ងាស ​ដែល​មើល​ទៅ​ទំនង​គ្រាំគ្រា​ខ្លួន​មិន​តិច​ដែរ​។

តាមរយៈ​ការ​ប្រកួត​ជម្រុះ​វគ្គទី​​១ កាល​ពី​យប់​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ បាង កាណុន​ មាន​​ប្រៀប​ឈ្នះ​ដាច់​លើ សុវណ្ណម៉ាយ ​នៅ​ទឹក​ទី២ ​និង​ទឹក​​ទី​៣ ​ដោយ​ការ​​ប្រើ​ក្បាច់​កណ្តាប់​ដៃ​កែង​ និង​ជង្គង់ ​បាន​ល្អ ​គឺ​វាយ​​ចំ​គោលដៅ​គួរ​ឱ្យ​​កោត​សរសើរ ហើយ​តាមរយៈ​ជ័យជម្នះ​នេះ កាណុន ត្រូវ​ឡើង​ទៅ​កាន់​វគ្គទី​​២ ដែល​គិត​មក​ដល់​ពេល​នេះ បាន​រក​ឃើញ ​៤ នាក់​ហើយ គឺ ធន់ អៀងឡៃ, ទូច ដាវីដ, ពេជ្រ ប៊ុនសិទ្ធ និង បាង កាណុន។

នៅ​ពេល​សួរ​ដល់​ការ​ត្រៀម​ប្រកួត​ជុំ​ទី​២ ​នោះ បាង​ កាណុន​ បាន​និយាយ​ក្រោយ​ពេល​ឈ្នះ​ សុវណ្ណម៉ាយ ថា​៖ ​«សម្រាប់​ជំនួប​ប្រកួត​ជុំ​ទី២​ ដែល​ប្រជុំ​ទៅ​ដោយ​​អ្នក​ខ្លាំង ​និង​ជើង​ចាស់​មួយ​ចំនួន​នោះ​ ខ្ញុំ​ក៏​​ព្រួយ​បារម្ភ​តិចតួច​ដែរ​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ និង​តាំង​ចិត្ត​ប្រកួត​ដោយ​មិន​ខ្លាច​នោះ​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ ព្រោះ​អ្នក​ប្រដាល់​ បើ​នៅ​តែ​ខ្លាច​ដៃ​គូ​ប្រ​កួត ​គឺ​មិន​អាច​ឈាន​ទៅ​ល្បីល្បាញ​បាន​ទេ​»។​

តាមរយៈ​រូបមន្ត​ប្រកួត​ដែល​បាន​កំណត់​រួច​ហើយ​នោះ គឺ​នៅ​ជុំ​ទី​២​ ​ពេជ្រ ​ប៊ុនសិទ្ធ​ ត្រូវ​ប៉ះ ​រិន ​ដេវីដ ​ហើយ​ ​បាង ​កាណុន​ ត្រូវ​ជួប​ជើង​ខ្លាំង​ល្បី​ឈ្មោះ ​ធន់ ​អៀងឡៃ ​ខណៈ​​​ការ​ទស្សន៍ទាយ​ក្រៅ​ផ្លូវ​ការ​ពី​អ្នក​តាម​ដាន​ភាគ​ច្រើន​ លាន់​មាត់​ថា ​បាង​ កាណុន​ មិន​អាច​នឹង​យក​ឈ្នះ​​ ធន់ អៀងឡៃ​ នោះ​ឡើយ​។

ទោះ​ជា​យ៉ាង​ណា​ ​កាណុន ​ទំនង​មិន​ខ្លាច​ញញើត​នឹង​ការ​ប្រកួត​​នោះ​ទេ។ ​កាណុន ​បញ្ជាក់​ថា៖​ ​«រឿង​ប្រកួត​ជុំ​ក្រោយ​ គឺ​ខ្ញុំ​មិន​ខ្វល់​ថា ដៃ​​គូ​របស់​ខ្ញុំ​ខ្លាំង​ប៉ុនណា​​ទេ​ សំខាន់​ខ្ញុំ​ហាត់​ល្អ​ប្រកួត​ល្អ​ គឺ​ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត​ ប៉ុន្តែ​លទ្ធផល​ចេញ​មក​យ៉ាង​ណា ​ចាំ​មើល​សិន​ទៅ»​។

ដោយ​ឡែក ការ​ប្រកួត​គូ​មិត្តភាព​វិញ អ្នក​ប្រដាល់​ជើង​ចាស់​ យុគ​ យក្ស​ផ្លែ​ បាន​​យក​ឈ្នះ​ជើង​ថ្មី​ សូដា​ ម៉ាឡាកាំង​ ​ដោយ​ពិន្ទុ​ ទាំង​វេទនា​ភ្នែក ​ខណៈ​​ក្នុង​​ការ​ប្រកួត​​ចំនួន ​៥ ទឹក​នោះ​ អ្នក​ទាំង ​២ នេះ ​ចាប់​ផ្ដើម​វាយ​​សម្រុក​គ្នា​តាំង​ពី​ដើម​ទឹកទី១​។ ​យក្សផ្លែ​ ដែល​ដឹង​ខ្លួន​ថា កម្លាំង​ស្រុត​ចុះ​នោះ នៅ​តែ​ចិត្ត​ធំ​មាន​ឆន្ទៈ​ប្រកួត​មិន​រាថយ ​ប៉ុន្តែ​មិន​អាច​ផ្តួល​ជើង​ថ្មី ​សូដា​ ម៉ាឡាកាំង ​ឱ្យ​សន្លប់​បាន​ឡើយ​។​

លោក ​ផាត់ ​សូដា​ គ្រូ​បង្វឹក សូដា សុវណ្ណម៉ាយ និង សូដា ម៉ាឡាកាំង​ បាន​និយាយ​ថា៖ ​«​សប្តាហ៍​នេះ​ កូន​សិស្ស​ខ្ញុំ ​ចាញ់​ទាំង ​២ នាក់​ ប៉ុន្តែ​បាន​បង្ហាញ​នូវ​សមត្ថភាព​ប្រកួត​ល្អ​ គឺ​ចាញ់​ដោយ​វាយ​អស់​ពី​លទ្ធភាព​ គ្រាន់​តែ​បច្ចេកទេស​នៅ​មិន​ទាន់​ល្អ​ដល់​​គេ​។​ យ៉ាង​ណា​ក៏​ដោយ មួយ​រយៈពេល​ទៀត ​ក្លិប​គោព្រៃ​នឹង​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ពី​សមត្ថភាព​កីឡាករ​របស់​ក្លិប​យើង»​៕​