ភ្នំពេញ: ម្ចាស់​មេដាយមាស​ជើងឯក​អាស៊ាន តឹក ប៊ុនវី បាន​ប្រកាស​លាឈប់​ពី​តួនាទី​ជា​អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កាយវប្បកម្ម និង​បាន​ចោទ​លោក សុខ មង្គលរស្មី ជា​ប្រធាន​សហព័ន្ធ​ថា​បាន​យក​កីឡា​នេះ​ធ្វើ​ជា​ជំនួញ​បម្រើ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រាប់ថា សហព័ន្ធ​នេះ​អាច​នឹង​ត្រូវ​រំលាយចោល បើ​សិន​ជា​បញ្ហា​ផ្ទៃក្នុង​ពិតជា​មាន​អំពើ​ពុករលួយ​ដូច​ការ​ចោទ​របស់ ប៊ុនវី មែន​។

ជុំវិញ​ការចោទប្រកាន់​គ្នា​នេះ​លោក តឹក ប៊ុនវី បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក ( Steven Amy) របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​ខ្ញុំបាទ តឹក ប៊ុនវី ជា​អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កាយវប្បកម្ម និង​ជា​កីឡាករ​ជម្រើសជាតិ​ម្នាក់​ដែរ សុំ​ប្រកាស​លាលែង​ពី​សហព័ន្ធ​ចាប់ពី​ពេល​នេះ​តទៅ មូលហេតុ​មកពី​ប្រធាន​សហព័ន្ធ​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន គិតតែ​ពី​ផលចំណេញ​របស់​គាត់​ផ្ទាល់​»​។

«​រយៈពេល​ ៣ ​ឆ្នាំ​មក​ហើយ​ដែល​សហព័ន្ធ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង NOCC ហើយ​ខ្ញុំបាទ​ជា​កីឡា​ទទួល​បាន​មេដាយមាស​អាស៊ីអាគ្នេយ៍​មុន​គេ​នៅ​ឆ្នាំ​ ២០១៦ និង​មេដាយ​សំរឹទ្ធ​ពិភពលោក​នៅ​ឆ្នាំ​ ២០១៦ ផង ហើយ​កាល​នោះ​ដោយ​អាណិត​ដល់​បងប្អូន​កីឡាករ​ដូច​គ្នា​ដែល​ចេញ​ទៅ​ប្រកួត​ម្តងៗ មិន​មាន​ប្រាក់​ចេញ​ទៅ ខ្ញុំ​សុខចិត្ត​កាត់​ប្រាក់​រង្វាន់​ខ្លួនឯង​ផ្ទាល់​ចំនួន​ ២០ ​ភាគរយ ដើម្បី​ដាក់​ចូល​ក្នុង​សហព័ន្ធ សម្រាប់​ទុក​ឲ្យ​កីឡាករ​ក្រោយៗ​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​តទៀត​»​។

ប៊ុនវី បន្ថែម​ថា​៖ «​ចំណែក​លោក​ប្រធាន​រក​បាន​ពី​ក្រៅ​ប្រទេស ឬ​ក្នុង​ប្រទេស គាត់​មិន​ដែល​យក​មក​ដាក់​ក្នុង​សហព័ន្ធ​ទេ គាត់​គិត​តែ​យក​ចំណេញ​លើ​កីឡាករ​ទាំងអស់ និយាយ​រួម​គាត់​យក​កីឡាករ​ធ្វើ​ជា​មុខ​ជំនួញ​គាត់ ដើម្បី​ដើរ​សុំ​លុយ​គេ តែ​ពេល​បាន​លុយ​មិន​ដែល​យក​មក​ឲ្យ​កីឡាករ​ទេ​»​។

បន្ថែម​ទៅ​លើ​នេះ តឹក ប៊ុនវី បាន​បង្ហោះ​សារ​មួយ​ទៀត​កាលពី​ថ្ងៃ​អាទិត្យ ដោយ​បញ្ជាក់​ថា​៖ «​មូលហេតុ​ខ្ញុំ​សម្រេច​ចិត្ត​លាលែង​ចេញ​ពី​អគ្គលេខាធិការ​សហព័ន្ធ​គឺ​ខ្ញុំ​មិន​ចង់​ឲ្យ​ប្រធាន​សហព័ន្ធ​យក​សហព័ន្ធ និង​កីឡាករ​ធ្វើ​ជា​អាជីវកម្ម​ផ្ទាល់​ខ្លួន ព្រោះ​លោក​ប្រធាន​មិន​ដែល​រកលុយ​បាន​ ១០០ ​រៀល​ចូល​សហព័ន្ធ​ទេ ហើយ​ពេល​កីឡាករ​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ម្តងៗ​ត្រូវ​រកប្រាក់​ដោយ​ខ្លួនឯង​»​។

ទាក់ទង​ទៅ​នឹង​ការចោទប្រកាន់​នេះ ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​ទៅ​លោក សុខ មង្គលរស្មី ជាច្រើន​លើក ប៉ុន្តែ​លោក​មិន​បាន​លើក​ទូរស័ព្ទ​នោះ​ទេ​។

យ៉ាងណា​ក៏ដោយ​ជុំវិញ​បញ្ហា​ដ៏រសើប​ដែល​បាន​ប្រើ​ហ្វេសប៊ុក​បរិហារកេរ្តិ៍​គ្នា ជា​លើកដំបូង​នេះ​គឺ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ជំរុញ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​ខេមរៈ​សហព័ន្ធ​កាយ​វប្បកម្ម ធ្វើ​មហាសន្និបាត​វិសាមញ្ញ​មួយ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ មុន​ពេល NOCC និង​ក្រសួង​អប់រំ ធ្វើការ​ស៊ើបអង្កេត​បន្ថែម ដើម្បី​ឈាន​ទៅ​ដល់​ការសម្រេច​ចុងក្រោយ​ថា ត្រូវ​រំលាយ​សហព័ន្ធ​នេះ​ចោល​ឬ​យ៉ាង​ណា​?

លោក វ៉ាត់ ចំរើន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​នៅពេល​អគ្គលេខាធិការ​សុំ​ឈប់​បែប​នេះ​គួរ​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​មួយ ព្រោះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​សហព័ន្ធ ហើយ​បើ​សិន​ជា​ពិនិត្យ​ឃើញ​ថា​សហព័ន្ធ​មាន​បញ្ហា​មិន​ប្រក្រតី អយុត្តិធម៌ ឬ​ក៏​ពុករលួយ​ដូច​ការចោទប្រកាន់​របស់​អគ្គលេខាធិការ​មែន​គឺ​សហព័ន្ធ​នេះ​អាច​នឹង​ត្រូវ​រំលាយ ឬ​ក៏​ត្រូវ​បញ្ឈប់​សមាជិកភាព ព្រោះ​មហាសន្និបាត​របស់ NOCC នៅ​ដើម​ឆ្នាំនេះ​បាន​កំណត់​ថា ត្រូវ​ព្យាបាល និង​វះកាត់​ គ្រប់​សហព័ន្ធ​ណា​ដែល​មាន​ប៉ះពាល់​ទៅ​នឹង​ភាពមិន​ប្រក្រតី និង​ការអភិវឌ្ឍ​របស់​ខ្លួន​។ អ៊ីចឹង​យើង​ត្រូវ​តែ​បន្ថែម​នូវ​ការស៊ើបអង្កេត​ឲ្យ​ច្បាស់​ជា​មុន​សិន​»៕