ភ្នំពេញៈ ប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី​ ៩ នឹង​ចាប់ផ្តើម​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នា​ថ្ងៃ​សៅរ៍ សប្តាហ៍​នេះ ខណៈ​រូបមន្ត​ប្រកួត​បាន​ផ្លាស់ប្តូរ ហើយ​ប្រាក់រង្វាន់​គឺ​មាន​ការផ្តល់​ជូន​តាំងពី​ចំណាត់ថ្នាក់​ពី​លេខ​ ១ ដល់​លេខ​ ៤ គឺ​ខុស​ពី​ការប្រកួត​មុនៗ​ដែល​កំណត់​ឲ្យ​តែ​អ្នក​បាន​លេខ​ ១ និង​លេខ​ ២​។

ជាមួយ​គ្នា​នេះ​សមាសភាព​អ្នកប្រដាល់​កម្ពុជា​ ៤ ​រូប និង​កីឡាករ​ថៃ​ ៤ ​រូប​ត្រូវ​ប្រកួត​ជម្រុះ​វិលជុំ​រវាង​កីឡាករ​កម្ពុជា និង​ថៃ រួច​ជ្រើសរើស​យក​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​ ២ ​នាក់​ចេញពី​ពូល​កម្ពុជា និង​ពូល​ថៃ ឲ្យ​ឡើង​ទៅ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​ពូល​កម្ពុជា ឬ​ពូល​ថៃ​ប្រកួត​ចាញ់​ទាំងអស់​គឺ​គណៈកម្មការ​នឹង​កំណត់​យក​ពូល​ដែល​ឈ្នះ​ទាំងអស់​ឲ្យ​ឡើង​ទៅ​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ​ទាំង​ ៤ ​នាក់​ដោយ​ទម្លាក់​កីឡាករ​ក្នុង​ពេល​ចាញ់​ទាំង​ ៤ ​នាក់​ទាំងអស់​តែ​ម្តង​។

លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍​បាន​ប្រាប់​ថា​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​សៅរ៍ ទី​ ១១ ខែ​ឧសភា ដល់​ថ្ងៃ​សៅរ៍​ទី​ ៣ ខែ​សីហា ឆ្នាំ​ ២០១៩ ហើយ​សមាសភាព​អ្នក​ប្រដាល់​កម្ពុជា​ចំនួន​ ៤ ​នាក់​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម និង​កីឡាករ​ថៃ​ ៤ ​នាក់​ត្រូវ​ប្រកួតប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់ ខណៈ​អ្នក​លេខ​ ១ នឹង​ទទួល​បាន​ខ្សែក្រវាត់ និង​ពាន ព្រម​ទាំង​ថវិកា​ចំនួន​ ៤០០០ ដុល្លារ​ លេខ​ ២ បាន​ពាន​ ១ និង​ថវិកា​ ២៥០០ ​ដុល្លារ លេខ​ ៣ បាន​ពាន​ ១ និង​រង្វាន់​អម​ ១៥០០ ​ដុល្លារ និង​អ្នក​បាន​លេខ​ ៤ បាន​ពាន​ ១ និង​ថវិកា​ ១០០០ ​ដុល្លារ​។

អ្វី​ដែល​ប្លែក​ជាង​លើក​មុនៗ​គឺ​មាន​បន្ថែម​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​យក​កីឡាករ​ខ្មែរ​ ២ និង​ថៃ​ ២ ​នាក់​ចេញ​ពី​ការប្រកួត​ជម្រុះ​វិលជុំ​ឲ្យ​ឡើង​ទៅ​ប្រកួត​ខ្វែង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួច​យក​អ្នកឈ្នះ និង​អ្នកឈ្នះ ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​ទោះបី​ខ្មែរ​ប៉ះ​ខ្មែរ ឬ​ថៃ​ប៉ះ​ថៃ​ក៏​បាន​ដែរ ឯ​អ្នកចាញ់​ទាំង​ ២ ​នាក់​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​លេខ​ ៣ និង​លេខ​ ៤​។ ផ្ទុយ​ពី​ការប្រកួត​មុន​ដែល​កំណត់​យក​តែ​អ្នក​លេខ​ ១ ពូល​កម្ពុជា និង​លេខ​ ១ ​ពូល​ថៃ​ឲ្យ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ក្នុង​នោះ​អ្នក​ម្ចាស់​ខ្សែក្រវាត់​ទទួល​បាន​ថវិកា​ ៥០០០ ​ដុល្លារ និង​អ្នក​លេខ​ ២ ​បាន​ ៣០០០ ​ដុល្លារ​ដោយ​គ្មាន​ប្រាក់​រង្វាន់​លេខ​ ៣ និង​លេខ​ ៤ ​ទេ​។

ចំពោះ​បេក្ខភាព​កីឡាករ​កម្ពុជា​ទាំង​ ៤ ​នាក់​ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី​ ៩ ​នេះ​មាន វៀត ប៊ុនឌឿន មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ កីឡាករ សុខ សាវិន មកពី​ក្លិប​ឆ្មាសសែនសុខ កីឡាករ ចាន់ សំអាត ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ និង​កីឡាករ សូត្រ ប៊ុនធី ក្លិប​បក្សី​ស្លាបដែក​។ ចំណែក​ពូល​ខាង​កីឡាករ​ថៃ​វិញ​មាន​កីឡាករ ខាន់ ទេព (Khan Tep) កីឡាករ ភុត ផាតណយ (Phut Phat Noy) កីឡាករ ឆៃ យ៉រ៍​ (Chhai Yor) និង Super Pek​។

តាម​លក្ខខណ្ឌ​ប្រកួត​ត្រូវ​បាន​មន្ត្រី​បច្ចេកទេស​លោក រាជ សុផែន និយាយ​ថា​៖ «​នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​គឺ​កីឡាករ​ម្នាក់ៗ​វ៉ៃ​ចំនួន​ ៤ ​ប្រកួត​ហើយ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កីឡាករ​កម្ពុជា និង​កម្ពុជា ឬ​កីឡាករ​ថៃ និង​ថៃ មិន​ប៉ះ​ប្រកួត​គ្នា​ទេ​គឺ​លើកលែង​តែ​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​យើង​មិន​អាច​កំណត់​បាន ព្រោះ​វា​អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ការប្រកួត​ជាក់ស្តែង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​»៕