ក្រុងអាំ​ស្ទែរដាំ​: លោក Frank de Boer ដែល​រង់​ចាំ​នូវ​ជ័យ​ជម្នះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ ក្នុង​នាម​ជា​គ្រូបង្វឹក ត្រូវ​រង់​ចាំ​តទៀត ក្រោយ​ក្រុម​របស់​លោកបាន​ត្រឹម​ស្មើ​ជាមួយ​អេស្ប៉ាញ អំឡុង​ការ​ប្រកួត​មិត្ត​ភាព នា​ក្រុង​អាំ​ស្ទែរដាំ កាល​ពី​ថ្ងៃ​ពុធ​។

លោក De Boer ឥឡូវ​នេះ កន្លង​ផុត​ទៅ​ចំនួន ៤ ​ប្រកួត​ហើយ ដោយអត់​ស្គាល់​ពាក្យ​ថា ឈ្នះ​សោះ ចាប់​តាំង​ត្រូវ​បាន​តែង​តាំង ក្នុង​ខែកញ្ញា ជំនួស​លោក Ronald Koeman ដែល​ចាក​ចេញ​ទៅ​ធ្វើ​អ្នក​ចាត់​ការ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona នៅ​អេស្ប៉ាញ​។

តែ​យ៉ាង​ណា គ្រាប់​បាល់​របស់ Donny van de Beek ដែល​នាំ​ឱ្យ​ក្រុម​តាម​ស្មើ​ភ្លាម​ៗ ក្រោយ​សម្រាក​វគ្គ​ទី ១ តែ​ប៉ុន្មាន​នាទី យ៉ាង​ហោច​ណាស់​ក៏​ជួយ​ឱ្យ​ក្រុម​ពណ៌ទឹក​ក្រូច​គេច​ផុត​ពី​បរាជ័យ នៅ​ឯកីឡដ្ឋាន Johan Cruyff Arena បន្ទាប់​ពី​ត្រូវ​អេស្ប៉ាញ​នាំ​មុខ​យ៉ាង​លឿន នៅ​វគ្គ​ទី ១ ដែល​ស៊ុត​ដោយ​កីឡាករ Sergio Canales​។

លទ្ធផល​ស្មើ ប្រហែល​ជា​សញ្ញា​វិជ្ជមាន​នៃ​ក្រុម​ទាំង ២ ដែល​មើល​ទៅ​មាន​សមត្ថភាព​គ្រប់​គ្រង​បាល់​ខ្ពស់ តែ​បាន​បង្ហាញ​ពី​​កង្វះ​ខាត​ការ​ស៊ុត​​ នៅ​ក្រៅ​តំបន់​គ្រោះ​ថ្នាក់​ និង​ភាព​មុត​ស្រួច​នៅ​តំបន់​ប្រយុទ្ធ​ផង​ដែរ​។​

គ្រូបង្វឹក​របស់​អេស្ប៉ាញ លោក Luis Enrique បាន​ប្រាប់​ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ថា​៖ «​ការ​ស៊ុត​បញ្ចូល​ទី គឺ​ជា​បញ្ហា​ស្មុគ​ស្មាញ​បំផុត ក្នុង​កីឡា​បាល់​ទាត់​។ យើង​មាន​កីឡាករ​ល្អ​ៗ និង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ៗ​។ គ្រាប់​បាល់​នឹង​កើត​មាន​។ ខ្ញុំ​អត់​មាន​ការ​បារម្ភ​អ្វី​ទេ​»​។

ការ​ជជែក​ជុំ​វិញ​កាល​វិភាគ​ប្រកួត​មមា​ញឹក​ ក៏​ត្រូ​វ​បាន​រិះ​គន់​ផងដែរ ក្រោយ​ខ្សែ​ការ​ពារ Nathan Ake របស់​ហូឡង់ ដែល​បច្ចុប្បន្ន​ជា​សមាជិក​របស់​​ក្រុម​មេឃខៀវ Manchester City បាន​ដើរ​ចេញ​ពី​លាន​ ក្រោយ​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​បាន ៥​នាទី ដែល​ទំនង​ជា​មាន​របួស​សរសៃ​ពួរ​។ ​ក្រោយ​មកខ្សែ​ការ​ពារ​អេស្ប៉ាញ Jose Luis Gaya របស់​ក្រុម Valencia ក៏​ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​ដែរ​។

Sergio Ramos បាន​ចូល​លេង​នៅ​វគ្គ​ទី ២ ដោយ​ធ្វើ​ឱ្យ​ការ​បង្ហាញខ្លួន​ជាមួយ​ក្រុមអេស្ប៉ាញ​របស់ខ្សែ​ការ​ពារ​ចាស់​វស្សា​រូប​នេះ មាន​ចំនួន ១៧៦ ​ដង ដែល​​ស្មើ​នឹង​​កំណត់​ត្រា​របស់​អ្នក​ចាំ​ទី Gianluigi Buffon របស់​​អ៊ីតាលី សម្រាប់​វត្តមាន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ក្នុង​នាម​ជា​កីឡាករ​នៅ​តំបន់​អឺរ៉ុប​។

ហូឡង់ និង​អេស្ប៉ាញ ប្រហែល​ជា​នឹង​ស្ថិត​​ក្នុង​ចំណោម​ក្រុម​ដែល​មាន​សិទ្ធិ​ឈ្នះ​ពាន​លំដាប់​ទី ២ នៅ​ឯ​​ព្រឹត្តិការណ៍ប្រកួតប្រជែង​ជើង​ឯក​អឺរ៉ុប ដែល​ពេល​នេះ​ត្រូវ​លើក​យក​ទៅ​រៀប​ចំ​នៅ​រដូវក្ដៅ​ឆ្នាំ​ក្រោយ​ ខណៈ​ពួក​គេ​ កំពុង​សង្ឃឹម​ថា ​កីឡាករ​ក្មេង​ៗ​មាន​ទេព​កោសល្យមួយ​ចំនួន​ គ្រប់​អាយុ​ទាន់​ពេល​តែ​ម្ដង​​​។

តែ​ក្រុម​នីមួយ​ៗ កំពុង​ត្រូវ​ការ​ជ័យ​ជម្នះ​ដូច​គ្នា​ ដើម្បី​ធ្វើ​ការ​ប៉ះ​ប៉ូវ នា​ពេល​នេះ ដោយសារ​អេស្ប៉ាញ ទើប​ចាញ់​អ៊ុយ​ក្រែន ១-០ កាល​ពី​ខែ​មុន ខណៈ​ហូឡង់ ចាប់​ផ្ដើម​ក្រោម​ការ​ដឹក​នាំ​របស់​លោក De Boer ជាមួយបរាជ័យ ២​លើក និង​ស្មើ ២​ ដង​៕ AFP/VN