ភ្នំពេញ៖ ​បេក្ខភាព​ដែល​ត្រូវ​បាន​គេ​មើល​រំលង​សមត្ថភាព​ថា មិន​អាច​នឹង​ឆ្លង​ផុត​ការ​ប្រកួត​វគ្គ​ជម្រុះ​ត្រឹម ​៣ ​ទឹក ធា វាសនា បែរ​ជា​អាច​យក​ឈ្នះ​លើ​ជើង​ខ្លាំង​ ឡូញ វណ្ណឌី និង​បន្ត​ឈ្នះ ទូច ដេវីត ដើម្បី​ឈ្នះ​បាន​​ប្រាក់​​រង្វាន់​​ចំនួន ​៣,៤ ​លាន​​រៀល ពី​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន ទម្ងន់ ​៦០ ​គ.ក្រ​ នៅ​លើ​សង្វៀន​ថោន។

ជ័យជម្នះ​របស់​ ​ធា ​វាសនា​ សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ពិត​ជា​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​នៅ​​មុន​ពេល​​ប្រកួត​ទាំង​អ្នក​ទស្សនា​ និង​​គណៈកម្មការ​ផ្គូផ្គង​សុទ្ធ​តែ​មើល​រំលង​ពី​​សមត្ថភាព​របស់ ធា វាសនា ដោយ​ចាប់​អារម្មណ៍ និង​ផ្តល់​ភាព​ជឿជាក់​តែ​ទៅ​លើ​បេក្ខភាព​ ទូច ដេវីត, ព្រឿង សុជាតិ និង ឡូញ វណ្ណឌី ថា​​អាច​នឹង​មាន​​​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទទួល​បាន​ប្រាក់​លាន​លើក​នេះ។

នៅ​ក្រោយ​ពេល​ឈ្នះ​បាន​ប្រាក់​រង្វាន់​ចំនួន ​៣,​៤ ​​លាន​​រៀល​នេះ ធា​ វាសនា ​បាន​ប្រាប់​​ថា​៖ ​ពី​ដំបូង​ខ្ញុំ​ញញើត​ ​ព្រោះ​គេ​ជា​ជើង​ចាស់​ជាង​ខ្ញុំ ​ហើយ​ខ្ញុំ​រំពឹង ​និង​តាំង​ចិត្ត​មុត​មាំ​ថា​ ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ឈ្នះ​ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ប្រកួត​ទេ​ ​កុំ​ឱ្យ​​ពេល​ចាញ់ ​​គេ​ថា​ខ្ញុំ​អួត»​។​

សិស្ស​គណ​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ធា​ វាសនា​ ដែល​បាន​ឈ្នះ​រង្វាន់​ធំ ​ជា​លើក​ដំបូង ក្នុង​អាជីព​​នោះ ​បាន​ប្រាប់​​បន្ថែម​ថា​៖ «​នេះ​ជា​ប្រាក់​រង្វាន់​ធំ ​សម្រាប់​អាជីព​ប្រដាល់​របស់​ខ្ញុំ​ ហើយ​​បើ​មាន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គ.ក្រ​ ​ខ្ញុំ​នឹង​សុំ​ចូលរួម​ប្រកួត ដើម្បី​​ដណ្តើម​ឱ្យ​បាន​»​។​

តាមរយៈ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ធា វាសនា បាន​យក​ឈ្នះ ឡូញ វណ្ណឌី ដោយ​ពិន្ទុ​ ៤-១ នៅ​វគ្គ​ជម្រុះ ​៣ ​ទឹក ស្រប​ពេល ទូច​ ដេវីត បាន​យក​ឈ្នះ​លើ​ជើង​ខ្លាំង ព្រឿង សុជាតិ ដោយ​ពិន្ទុ ៤-១ ដូច​គ្នា ហើយ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​មាន ​៣ ទឹក​ដែរ​នោះ ធា វាសនា ត្រូវ​បាន​ចៅក្រម​ទាំង ​៥ ​នាក់ សម្រេច​ផ្តល់​ពិន្ទុ​ឱ្យ​ឈ្នះ ទូច ដេវីត ជា​ឯកច្ឆន្ទ ៥-០ ដើម្បី​ក្លាយ​ជាម្ចាស់​ជើងឯក។

យ៉ាងណា​ក៏​​ដោយ ជ័យជម្នះ​របស់ ធា វាសនា វា​កើត​ឡើង​ដោយសារ​តែ ទូច ដេវីត បាន​បង្កើត​កំហុស​នៅ​ពេល​​ប្រកួត​ដោយ​រូប​គេ​បាន​វាយ​ថែម​ខុស​លក្ខខណ្ឌ​ និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​ចាប់​ពិន័យ និង​ដក​ពិន្ទុ​រហូត​ដល់ ​២ ​លើក នៅ​ក្នុង​ទឹក​ទី៣ ​ចុង​ក្រោយ ប៉ុន្តែ​​បើ​សិន​គ្មាន​ករណី​នេះ​កើត​ឡើង​ទេ​នោះ​ អ្នក​ឈ្នះ​អាច​ជា ទូច ដេវីត ទៅ​វិញ​ទេ។

ទូច ដេវីត បាន​និយាយ​ក្រោយ​ការ​​ប្រកួត​ថា៖ ​«​ការ​ជួប ធា វាសនា ខ្ញុំ​វ៉ៃ​ទាំង​កំហឹង ធ្វើ​ឱ្យ​ការ​វ៉ៃ​របស់​យើង​​អត់​ល្អ​មើល ហើយ​ពិន្ទុ​យើង​​ឈ្នះ តែ​គេ​កាត់​ពិន្ទុ​យើង។ នៅ​ពេល​ប៉ះ​កីឡាករ​ផ្សេង ខ្ញុំ​វ៉ៃ​ធម្មតា ប៉ុន្តែ​ពេល​ជួប ធា វាសនា គឺ​មាន​ចិត្ត​ខឹង​គាត់​តិចតួច ព្រោះ​គាត់​និយាយ​ដាក់​យើង​រាង​លើស​ថា យើង​អត់​ដែល​ឈ្នះ​គាត់ គឺ​ឈឺ​ចិត្ត​ត្រង់​ហ្នឹង»។

យ៉ាង​ណា​ក៏​ដោយ ​ក្រោយ​ការ​បង្កើត​កំហុស​កើត​ចេញ​ពី​ការ​ប្រើ​កំហឹង​នាំ​ឱ្យ​​ចាញ់​ ធា វាសនា នេះ ទូច​ ដេវីត មាន​ការ​ភ្ញាក់​ខ្លួន និង​បាន​សុំទោស​ដល់​គ្រូ​បង្វឹក ហើយ​សន្យា​ថា ឈប់​ធ្វើ​រឿង​បែប​នេះ​ទៀត។ ទូច ដេវីត បាន​បញ្ជាក់​ថា៖ ​«សម្រាប់​ការ​ប្រកួត​នៅ​លើក​ក្រោយៗ​​ទៀត ខ្ញុំ​​ធានា​ថា នឹង​ទប់​អារម្មណ៍​ខ្លួន​ឯង​ឱ្យ​បាន​មិន​វ៉ៃ​ទាំង​ខឹង ទាំង​ពុះ​កញ្ជ្រោល​​បែប​នេះ​ទៀត​ទេ ហើយ​ខ្ញុំ​សូមទោស​ដល់​អ្នក​គាំទ្រ ជា​ពិសេស​លោកគ្រូ​របស់​ខ្ញុំ ដែល​គាត់​ជឿ​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​បាន​ប្រាក់​លាន​នៅ​សប្តាហ៍​នេះ ប៉ុន្តែ​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ នៅ​ជុំ​ចុង​ក្រោយ​នេះ»៕