ភ្នំពេញៈ អ្នកជំនាញកីឡាលោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានចាត់ទុកការទទួលបានគោរមងារ ជា «ជំទាវ» របស់វីរកីឡាការិនី ស៊ន សៀវម៉ី បានក្លាយជាគំរូដ៏ល្អ និងជាមោទនភាពក្នុងវិស័យកីឡាដែលនឹងជួយជំរុញផ្នែកចិត្តសាស្ត្រដល់ក្រុមកីឡាករ កីឡាការិនីរបស់កម្ពុជាឱ្យកាន់តែមានការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព ដើម្បីឈានទៅដណ្តើមបានមេដាយមាសនៅលើឆាកអន្តរជាតិជូនជាតិ ពិសេសការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា៖ «ការផ្តល់នូវគោរមងារដល់វីរកីឡាការិនី ស៊ន សៀវម៉ី នេះ ជាការលើកទឹកចិត្តមួយ និងជាគំរូល្អសម្រាប់កីឡាករ កីឡាការិនីជាតិរបស់យើង ហើយក៏ជាមោទនភាពរបស់វិស័យកីឡាជំនាញ អ៊ីចឹងនេះជាការគាំទ្រផ្នែកចិត្តសាស្ត្រកីឡាដ៏ល្អមួយ សម្រាប់ជំរុញ និងលើកទឹកចិត្តបន្ថែមដល់អត្តពលិកទាំងអស់នៅកម្ពុជា ដោយពួកគាត់ត្រូវដឹងថា នៅពេលដែលខ្លួនទទួលបានជោគជ័យលើឆាកអន្តរជាតិ ដើម្បីកិត្តិយស មុខមាត់ជាតិ គឺជាតិនឹងផ្តល់កិត្តិយសជូនវិញ»។
គួរបញ្ជាក់ថា វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានទទួលងារជា «លោកជំទាវ» បន្ទាប់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាជំនួយការសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី ៤ មានឋានៈស្មើ អគ្គនាយកបន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលបានប្រាក់បំណាច់មុខងារ។
ការត្រាស់បង្គាប់តែងតាំងដែលបានធ្វើឡើងកាលពីថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នេះ ក៏ព្រោះវីរកីឡាការិនី ស៊ន សៀវម៉ី បានសាងស្នាដៃច្រើនជូនជាតិ តាមរយៈការដណ្តើមបានមេដាយមាសនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ ស្នាដៃសំខាន់របស់ សៀវម៉ី គឺកញ្ញាជាបេក្ខភាពដំបូងគេដែលបានឈ្នះមេដាយមាសពីការប្រកួតកីឡាអាស៊ី ឆ្នាំ ២០១៤ ឱ្យកម្ពុជាបានមុនគេ។
បន្ថែមលើនេះ ស៊ន សៀវម៉ី ក៏ជាអត្តពលិកដំបូងគេដែលដណ្តើមបានកៅអីទៅប្រកួតអូឡាំពិក ដោយពេញសិទ្ធិឱ្យកម្ពុជាផងដែរ ហើយកីឡាការិនីមានកម្ពស់ ១,៨៣ ម៉ែត្ររូបនេះក៏ជាម្ចាស់មេដាយមាសស៊ីហ្គេម ៣ សម័យកាល ផងដែរ ដោយការឈ្នះមេដាយមាសស៊ីហ្គេមលើកទី ១ នៅមីយ៉ាន់ម៉ា ឆ្នាំ ២០១៣ លើកទី ២ នៅម៉ាឡេស៊ី ឆ្នាំ ២០១៧ និងលើកទី ៣ នៅហ្វីលីពីន ឆ្នាំ ២០១៩ ខណៈការចូលប្រកួតស៊ីហ្គេមលើកដំបូង ឆ្នាំ ២០១១ នៅឥណ្ឌូនេស៊ី សៀវម៉ី បានឈ្នះមេដាយសំរឹទ្ធ ១។
លោក វ៉ាត់ ចំរើន បន្តថា៖ «នៅក្នុងកីឡាការផ្តល់តម្លៃកិត្តិយស គឺវាថ្លៃជាងទ្រព្យសម្បត្តិ ឬថវិកាទៅទៀត ព្រោះស្មារតីកីឡា គេឱ្យតម្លៃទៅលើកិត្តិយស និង គុណតម្លៃរបស់មនុស្សនៃការខិតខំប្រឹងប្រែងរបស់មនុស្ស ដែលស្គាល់ខ្លួនឯងច្បាស់លាស់ អ៊ីចឹងសូមឱ្យចាត់ទុកការផ្តល់គោរមងារនេះជាគំរូដ៏ល្អ ដល់ក្រុមអត្តពលិកយើង ពិសេសកីឡាការិនីជម្រើសជាតិរបស់យើងទាំងអស់ដែលត្រៀមស៊ីហ្គេម សូមឱ្យយកគំរូតាមវីរភាពរបស់ ស៊ន សៀវម៉ី គឺបើទោះបីជាកម្រិតមេដាយរបស់កីឡាករយើងនៅទាប ប៉ុន្តែកុំទាន់អស់សង្ឃឹម គឺត្រូវតស៊ូរកមេដាយស៊ីហ្គេម ឆ្នាំ ២០២៣ ឱ្យបាន នោះកិត្តិយសនឹងប្រសើរឡើង»។
អគ្គលេខាធិការ NOCC រូបនេះបន្ថែមថា៖ «ក្នុងនាមជាអ្នកកីឡា ជាអតីតកីឡាករ និងជាថ្នាក់ដឹកនាំកីឡាម្នាក់ ខ្ញុំសូមចូលរួមអបអរសាទរលោកជំទាវ ស៊ន សៀវម៉ី ដែលត្រូវបានត្រាស់បង្គាប់តែងតាំងនេះ ហើយសូមឱ្យការលើកទឹកចិត្តនេះក្លាយជាការជំរុញចិត្តសាស្ត្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការបន្តលើកកម្ពស់វិស័យកីឡានៅកម្ពុជា»៕