ព្រីស្ទីណា: អ្នកខ្លះ​និយាយ​ថា វា​គ្រាន់តែ​ជា​ការប្រកួត​បាល់ទាត់​ប៉ុណ្ណោះ តែ​សម្រាប់​ប្រទេស​កូសូវ៉ូ ការប្រកួត​នេះ​មាន​អត្ថន័យ​លើស​ពី​នោះ​ឆ្ងាយ​ណាស់​។

ការប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ក្រុង​ស្កុបជេ​ នៃ​ប្រទេស​ម៉ាសេដ្វាន មិន​ត្រឹមតែ​អាច​ធ្វើឱ្យ​កូសូវ៉ូ​ឈាន ១ ​ជំហាន​កៀក​នឹង​ព្រឹត្តិការណ៍ Euro 2020 ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ឱកាស​មួយ​ផងដែរ​សម្រាប់​ប្រជាជន​កូសូវ៉ូ​ក្នុង​កា​លេចមុខ និង​ត្រូវបាន​ស្គាល់​ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ​មួយ​។

កូសូវ៉ូ ដែល​បាន​ឯករាជ្យ​ពី​ស៊ែប៊ី​ក្នុង​ឆ្នាំ​ ២០០៨ ត្រូវ​ជួប​ប្រទេស​ជិតខាង​ម៉ាសេដ្វាន​ខាងជើង សម្រាប់​ការប្រកួត​កាត់ក្ដី (play-off) វគ្គ ១/២ នៃ​ព្រឹត្តិការណ៍ Euro 2020 ហើយ​ការ​មានជ័យ​ជម្នះ​នៅ​ក្រុង​ស្កុបជេ​នឹង​រុញ​ពួកគេ​ឱ្យទៅ​ក្បែរ​នឹង​ទី​កំពូល​របស់​កីឡា​នេះ​ជា​លើកដំបូង​។

«​ខ្ញុំ​ចង់ឱ្យ​ទង់ជាតិ​របស់​យើង​ត្រូវបាន​លើកឡើង​នៅក្នុង​ចំណោម​ទង់ជាតិ​ទាំង ២៤ របស់​ប្រជាជាតិ​ដ៏ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប​»​។ នេះ​ជា​សម្ដី​របស់​និស្សិត​ចិត្ត​វិទ្យា​វ័យ​ ២៣ ​ឆ្នាំ ឈ្មោះ Besart Morina​។

ការប្រកួត​នេះ​ត្រូវ​បណ្ដាញ​សារព័ត៌មាន​ដាក់​ចំណងជើង​ថា «​ការប្រកួត​ដ៏សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កូសូវ៉ូ​» ហើយ​សូម្បី​គ្រូបង្វឹក​របស់​ក្រុម​លោក Bernard Challandes វ័យ​ ៦៩ ​ឆ្នាំ​ក៏​យល់ថា ការប្រកួត​នេះ​មិន​ត្រឹមតែ​ជា​ការប្រកួត​បាល់​ប៉ុណ្ណោះ​ទេ​។

បុរស​សញ្ជាតិ​ស្វីស​លោក Challandes បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា​៖ «​យើង​កំពុងស្ថិត​ក្នុងប្រទេស​ថ្មី​មួយ ហើយ​ក្រុម​បាល់ទាត់​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​នៃ​ប្រទេស​នេះ​»​។

ក្រុម​ជម្រើសជាតិ​កូសូវ៉ូ​បាន​ប្រកួត​មិន​ចាញ់​រហូតដល់​ទៅ ១៥ ​ដង​បន្តបន្ទាប់​គ្នា ក្នុង​នោះ​រួមទាំង​ជំនួប​មិត្តភាព​អន្តជាតិ​ផងមុ​ន​នឹង​បរាជ័យ ដោយសារ​ក្រុម​អង់គ្លេស ៥-៣ ក្នុង​ខែកញ្ញា ឆ្នាំ​ ២០១៩​។ តែ​ពួកគេ​បាន​បញ្ចប់​នៅ​លេខ​ ៣ ក្នុង​ពូល ពីក្រោយ​ក្រុម​ប៊ុលហ្គារី និង​ក្រុម​ម៉ុងតេណេ ហ្គ្រោ ទើប​មាន​កៅអី​សម្រាប់​វគ្គ​នេះ​។

តែ​យ៉ាងណា​ទោះ​ក្រុម​កូសូវ៉ូ​ឈ្នះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏​នៅមាន​ឧបសគ្គ ១ ​ទៀត​មុន​អាច​ឡើង​វគ្គ​ចែក​ពូល នៅ Euro 2020 ដែល​លើក​ទៅធ្វើ​ឆ្នាំក្រោយ នោះ​គឺ​ត្រូវ​ឆ្លងកាត់​វគ្គ​កាត់ក្ដី​នេះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​សិន ដោយ​ត្រូវ​តទល់​ជាមួយ​គូរ​វាង​ក្រុម​ហ្សកហ្ស៊ី និង​ក្រុម​បេឡារុស​៕ VN