ម៉ា្រឌីដ៖ ពេល​នេះ​ស្ទើរ​តែ​គ្មាន​អ្នក​ចងចាំ Lionel Messi ទៅ​ហើយ​ ហើយ​គួប​ផ្សំ​នឹង​ការ​រង​​បរាជ័យ​ដ៏​កម្រ​នឹង​កើត​មាន​របស់​ក្រុម Barcelona ក្រោម​ថ្វី​ជើង​របស់​ Atletico Madrid កាល​ពី​ថ្ងៃ​សៅរ៍​ទៀត​នោះ វា​ធ្វើ​ឱ្យ​កើត​មាន​ចម្ងល់​រឹត​តែ​ច្រើន​ឡើង​ចំពោះ​ទិសដៅ​នៃ​គម្រោង​ផែនការ​របស់​លោក Ronald Koeman។​

ក្រុម Atletico មិន​ធ្លាប់​ឈ្នះ​ក្រុម​ Barca ឡើយ សម្រាប់​ប្រកួត​ក្នុង​លីគ​តាំង​តែ​ពី​ឆ្នាំ ​២០១០ តែ​ជ័យជម្នះ ១-០ នៅ​កីឡដ្ឋាន​ Wanda Metropolitano វា​ជា​ការ​អះអាង​ដ៏​សម​ហេតុផល​​ថា ពួក​គេ​ គឺ​ជា​ក្រុម​ប្រជែង​ពាន​ដ៏​ពិត​ប្រាកដ និង​ជា​ក្រុម​ ដែល​មាន​សិទ្ធិ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ La Liga ដោយ​ឥត​សង្ស័យ​នា​ពេល​នេះ​។​

សម្រាប់​ក្រុម​ Barca ដែល​ឈរ​នៅ​លេខ ១២ ជាមួយ​នឹង ១១ ពិន្ទុ បើ​ទោះ​នៅ​សល់ ១ ឬ ២ ប្រកួត នៅ​ក្នុង​ដៃ ប្រៀប​ជាមួយ​នឹង​ក្រុម​នៅ​ពី​លើ​ក៏​ដោយ ក៏​លទ្ធផល​ដ៏​អាក្រក់​ថ្មី​ៗ ពោល​គឺ​ការ​ចាញ់​ជា​លើក​ទី​៣ ក្នុង​ចំណោម​ការ​ប្រកួត ៨ លើក​ ក្នុង​លីគ​បាន​រុញ​ក្រុម​ឱ្យ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​កាន់​តែ​ជ្រៅ អម​មក​ជាមួយ​នឹង​ការ​មាន​របួស​ធ្ងន់​ធ្ងរ​របស់ Gerard Pique ដែល​នាំ​ឱ្យ​លោក​គ្រូបង្វឹក Koeman សល់​តែ​ខ្សែ​ការពារ​កណ្ដាល​ ដែល​មាន​សុខភាព​ល្អ​ម្នាក់​ប៉ុណ្ណោះ​។​

តែ​អ្វី​ដែល​ជា​ការ​បារម្ភ​បន្ថែម​ទៀត គឺ​ការ​ដឹង​ថា Barca ​របស់​លោក Koeman នា​ពេល​នេះ ហាក់​ដូច​ជា​បាត់បង់​វិញ្ញាណ​បាត់​ទៅ​ហើយ ពោល​គឺ​អត់​មាន​ទាំង​ភាព​ពិសេស​របស់​ក្រុម​ឱ្យ​បាន​ច្បាស់​លាស់ ឬ​ក៏​ការ​បង្កើត​នូវ​មហិច្ឆតា​ឡើង​វិញ​ ដោយ​រឿង​ទាំង ២ ហ្នឹង​ ​គេ​យល់​ថា កើត​ឡើង​ក្រោយ​ការ​តែងតាំង​គ្រូបង្វឹក​ថ្មី​។​

«​ដូច​គ្រូបង្វឹក​ដទៃ​ដែរ ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​។ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​​លទ្ធផល​ប្រសើរ​ជាង​នេះ​។ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ទាំង​តំបន់​ការពារ និង​ប្រយុទ្ធ ហើយ​​ក្រោយ​ពី​នោះ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​លើស​ពី​ហ្នឹង​ឡើយ​»​។ នេះ​ជា​សម្ដី​របស់​លោក Koeman កាល​ពី​ថ្ងៃ​សៅរ៍។​

Koeman អាច​កំពុង​កែ​លម្អ​ក្រុម តែ​ក្រុម​ណា​មួយ​ក្នុង​លោក​នឹង​អាច​លៃ​​ចន្លោះ​ទុក​ឱ្យ​កីឡាករ​ដូច​ជា Messi, Antoine Griezmann, Ousmane Dembele, Frenkie de Jong, Jordi Alba, Pique និង Marc-Andre ter Stegen​។

យ៉ាង​ណា ការ​កែ​ប្រែ គឺ​ត្រូវ​ការ​ការ​ប្ដេជ្ញា​ចិត្ត និង​មាន​ភាព​ជា​អ្នក​ដឹកនាំ​ខ្ពស់ ហើយ​បញ្ហា​ដ៏​ធំ​បំផុត ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នោះ ​គឺ​ការ​មិន​ចុះ​សម្រុង​គ្នា រវាង​លោក Koeman និង​កីឡាករ​ប្រធាន​ក្រុម​​ Messi ដែល​ហាក់​អស់​មនោសញ្ចេតនា​ជាមួយ​ក្រុម​ខ្លាំង​ទៅ ព្រោះ​បាន​សុំ​ក្លិប​ចាកចេញ​នៅ​ដើម​រដូវកាល។

បើ​បុរស​ហូឡង់​ Koeman វ័យ ៥៧ ​ឆ្នាំ មិន​អាច​មាន​ទំនាក់ទំនង​ប្រសើរ​​វិញ​ជាមួយ​ Messi ដែល​ចូល​លេង​ម្ដងៗ ហាក់​ដូច​គ្មាន​កម្លាំង​កំហែង នោះ​ប្រហែល​ជា​​ការ​​បោះ​ឆ្នោត​ជ្រើសរើស​​ប្រធាន​ក្លិប​ថ្មី​ក៏​មាន​ន័យ​ថា អាច​មាន​អ្នក​ចាត់​ការ​ក្រុម​ថ្មី​ផង​ដែរ ដោយ​កិច្ចការ​ទាំង​នោះ​នឹង​កើត​មាន​ភ្លាមៗ​នៅ​រដូវក្ដៅ​ឆ្នាំ​​ក្រោយ ជាពេល​ដែល Messi អាច​​ដើរ​ចេញ​ពី​ក្រុម​ដោយ​ឥត​តម្លៃ​ខ្លួន​​ដែរ​។​​

រាល់​ការ​ផ្លាស់​ប្ដូរ​នឹង​​នាំ​ឱ្យ​មាន​ការ​វឹកវរ​ជានិច្ច​ ហើយ​ការ​កែ​ប្រែ​របស់​លោក Koeman អាច​ជា​ ១ ក្នុង​ចំណោម​បញ្ហា​វឹកវរ​ទាំង​នោះ​៕ AFP/VN