ភ្នំពេញ៖ ​ក្រុម​អត្តពលិក និង​គ្រូ​បង្វឹក​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​បាន​ចាត់​ទុក​ការ​ចេញ​ទៅ​ប្រកួត Korea Open និង Pre-Sea Games 2019 ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ពី​ថ្ងៃទី ​២៤ ដល់​ថ្ងៃទី ​២៥ ខែតុលា នៅ​ទីក្រុង​សេអ៊ូល ប្រទេស ​កូរ៉េ ​ថា ជា​ការ​ប្រកួត​ធ្វើ​តេស្ត​យ៉ាង​ល្អ សម្រាប់​ក្រុម​កាយ​សម្ព័ន្ធ​កម្ពុជា ក្នុង​ការ​ពង្រឹង​សមត្ថភាព ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣០ នៅ​ប្រទេស ​ហ្វីលីពីន នា​ចុង​ឆ្នាំ ​២០១៩ ​នេះ។

លោក ណយ ផាណា ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​អត្តពលិក​កាយ​សម្ព័ន្ធ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត Korea Open និង Pre-Sea Games 2019 លើក​នេះ បាន​ថ្លែង នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា៖ ​«នៅ​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​នេះ​ជា​លើក​ទី ​១ ​ហើយ ដែល​យើង​បាន​បញ្ជូន​ក្រុម​អត្តពលិក​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​​ធំ ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​នេះ​ជា​ការ​ប្រកួត​ប្រជែង​ ឬ​តេស្ត​យ៉ាង​ល្អ សម្រាប់​ត្រៀម​​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំ​ចុង ​២០១៩​ នេះ»។

នៅ​ពេល​សួរ​ពី​ក្តី​រំពឹង ដែល​នឹង​ទទួល​បាន​ពី​ការ​ប្រកួត​នេះ លោក ណយ ផាណា ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កាយ​សម្ព័ន្ធ​កម្ពុជា​ផង​នោះ បាន​ឆ្លើយ​តប​ជាមួយ​ការ​ប្រើ​ពាក្យ​ប្រៀបធៀប​​ថា៖ ​«បើ​និយាយ​ពី​ក្តី​រំពឹង​យើង គឺ​ជា​បទពិសោធ​មួយ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​អន្តរជាតិ។ មាន់​ជល់​ បើ​យើង​ចិញ្ចឹម​ហើយ ​គ្រាន់​តែ​ក្រុង​ទុក សម្រួច​តែ​ខ្នាយ ហើយ​យក​ទៅ​ជល់ មិន​ឈ្នះ​គេ​នោះ​ទេ គឺ​គ្រាន់​តែ​លែង​ចូល​ទីលាន ​ទម្លាក់​ស្លាប​សុំ​ចុះ​ចាញ់​បាត់​ទៅ​ហើយ។ កីឡា​ក៏​ដូច​គ្នា បើ​កីឡាករ​គ្រាន់​តែ​ហាត់ៗៗ ហាត់​រហូត​ដល់​ចាស់ ហើយ​គ្មាន​ការ​ប្រកួត​អន្តរជាតិ ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ»។

សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ CAMSOC និង​មាន​ការ​ជ្រោមជ្រែង​ពី​លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ថោង ខុន ជា​ប្រធាន​សហព័ន្ធ និង​លោក សុខ ហុង ជា​អនុ​ប្រធាន​នោះ បាន​បញ្ជូន​អត្តពលិក​រហូត​ដល់ ​១០ ​នាក់ (ស្រី ​៥ នាក់) ទៅ​ចូលរួម​ការ​ប្រកួត​​ Korea Open និង Pre-Sea Games 2019 លើក​នេះ ដោយ​ពួក​គេ បាន​ចាកចេញ​ពី​មាតុ​ប្រទេស កាល​ពី​យប់​ថ្ងៃ​ចន្ទ នឹង​គ្រោង​ត្រឡប់​មក​វិញ នៅ​ថ្ងៃទី ​២៦ ខែ​តុលា ខាង​មុខ​នេះ។

នៅ​ក្នុង​ចំណោម​អត្តពលិក​​ទាំង ​១០ នាក់​នេះ គឺ​មាន​ទាំង​អ្នក​ដែល​ត្រូវ​ត្រៀម​​ស៊ីហ្គេម ឆ្នាំ ​២០១៩ ព្រម​ទាំង​ក្រុម​យុវជន ត្រៀម​​ទៅ​ស៊ីហ្គេម ឆ្នាំ ​២០២១ និង​ស៊ីហ្គេម ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ហេតុ​នេះ​ សម្រាប់​ការ​ប្រកួត​នៅ​កូរ៉េ​នេះ ពួក​គេ​ត្រូវ​បាន​បែង​ចែក​ឲ្យ​មាន​ការ​ប្រកួត​ទៅ​តាម​ប្រភេទ​អាយុ​ខុសៗ​គ្នា គឺ​មាន​ក្រុម​អាយុ ​១៨ ​ឆ្នាំ​ឡើង ក្រុម​អាយុ​ក្រោម ​១៧ ​ឆ្នាំ និង​ក្រុម​អាយុ ១៥ ​ឆ្នាំ។

កីឡាករ សោ សុផេង ដែល​ជា​បេក្ខភាព ត្រូវ​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំ​នេះ​បាន​និយាយ​ថា៖ ​«សម្រាប់​ការ​ចេញ​ទៅ​​ប្រកួត​នេះ វា​សំខាន់​​​ខ្លាំង​ណាស់ សម្រាប់​ពួក​យើង​ក្នុង​ការ​ដក​ស្រង់​បទពិសោធ ពី​ព្រោះ​ប្រទេស​​ជា​ច្រើន ដែល​ត្រូវ​ប្រកួត​ស៊ីហ្គេម នា​ពេល​ខាង​មុខ​នេះ ក៏​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ អ៊ីចឹង​​តាមរយៈ​ការ​ប្រកួត​នេះ យើង​នឹង​អាច​បំពេញ​បន្ថែម នៅ​ចន្លោះ​ខ្វះខាត​របស់​យើង ហើយ​យើង​ក៏​​នឹង​ខំ​ប្រឹង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ប្រកួត​នេះ​ផង​ដែរ»។

ចំណែក​កីឡាការិនី សោ សុគីម និយាយ​ថា៖​ «ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ ពិត​ជា​​មាន​សារប្រយោជន៍​មែន​ទែន ព្រោះ​យើង​បាន​បញ្ចេញ​សមត្ថភាព​របស់​យើង មុន​ការ​ប្រកួត​ស៊ីហ្គេម ហើយ​ម្យ៉ាង​ទៀត តាមរយៈ​ការ​ប្រកួត​នេះ យើង​អាច​​បាន​ដឹង​ពី​​សមត្ថភាព​គូ​ប្រកួត​របស់​យើង​មួយ​ចំនួន ដែល​ត្រូវ​ប៉ះ​នៅ​ស៊ីហ្គេម ដោយសារ​ពួក​គេ​ក៏​ត្រូវ​ចូលរួម​នៅ​​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ»៕