ភ្នំពេញ៖ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា (កីឡាបង្ហាញសាច់ដុំ) ដែលមានស្ថានភាពលេចធ្លោ និងធ្លាក់ចុះ មិនទៀងទាត់នោះ គឺបច្ចុប្បន្នបាន និងកំពុងពង្រឹងសមត្ថភាពឡើងវិញ ជាមួយរចនាសម្ព័ន្ធដឹកនាំថ្មី ដើម្បីអាចមានលទ្ធភាពចូលរួមប្រកួតប្រជែងក្នុងស៊ីហ្គេមជាថ្មី ខណៈកីឡានេះ មានសក្តានុពលល្អ អាចសង្ឃឹមប្រជែងបានមេដាយផងដែរ នៅពេលម្ចាស់ផ្ទះវៀតណាមបានសម្រេចដាក់ឲ្យមានប្រភេទកីឡានេះ នៅស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១។
ជុំវិញការងារនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា កម្ពុជាបច្ចុប្បន្នមានគោលដៅចង់ឈានជើងចូលចំណាត់ថ្នាក់លេខ ៧ ឬលេខ ៦ ក្នុងចំណោម ១១ ប្រទេស សម្រាប់ការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម។
ជាមួយគ្នានេះ វៀតណាមបានសម្រេចដាក់បញ្ចូលកីឡាកាយវប្បកម្ម និងកីឡាវ៉ូវីណាមជាផ្លូវការហើយ ហើយកីឡាទាំង ២ នេះ កម្ពុជាយើងសុទ្ធតែមានធនធានល្អៗ អាចដណ្ដើមបានមេដាយគួរឲ្យរំពឹងទុក។
លោកបន្តថា៖ «កីឡាកាយវប្បកម្ម ក៏កម្ពុជាមានធនធានល្អសម្រាប់ការដណ្ដើមបានមេដាយផងដែរ ព្រោះផ្អែកតាមលទ្ធផលកន្លងមក គឺកីឡាកាយវប្បកម្មរបស់កម្ពុជា មានឱកាសដណ្ដើមបានមេដាយល្អ ក្នុងព្រឹត្តិការណ៍ពិភពលោក ចំនួន ៣ លើក។ ហេតុ នេះការដាក់បញ្ចូលកាយវប្បកម្ម ចូលក្នុងស៊ីហ្គេម នៅវៀតណាមមិនត្រឹមតែធ្វើឱ្យកីឡាមួយនេះ មានក្តីសង្ឃឹមល្អប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយឱ្យកម្ពុជាអាចចំណេញមេដាយជាងមុននៅស៊ីហ្គេម ឆ្នាំក្រោយផងដែរ»។
គួររំឭកថា ក្រុមអ្នកលេងសាច់ដុំកម្ពុជាធ្លាប់បានបង្ហាញសមត្ថភាពម្តងគត់ សម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ ២០១៣ ហើយក៏បានឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រផងដែរ ប៉ុន្តែមិនដណ្តើមបានមេដាយទេ ដោយក្នុងនោះកីឡាករ សុខ សុភ័ក្តិ ទទួលបានលេខ ៤ ក្នុងការបង្ហាញសាច់ដុំ ប្រភេទទម្ងន់ ៦០ គីឡូក្រាម ហើយ តឹក ប៊ុនវី បានលេខ ៥ ក្នុងប្រភេទ ៧០ គីឡូក្រាម។
ក្រោយមកទៀត ក្រុមលេង សាច់ដុំកម្ពុជា បានឈ្នះមេដាយមាសពិភពលោកចំនួន ២ លើក ព្រមទាំងមេដាយជាច្រើនទៀត ពីការប្រកួតថ្នាក់តំបន់ នៅមុនពេលសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានបែកបាក់ផ្ទៃក្នុងនៅដើមឆ្នាំ ២០១៩ ប៉ុន្តែបច្ចុប្បន្ន កាយវប្បកម្មបាន និងកំពុងរៀបចំឲ្យមានការប្រមូលផ្តុំ ជាលក្ខណៈឯកជន ក្រោមការដឹកនាំរបស់ប្រធានថ្មី គឺអតីតម្ចាស់មេដាយប្រាក់ពិភពលោក តឹក ប៊ុនវី។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងកំពុងទាក់ទងឲ្យសហព័ន្ធ ដែលមានកំណែទម្រង់ថ្មីមានថ្នាក់ដឹកនាំថ្មីនេះ រៀបចំប្រមូលផ្តុំបង្វឹកកីឡាករឲ្យបានល្អ ដើម្បីចេញទៅប្រកួត ខណៈវៀតណាម បានដាក់ ៣៦ ប្រភេទកីឡា នៅស៊ីហ្គេម ឆ្នាំ ២០២១ ចំណែកកម្ពុជា នឹងត្រៀមបញ្ជូន ៣១ ប្រភេទកីឡា ឲ្យចូលរួម ហើយក្នុងប្រភេទកីឡាមានសក្ដានុពលដណ្ដើមមេដាយបាន ១១ ប្រភេទនោះ គឺបើមានកីឡាកាយវប្បកម្មមួយទៀត យើងនឹងសង្ឃឹមកើនឡើងផងដែរ»។
ចំណែកលោក តឹក ប៊ុនវី ប្រធានសហព័ន្ធ ដែលមានប្រភពចេញពីកីឡាករផ្ទាល់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងទើបទទួលបានដំណឹង ឲ្យត្រៀមទៅចូលរួមប្រកួត ហេតុនេះយើងមានក្លិបជាលក្ខណៈក្លិបឯកជនហាត់ជាបណ្តើរៗ ហើយតាមខ្ញុំដឹង វិញ្ញាសាប្រកួតមានចំនួន ២ គឺប្រកួតតាមប្រភេទទម្ងន់ និងប្រកួតតាមប្រភេទទម្ងន់ បូកនឹងកម្ពស់ ហើយយើងបានសម្រិតសម្រាំងកីឡាករចំនួន ៥ នាក់រួចហើយ»។
ជាមួយគ្នានេះ លោក សុខ វណ្ណៈ ដែលជាអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា៖ «យើងកំពុងរៀបចំប្រមូលកីឡាករ ដើម្បីមកហ្វឹកហាត់ត្រៀម ទៅចូលរួមប្រកួត ខណៈដែលកន្លងមកកីឡាកាយវប្បកម្ម មិនធ្លាប់ប្រមូលផ្តុំ ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះទេ»៕