ឡូសអេនជឺលេស៖ ការ​ជួប​គ្នា​រវាង​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ទម្ងន់​ធ្ងន់ Mike Tyson និង Roy Jones Jr. ក្នុង​​កម្មវិធី​ប្រកួត​ប្រដាល់​សប្បុរសធម៌​ ដែល​ដំបូង​ឡើយ​គ្រោង​រៀបចំ​នៅ​ខែ​ក្រោយ​នេះ ឥឡូវ​ត្រូវ​បាន​លើក​ទៅ​ធ្វើ​នៅ​ខែ​វិច្ឆិកា ​វិញ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​រៀបចំ​កាល​ពី​ថ្ងៃ​អង្គារ​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន ក្រុមហ៊ុន​ផ្គូផ្គង​ Triller បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នៅ​ក្រុង​ឡូសអេនជឺលេស​ឥឡូវ​នេះ នឹង​កើត​ឡើង​នៅ​ថ្ងៃទី ​២៨ ខែ​វិច្ឆិកា ដែល​ចំ​ថ្ងៃ​ចុង​សប្ដាហ៍​នៃ​ពិធី​បុណ្យ​ប្រពៃណី​របស់​អាមេរិក «Thanksgiving» (ពិធី​បុណ្យ​រំឭក​គុណ)​។

លោក Jones វ័យ ៥១ ​ឆ្នាំ អតីត​ស្ដេច​ប្រដាល់​​ប្រភេទ​ទម្ងន់​មធ្យម ដែល​ធ្លាប់​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក ក្នុង​ ៤ ប្រភេទ​ទម្ងន់​ផ្សេងៗ​គ្នា បាន​ស្វាគមន៍​ការ​ផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​នេះ ដោយ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ត្រៀម និង​ខ្ញុំ​នៅ​តែ​ត្រៀម​សម្រាប់​ថ្ងៃទី ​២៨ ខែ​វិច្ឆិកា ដែល​វា​នឹង​កា្លយ​ជា​ប្រដាល់​ប្រវត្តិសាស្ត្រ​»​។​

សម្រាប់​លោក Tyson បាន​ចូល​និវត្តន៍​ពី​កីឡា​ប្រដាល់ ក្នុង​ឆ្នាំ ​២០០៥ ក្រោយ​​ពី​ចំណាយ​ពេល​ក្នុង​អាជីព ១ នេះ ​ដល់​ទៅ ២ ទសវត្សរ៍​ និង​ក្រោយ​ពី​បាន​បង្ហាញ​ឥទ្ធិពល​ដ៏​ខ្លាំង​របស់​ខ្លួន​នៅ​លើ​សង្វៀន​កាល​ពី​​ចុង​ទសវត្សរ៍​ឆ្នាំ ​១៩៨០ ក្នុង​នាម​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​​ស្ថាប័ន ៤​​ ខុស​ៗ​គ្នា​នាពេល​នោះ​។

បើ​ទោះ​ជា​ការ​ប្រកួត​រវាង​អតីត​អ្នក​ប្រដាល់​ឆ្នើម​ទាំង ២ ត្រូវ​បាន​មនុស្ស​ក្នុង​រង្វង់​អ្នក​ប្រដាល់​ជា​ច្រើន​រិះគន់​ក៏​ដោយ ក៏​លោក Tyson ដែល​បច្ចុប្បន្ន​មាន​វ័យ ៥៤ ​ឆ្នាំ និយាយ​ច្រំ​ដែល​ថា ការ​ប្រកួត​នោះ គឺ​ជា​កម្មវិធី​ប្រកួត​ដ៏​ខ្លាំងក្លា​មួយ​។

លោក​ Tyson ប្រាប់​ថា​៖ «ព្រោះ​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​មាន​ជំនឿ​ជាក់​ថា អ្នក​ដទៃ ក៏​ជឿ​ថា ពួក​គេ​អាច​ធ្វើ​បាន។ យើង​មិន​មែន​កំពុង​លាង​ចាន​លាង​ឆ្នាំង​ទេ​។ អ្នក​ខ្លះ​ថា ចាស់​ហើយ​ត្រូវ​សម្រាក តែ​ពួក​គេ​មិន​ដឹង​ទេ​ថា យើង​មាន​​អ្នក​គាំទ្រ​ច្រើន​ជាង​អ្នក​កំពុង​ហាត់​ពេល​នេះ​»​៕ AFP/VN