ភ្នំពេញ៖ អ្នក​ប្រដាល់​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ ៨ ស្ថាប័ន ឡុង សុភី បាន​បុក​ជង្គង់​ផ្តួនៗ​ចំនួន ៨ លើក បណ្តាល​ឱ្យ ផាន់ គ្រាន់ សន្លប់​ក្នុង​ទឹក​ទី១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ចំនួន ៣,៤ លាន​រៀល​នៅ​លើ​សង្វៀន​ថោន​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ការ​សម្រេច​ឱ្យ សុភី ឈ្នះ មាជ សុខរ៉ា ជា​ឯកច្ឆន្ទ ៥-០ នៅ​វគ្គ​ជម្រុះ ៣ ទឹក បាន​បន្សល់​ទុក​នូវ​ភាព​ចម្រូងចម្រាស និង​រិះគន់​ខ្លាំង​ពី​អ្នក​ទស្សនា ហើយ​អ្នក​គ្រប់គ្រង​ការ​ប្រកួត និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី សុទ្ធតែ​ស្នើ​ឱ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ពិនិត្យ​ឡើង​វិញ និង​ពន្យល់​ពី​ការ​ដាក់​ពិន្ទុ​របស់​ចៅក្រម​ទាំង ៥ នាក់​នេះ។

លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​កីឡាករ​នៅ​សង្វៀន​ថោន​បាន​និយាយ​ថា៖ «ខ្ញុំ​មិនមែន​ជា​អ្នក​បច្ចេកទេស​ទេ ប៉ុន្តែ​ខ្ញុំ​មើល​ដោយ​ភ្នែក​ផ្ទាល់ ឃើញ​ដូច​មហាជន​ដែរ គឺ​ឃើញ មាជ សុខរ៉ា ឈ្នះ ឡុង សុភី តែ​លទ្ធផល​ផ្ទុយ​ពី​នេះ​ទៅ​វិញ។

ចំណែក​ខាង​ស្ពនស័រ​គាត់​មិន​អស់​ចិត្ត ដោយ​សុំ​ឱ្យ​ស្ថានីយ​ពន្យល់ ហើយ​ខ្ញុំ​បាន​ពិភាក្សា​នឹង​ថ្នាក់​ដឹកនាំ ដោយ​បាន​ថត​ចម្លង​ការ​ប្រកួត​នេះ ជូន​ទៅ​ថ្នាក់​ដឹក​សហព័ន្ធ ដើម្បី​មាន​បច្ចេកទេស​ឆ្លើយតប​ជូន​វិញ តើ​មាន​អ្វី​នៅ​ពីក្រោយ​រឿង​នេះ?

ចំណែក មាជ សុខរ៉ា និយាយ​ថា៖ «ខ្ញុំ​មិន​តវ៉ា​ទេ នាំ​គណៈកម្មការ ឬ​ចៅក្រម ស្អប់​ខ្ញុំ ព្រោះ​លទ្ធផល​គេ​ឱ្យ​ខ្ញុំ​ចាញ់​ទៅ​ហើយ ប៉ុន្តែ​អ្នក​ចេះ​មើល​ប្រដាល់ គេ​ដឹង គេ​យល់​ថា ខ្ញុំ​ឈ្នះ ហើយ​សូម្បី​តែ ឡុង សុភី ខ្លួន​ឯង​ដែល​បែក​ក្រដាស​ក្រចៀក ដោយ​កណ្តាប់ដៃ​របស់​ខ្ញុំ ក៏​គ្មាន​សង្ឃឹម និង​ជំនឿ​ឈ្នះ​ខ្ញុំ​ដែរ។ រឿង​នេះ ខ្ញុំ​យល់​ថា មាន​គ្រូ​ធំ (មាស សុខគ្រី) នៅ​ពី​ក្រោយ​ចៅក្រម ដែល​មាន​ចេតនា​ចង់​ឱ្យ​ខ្ញុំ​ចាញ់ ជា​ការ​ឈ្នានីស ព្រោះ​ពី​មុន​ខ្ញុំ​ធ្លាប់​នៅ​ជាមួយ​គាត់ តែ​បន្ទាប់​មក​ខ្ញុំ​សុំ​ផ្លាស់​ចេញ​មក​នៅ​ក្លិប​ផ្សេង»។

លោក ស្វាយ សុខុន គ្រូ​បង្វឹក មាជ សុខរ៉ា និយាយ​ថា៖ «ខ្ញុំ​មាន​ទម្លាប់​មិន​ចូលចិត្ត​តវ៉ា នៅ​ពេល​កូន​សិស្ស​ប្រកួត​ចាញ់​គេ​នោះ​ទេ ព្រោះ​យល់​ថា មន្ត្រី​សហព័ន្ធ ជា​ម៉ែ ជា​ឪ​របស់​កីឡាករ ​និង​ក្លិប ប៉ុន្តែ​ពេល​នេះ​ដូចជា​ជ្រុល​ពេក ហើយ​ខ្ញុំ​សុំឱ្យ​មាន​ការ​ពន្យល់​ផង ព្រោះ​ពិន្ទុ​ដែល​ផ្តល់​ឱ្យ មាជ សុខរ៉ា ចាញ់ ឡុង សុភី ៥-០ វា​ទំនង​ដូច​ណាត់​គ្នា​មុន​អ៊ីចឹង ហើយ​ការ​ធ្វើ​បែប​នេះ នាំ​ឱ្យ​កីឡាករ​បាក់​ទឹក​ចិត្ត ហេតុ​នេះ​ខ្ញុំ​បាន​ស្នើ​សុំឱ្យ​សហព័ន្ធ មេត្តា​ចាក់​វីដេអូ​ឡើង​វិញ ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​កម្រិត​យល់ដឹង​របស់​ចៅក្រម​ទាំង ៥ នោះ​ផង និង​ជួយ​ពន្យល់​ឱ្យ​មហាជន​បាន​យល់​ផង»។

លោក និន ភិរម្យ អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់​ថា៖ «ខ្ញុំ​ទទួល​បាន​ការ​ស្នើសុំ​ពី​ខាង​សង្វៀន​ថោន​រួច​ហើយ ពី​លទ្ធផល​ដែល ឡុង សុភី ឈ្នះ មាជ សុខរ៉ា ដោយ​មិន​ប្រក្រតី។ ខ្ញុំ​បាន​មើល​សា​ចុះ សា​ឡើង​នៃ​ការ​ប្រកួត​នោះ ហើយ​តាម​ទស្សនៈ​យល់​ឃើញ​របស់​ខ្ញុំ គឺ ម៉ាជ សុខរ៉ា មាន​ប្រៀប​ក្នុង​ទឹក​ទី១ និង​ទឹក​ទី៣ ឯ​ទឹក​ទី២ ឡុង សុភី មាន​ប្រៀប​វិញ»។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មើល​ដោយ​ភ្នែក​ខ្ញុំ​ផ្ទាល់ និង​ដោយ​តម្លាភាព គ្មាន​លម្អៀង ឃើញ​ថា ​មាជ សុខ​រ៉ា ឈ្នះ ហើយ​ខ្ញុំ​បាន​ស្នើសុំ​ទៅ​គណៈកម្មការ​វិនិច្ឆ័យ ដើម្បី​ពិនិត្យ​មើល​ពិន្ទុ​ចៅក្រម​ទាំង ៥ គឺ​ចេញ​លទ្ធផល​ដូចៗ​គ្នា​ទាំង​អស់ គឺ​សរុប​ពិន្ទុ ឡុង សុភី ៥៩ មាជ សុខរ៉ា ៥៨ ក្នុង​នោះ​ទឹក​ទី១ ចៅក្រម​ឱ្យ មាជ សុខរ៉ា ឈ្នះ ចំណែក​ទឹក​ទី២ និង​ទឹក​ទី៣ ឡុង សុភី ឈ្នះ គឺ​ចៅក្រម​ឱ្យ​ដូចគ្នា​ទាំង​អស់ ដូច​ណាត់គ្នា ប៉ុន្តែ​យើង​មិន​ដឹងថា ចៅ​ក្រម​ទាំង ៥ នោះ យល់​ដឹង​កម្រិតណា? អ៊ីចឹង​ចាំមើល​គាត់​នឹង​ឆ្លើយតប​ចំពោះ​ការ​ដាក់​ពិន្ទុ​នេះ​ដូចម្តេច?»។

ចំពោះ​ចៅក្រម​ទាំង ៥ នាក់ ដែល​ផ្តល់​ពិន្ទុ​ក្នុង​គូ​នេះ មាន លោក ហ៊ិន សៃហេង លោក រឿង សារុន លោក ពៅ ប៊ុនណា និង​លោក សៅ ប៊ុននឿន។ រីឯ​តំណាង​អ្នក​ឧបត្ថម្ភ​កម្មវិធី​បាន​ប្រាប់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ការ​សម្រេច​ឱ្យ ឡុង សុភី ឈ្នះ មាជ សុខរ៉ា ៥-០ ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ទស្សនា​ខ្លាំង​ណាស់ ហេតុ​នេះ​យើង​ស្នើ​សុំ​ឱ្យ​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​ជួយ​ពន្យល់​ផង តើ​ហេតុអ្វី?»៕