ភ្នំពេញៈ សហព័ន្ធ​កីឡា​កាយសម្ព័ន​កម្ពុជា បានកំណត់​យក​នូវ​បទបញ្ជា​ប្រកួត​ដ៏​ជាក់​លាក់​មួយ សម្រាប់​អនុវត្ត ក្នុង​ការ​ប្រកួត​កីឡា​កាយ​សម្ព័ន​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ និង​ពាន​រង្វាន់​លោក​បណ្ឌិត ថោង ខុន លើក​ទី ២ ឆ្នាំ ២០១៨ ដែល​បាន​ចាប់​ផ្តើម ជា​ផ្លូវការ នៅ​ក្នុង​សាល​ដំបូល​ទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើ​ឲ្យ​ការ​ជ្រើស​រើស​រក​អត្តពលិក​ឆ្នើម​ថ្នាក់​ជាតិ កាន់​តែ​មាន​ភាព​ប្រាកដ និង​យុត្តិធម៌។

ជាមួយគ្នានេះ​សហព័ន្ធ បាន​បើក​វគ្គ​សិក្ខាសាលា​បំប៉ន​បច្ចេកទេស ចៅក្រម ដើម្បី​បញ្ជ្រាប​នូវ​ចំណេះ​ដឹង និង​បទ​បញ្ជា​ថ្មីៗ ដែល​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​អន្តរជាតិ ទើប​កែប្រែ ទៅ​ដល់​គណៈ​កម្មការ​បច្ចេកទេស ដែល​ត្រូវ​ដឹកនាំ​ការ​ប្រកួត​នេះ​រួច​ហើយ។

លោ​យ ណ​យ ផាន់​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ថ្លែង​ប្រាប់ ក្នុង​អំឡុង​ពេល​ប្រកួត កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា៖ «យើង​បាន​នាំយក​នូវ​បទ​បញ្ជា​មួយ​ចំនួន ដែល​សហព័ន្ធ​កីឡា​សម្ព័ន្ធ​អន្តរជាតិ ទើប​មាន​ការ​កែប្រែ មក​អនុវត្ត​ក្នុង​ការ​ប្រកួត​នេះ ព្រោះ​នេះ​ជា​ចំណុច​សំខាន់ ដែល​យើង​ត្រូវ​ពង្រឹង​គណៈ​កម្មការ​បច្ចេកទេស​របស់​យើង គឺ​សូម្បី​តែ​គ្រូបង្វឹក ឬ​ប្រតិភូ​មួយ​ចំនួន ក៏​យើង​ឲ្យ​ចូលរួម​វគ្គ​បំប៉ន​បច្ចេកទេស​ចៅក្រម​នេះ​ដែរ ដើម្បី​ឲ្យ​គាត់​បាន​យល់​ពី​លក្ខណៈ​បច្ចេកទេស ចៀស​វាង​ការ​ប្រកួត​មាន​ការ​ប្រទូស​រ៉ាយ​គ្នា»។

លោក ណ​យ ផាន់​ណា ដែលជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស និង​ចៅក្រម ផង​នោះ បាន​សង្កត់​ធ្ងន់​ថា៖ «យើង​បាន​ដាក់​បទ​បញ្ជា​តឹងរ៊ឹង​បំផុត សម្រាប់​ការ​ប្រកួត​នេះ ដោយ​មិន​មាន​ការ​យោគ​យល់​គ្នា​អ្វី​នោះ​ទេ ព្រោះ​គោល​ការណ៍​កីឡា​ត្រូវ​តែ​មាន​យុត្តិធម៌ និង​តម្លាភាព​ក្នុង​ការ​ផ្តល់​ពិន្ទុ អ៊ីចឹង​បើ​ខ្ញុំ​សង្កេត​ឃើញ​ថា គ្រូ ឬ​បុគ្គល​ណាមួយ បំពេញ​ការងារ មាន​ការ​លម្អៀង ខ្ញុំ​អាច​នឹង​បញ្ឈរ​ជើង​គាត់ ហើយ​ខ្ញុំ​នឹង​មិន​ឲ្យ​គាត់​ដាក់​ពិន្ទុ​ទៀត អាច​ដល់ ២ ឆ្នាំ ឬ​រហូត​ដល់ ៤ ឆ្នាំ»។

លោក​បន្ថែមថា៖ «អ្វីដែល​យើង​ធ្វើ​នេះ គឺ​ដើម្បី​ឆ្ពោះទៅរក​ភាព​ជោគជ័យ ក្នុងការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា ព្រោះ​បើ​យើង​គិត​តែ​កូន​សិស្ស​យើង បក្ស​ពួក​យើង ឬ​បង​ប្អូន​យើង គឺ​មិន​អាច​ទៅ​រួច​ទេ ហើយ​នេះ​ជា​ទស្សន​ដ៏​ច្បាស់​លាស់​មួយ​របស់​ឯក​ឧត្តម​ប្រធាន ថោង ខុន បាន​ចង្អុល​បង្ហាញ​ថា ត្រូវ​រើស​កីឡាករ​ល្អ កីឡាការិនី​ល្អ និង​គ្រូ​ល្អ ដែល​មាន​ឆន្ទៈ ដោយ​ក្នុង​នោះ​គណៈ​កម្មការ​បច្ចេកទេស ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​យុត្តិធម៌​បំផុត សម្រាប់​ការ​ប្រកួត​នេះ ទើប​យើង​ទទួល​បាន​អត្តពលិក​ល្អ សម្រាប់​ថ្នាល​របស់​យើង»។

យ៉ាងណាក៏ដោយ ប្រតិភូ​កីឡា​តំណាង​ឲ្យ​ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និង​ក្រសួង​មហាផ្ទៃ ដែល​បាន​ចូលរួម​ការ​ប្រកួត​នេះ បាន​ទទួល​យក​ការ​ពង្រឹង​បទបញ្ជា​ប្រកួត​នេះ​ដោយ​រីករាយ ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អត្តពលិក​ទាំង ៧៤ នាក់​កាន់​តែ​មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​ប្រកួត​ប្រជែង​ទៅ​លើ​ប្រភេទ​វិញ្ញាសា​ទាំង ១៣ ដែល​បាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​ឆ្នាំ​នេះ។

បន្ថែម​លើ​នេះ លោក ថោង ខុន បាន​បន្ថែម​ភាពកក់ក្តៅ​មួយទៀត​ឲ្យ​ពួកគេ គឺ​ការបង្កើន​ប្រាក់​រង្វាន់​ទ្វេ​ដង ដោយ​អ្នក​លេខ ១ នឹង​ទទួល​បាន ៥០ ម៉ឺន​រៀល លេខ ២ បាន ៤០ ម៉ឺន និង​លេខ ៣ បាន ៣០ ម៉ឺន​រៀល ដ្បិត​អី​លោក​បាន ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ១១០០០ ដុល្លារ សម្រាប់​ទ្រទ្រង់​ការ​ប្រកួត នេះ គឺ​បន្ថែម​លើ​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​ត្រឹម ៩០០០ ដុល្លារ៕