ភ្នំពេញ៖ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ត្រៀម​រួចជាស្រេច​នូវ​អត្តពលិក​ជម្រើសជាតិ​ចំនួន ៦ រូប (ស្រី ២ នាក់) សម្រាប់​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម លើក​ទី ៣១ នៅ​ប្រទេស​វៀតណាម​ចុងឆ្នាំ ២០២១ នេះ ប៉ុន្តែ​នៅក្នុង​អន្តរកាល​នៃ​ជំងឺឆ្លង​រីករាលដាល​នៃ​កូវីដ១៩​នេះ ក្រុម​កាយសម្ព័ន្ធ​ក៏ដូចជា​ប្រភេទ​កីឡា​ផ្សេងទៀត​គឺ​មាន​ការបញ្ហាលំបាក​ខ្លាំង​ក្នុង​ការហ្វឹកហាត់​ប្រមូលផ្តុំ ធ្វើឱ្យ​គុណផល​របស់​អត្តពលិក​មាន​ការធ្លាក់ចុះ​ដូចគ្នា។

លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បានឱ្យដឹងថា ការហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម ចុងឆ្នាំ ២០២១ នេះ គឺ​យើង​បាន​ត្រៀម​រួចហើយ ដើម្បី​បញ្ជូន​កីឡាករ​ចំនួន ៤ នាក់ និង​កីឡាការិនី​ចំនួន ២ នាក់ ប្រតិភូ និង​គ្រូបង្វឹក ដោយ​ក្នុងនោះ​កីឡាករ​ជម្រើសជាតិ​ម្នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន​នា​ខែសីហា ខាងមុខ​នេះដែរ។

លោក​បន្ថែមថា៖ «សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ជួល​គ្រូបង្វឹក​ម្នាក់​មកពី​ប្រទេស​រុស្ស៊ី ដើម្បី​ជួយ​ជំរុញ​បច្ចេកទេស​លើ​ផ្នែក​កាយសម្ព័ន្ធ​អាអេរ៉ូប៊ិក​នៅក្នុង​ប្រទេស​កម្ពុជា​យើង ហើយ​តាម​ការគ្រោងទុក និង​កិច្ចសន្យា គឺ​គ្រូបង្វឹក​រុស្ស៊ី​នេះ​អាច​នឹង​មកដល់​កម្ពុជា​នា​ខែ​ក្រោយនេះ។ ប៉ុន្តែ​បញ្ហា​នេះ វា​មិនអាច​រលូន​បាន ដោយ​វា​ស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង ខណៈ​បញ្ហា​កូវីដ១៩ កំពុង​វាយលុក​ខ្លាំង ហេតុនេះ​ប្រសិន​បើ​គាត់​អាច​មក​បាន យើង​នឹង​ទទួល តែបើ​ស្ថានភាព​តឹងតែង យើង​នឹង​ពន្យារពេល​តាម​ជាក់ស្តែង​តែម្តង»។

សកម្មភាព​ប្រកួតប្រជែង​កីឡា​កាយសម្ព័ន្ធ​ថ្នាក់ជាតិ​របស់​ក្រុម​កីឡាករ​វ័យក្មេង​នាពេល​កន្លងមក។

ជាមួយ​គ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ជា​ប្រធាន​ NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ផង​នោះបាន​ថ្លែងថា៖ «នេះ​ជា​ផែនការ​សកម្មភាព ដែល​សហព័ន្ធ​កំពុង​ធ្វើ​ដោយ​ការយកចិត្ត​ទុកដាក់​ខ្ពស់ តាម​ការណែនាំ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់​រាជរដ្ឋាភិបាល និង​អនុវត្ត​តាម​បច្ចេកទេស និង​អ្នកជំនាញ​កីឡា​របស់​យើង»។

តាម​របាយការណ៍​របស់​សហព័ន្ធ គឺ​ក្រុមកីឡា​កាយសម្ព័ន្ធ ត្រូវតែ​បន្ត​ការហ្វឹកហាត់​ជាប់​ជាប្រចាំ តាម​អនឡាញ ប៉ុន្តែ​មិនអាច​បានល្អ ដូច​ការប្រមូលផ្តុំ​នោះឡើយ ដូច្នេះ​ហើយ​ទើប​ផែនការ និង​គោលដៅ​ចម្បងៗ​នៅ​ចំពោះមុខ​ក្នុង​ការជំរុញ​លើ​ការថែរក្សា​គុណផល​របស់​ក្រុម​អត្តពលិក​វ័យក្មេង ត្រៀម​ឆ្ពោះទៅ​ស៊ីហ្គេម ឆ្នាំ ២០២១ នេះ នៅតែ​ធ្វើ​ទៅតាម​លទ្ធភាព​ជាក់ស្តែង។

ទោះយ៉ាងណា លោក ណយ ផាណា បាន​បញ្ជាក់ថា៖ «ការប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅតាម​កាលកំណត់ ដោយ​មិន​ពន្យារពេល​នោះឡើយ ហើយ​អត្តពលិក​ទាំង ៦ នាក់ ដែល​យើង​គ្រោង​បញ្ជូន​ទៅ​ចូលរួម​ការប្រកួត​នេះ​មាន​កីឡាករ វ៉ៃ សុភត្រា, ជឿន ចាន់បុរី, ង៉ែត តុលា, ហាក់ សុខហ៊ ​កីឡាការិនី យ៉ួង ថាន់ណា និង ម៉ូ ស្រីពៅ ចំណែក​ប្រតិភូ គ្រូបង្វឹក យើង​មិនទាន់​អាច​បង្ហាញ​ឈ្មោះ​នៅឡើយ​ទេ»។

គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​សម្រាប់​ឆ្នាំ ២០២១ នេះ មាន​ក្រុម​ជម្រើសជាតិ​ចំនួន​ ២៥ នាក់ (ស្ត្រី ១០ នាក់) និង​គ្រូបង្វឹក​សរុប ៤ នាក់។ កីឡា​ប្រភេទ​នេះ​ធ្លាប់​ឈ្នះ​បាន​ត្រឹម​ជើងឯក​កម្រិត​អន្តរជាតិ ក្នុង​អំឡុង​ឆ្នាំ ២០១០ និង ២០១៥ ប៉ុន្តែ​ក្នុង​កម្រិត​ព្រឹត្តិការណ៍​ស៊ីហ្គេម​ទោះ​នៅក្នុង​អាស៊ីអាគ្នេយ៍ តែ​ក្រុម​កាយសម្ព័ន្ធ​កម្ពុជា មិនទាន់​ដណ្តើម​បាន​មេដាយ ឬ​ជយលាភី​បាន​នៅ​ឡើយ​ទេ៕