ភ្នំពេញៈ បញ្ហា​ដ៏រសើប​ជុំវិញ​ការបាត់​ប្រាក់​រង្វាន់​ចំនួន​ ១០០ លាន​រៀល​ពី​សំណាក់​ម្ចាស់​មេដាយមាស​ជើងឯក​ពិភពលោក សំបូរ សុភណ្ឌ ដែល​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​គ្រប់គ្រង​កីឡា​លោក អ៊ុក សិទ្ធិជាតិ ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​ពន្យល់​ថា​មកពី​ម្ចាស់​ប្រាក់​រង្វាន់​មាន​ការយល់ច្រឡំ ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សំបូរ សុភណ្ឌ បាន​មក​សុំទោស និង​ទទួល​យក​ការពិត​វិញ​ហើយ​។

លោក អ៊ុក សិទ្ធិជាតិ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​សាម៉ឺ​ខ្លួន​ក៏​ដូចជា​សហព័ន្ធ​មិន​ដឹង​ពី​ទំហំ​ប្រាក់​រង្វាន់​នេះ​ច្បាស់​គឺ​មាន​ការយល់ច្រឡំ ប៉ុន្តែ​កាលពី​ព្រឹក​មិញ​គឺ​បាន​ជួប​គ្នា​ពន្យល់​បញ្ហា​នេះ​រួចហើយ ដើម្បី​ជម្រាប​ជា​សាធារណៈ​ឲ្យ​មហាជន​ដឹង​ឡើង​វិញ ព្រោះ​តាម​ប្រកាស​អន្តរក្រសួង​លេខ​ ៧១៦ តាំងពី​ឆ្នាំ​ ២០១៥ គឺ​ប្រាក់រង្វាន់​អ្នក​ឈ្នះ​ជើងឯក​ពិភពលោក​គឺ​មេដាយមាស​ ២០ ​លាន​រៀល ប្រាក់​ ១៦ ​លាន​រៀល និង​សំរឹទ្ធ​ ១៣ ​លាន​រៀល​»​។

លោក​បាន​បន្ថែម​ថា​៖ « ចំណែក​អ្នក​ឈ្នះ​មេដាយ​ពិភពលោក​ជា​លក្ខណៈ Game ដូចជា​អូឡាំពិក​ហ្គេម​ទើប​មេដាយមាស​បាន​ ១២០ ​លាន​រៀល​ប្រាក់​ ៨០ ​លាន​រៀល និង​សំរឹទ្ធ​ ៦៤ ​លាន​រៀល​។ ហេតុនេះ​ទឹកប្រាក់​ចំនួន​ ២០ ​លាន​រៀល​នេះ​ជា​ការអនុវត្ត​ទៅ​តាម​ប្រកាស​អន្តរក្រសួង​គ្មាន​បាត់​នោះ​ឡើយ​»​។

ថ្មីៗ​នេះ​កីឡាករ សំបូរ សុភណ្ឌ ដែល​ឈ្នះ​បាន​មេដាយមាស​នៅក្នុង​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី ១០ ឆ្នាំ ២០១៨ (10th WBPF World Bodybuilding and Physique Sports Championships and Congress) នៅ​ថៃ​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៨ បាន​សុំ​អង្វរ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ទៅ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​កាត់​ប្រាក់រង្វាន់​របស់​ខ្លួន​ពី​ ១២០ ​លាន​រៀល សល់​ត្រឹម​ ២០ ​លាន​រៀល​។

សំបូរ សុភណ្ឌ សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​បាទ​មាន​បញ្ហា​ដែល​ទាក់ទង​ជាមួយ​នឹង​ប្រាក់រង្វាន់​លើក​ទឹកចិត្ត ដោយ​ក្រសួង​អប់រំ​បាន​ទម្លាក់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ពី​ ១២០ ​លាន​រៀល នៅ​សល់​តែ​ ២០ ​លាន​រៀល​ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ និង​មិន​បាន​ប្រាប់​អ្នកកីឡា​មុន​ថ្ងៃ​ប្រកួត​នោះទេ​។ លុះ​ដល់​ពេល​ខ្ញុំបាទ​ប្រកួត​រួច​ទទួល​បាន​មេដាយ​ហើយ​ទើប​ក្រសួង​បាន​ប្រកាស​ថា​ទម្លាក់​ប្រាក់រង្វាន់​លើក​ទឹកចិត្ត​ទៅវិញ​។ ខ្ញុំ​សូម​ឲ្យ​សម្តេច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ខ្ញុំបាទ​ផង ពីព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​វិធី​ណា​ទេ​»​។

លោក អ៊ុក សិទ្ធិជាតិ បាន​បញ្ជាក់​ថា​៖ «​កន្លង​កន្លង​មក​អ្នក​ឈ្នះ​បាន​មេដាយ​ជើងឯក​ពិភពលោក​លើ​ប្រភេទ​កីឡា​ប៉េតង់ វ៉ូវីណាម និង​កាយ​វប្បកម្ម​នេះ​ដែរ ធ្លាប់​ទទួល​បាន​ការលើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​នូវ​ទំហំ​ប្រាក់រង្វាន់​គឺ​មេដាយមាស​បាន​ ១២០ ​លាន​រៀល​ប្រាក់​ ៨០ ​លាន​រៀល និង​សំរឹទ្ធ​ ៦៤ ​លាន​រៀល ប៉ុន្តែ​កាលនោះ​ធ្វើ​តាម​ករណី​ពិសេស​ដោយ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី មិនមែន​ធ្វើ​តាម​ប្រកាស​អន្តរក្រសួង ឬ​អនុក្រឹត្យ​នោះ​ទេ​គឺជា​ការលើក​ទឹកចិត្ត​បន្ថែម​របស់​រាជរដ្ឋាភិបាល​»​។

ចំណែក​លោក តឹក ប៊ុនវី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយវប្បកម្ម​បាន​ប្រាប់​ថា​៖ «​កីឡាករ សំបូរ សុភណ្ឌ មាន​ការយល់ច្រឡំ​ចំពោះ​ប្រាក់រង្វាន់​នេះ ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ទៅ​សុំទោស​ដល់​ថ្នាក់ដឹកនាំ​នៅ​អគ្គនាយដ្ឋាន​កីឡា​រួច​ហើយ ហើយ​ថ្នាក់ដឹកនាំ​ក៏​មិន​ប្រកាន់​ដែរ​ដោយ​ជួយ​ពន្យល់ ណែនាំ និង​ជួយ​សុំ​ប្រាក់​រង្វាន់​ជា​លក្ខណពិសេស​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ម្ចាស់​មេដាយមាស​សប្បាយ​ចិត្ត​»៕