ភ្នំពេញ៖ ការ​ប្រកួត​ជម្រុះ​ដណ្តើម​ពាន​រង្វាន់​ TV5​ Boxing​ Knock Out Serie ​បាន​រក​ឃើញ​អ្នក​ឈ្នះ​ទាំង ​១៦ ​នាក់ សម្រាប់​ឡើង​ទៅ​ប្រកួត​នៅជុំ​ទី ​២ ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​ការ​ប្រកួត​ជម្រុះ​ជុំទី ​១ ឬ​វគ្គ ​៣២ នាក់​ដំបូង បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍។

តាមរយៈ​ការ​ប្រកួត​ជម្រុះ​ជុំទី ១​ ដែល​​មិន​សូវ​គិត​ពី​សមត្ថភាព​ជា​ចម្បង​ គឺ​​ឲ្យ​តែ​មាន​ទម្ងន់​ ​៦០ ​គីឡូក្រាម​ដូច​គ្នា​នេះ កីឡាករ​ជើង​ចាស់ ទិត្យ សុវណ្ណគិរី និង ទូច ដាវីត បាន​ក្លាយ​ជា​បេក្ខភាព​ចុង​ក្រោយ ដែល​បាន​ឆ្លង​ផុត​វគ្គ​នេះ បន្ទាប់​ពី​អ្នក​ទាំង ​២ បាន​ទម្លាក់ ពិល រ័ត្ន និង កុយ ចាន់តូ កាល​ពី​ថ្ងៃ​សៅរ៍។

នៅ​ក្នុង​ការ​ប្រកួត​នោះ ​ទិត្យ​ សុវណ្ណគិរី​ របស់​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម​ បាន​ប្រើ​កែង​ផ្ដួល​អ្នក​ប្រដាល់​ជើង​ថ្មី ​ពិល ​រ័ត្ន ​មក​ពី​ក្លិប​ពន្លឺសាមគ្គី​ខេត្ត​បាត់ដំបង​ ឲ្យ​សន្លប់​នៅ​ទឹក​ទី ២​​ ចំណែក​​​អ្នក​ប្រដាល់ ​ទូច ​ដាវីត ​មក​ពី​ក្លិប​អរុណរះ​កីឡា​ ក៏​បាន​ផ្តួល​កីឡាករ ​កុយ​ ចាន់តូ ​​របស់​​ក្លិប​គី​សែ​មាន​រិទ្ធ​អាវុធ​គីមី ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ​១ ផង​ដែរ។​​

ដោយ​ឡែក​កីឡាករ​ចំនួន ​១៤ ​នាក់​ទៀត ដែល​​បាន​ឈ្នះ​កៅអី ឡើង​ទៅ​ប្រកួត​នៅ​វគ្គ ​១៦ ​នាក់​ចុង​ក្រោយ​នេះ​ដែរ រួម​មាន​ ​រ៉ែម ​រាជ​ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀមរាប​ ​កីឡាករ ​លន់ ​សៀកឡេង​ របស់​​ក្លិប​ថ្នល់​ទទឹង​គុន​ខ្មែរ​ខេត្ត​កណ្តាល​ ​កីឡាករ​ សូត្រ​ ខេវិន​ ​ក្លិប​បក្សី​ស្លាប​ដែក​នៃ​សមាគម​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ ​ចិត្រ​ សុភី​ មក​ពី​ក្លិបរស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ​ ​ភួង ​ពិសិដ្ឋ​ ​ក្លិបរាជសីហ៍​ខេត្ត​រតនគិរី​។

កីឡាករ ​ព្រឿង​ សុជាតិ​ មក​ពី​ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ ​២ ​កីឡាករ លាភ ​រដ្ឋា​ មក​ពី​ក្លិប​ដី​ឡូត៍​មាន​រិទ្ធ​ខេត្ត​បន្ទាយមានជ័យ​ ​អ្នក​ប្រដាល់ ណាម​ ម៉ូ​រ៉ាក់​ ​ក្លិប​ពន្លឺ​សាមគ្គីខេត្ត​បាត់ដំបង​ ​ស៊ន ​រ៉ាគីម​ ​ក្លិប​រាហ៊ូ​កីឡា​ខេត្តបាត់ដំបង​ ​ស៊ឹម ​ប៊ុនឆៃ​ ​ក្លិប​ព្រៃ​ទទឹង​កីឡា​ខេត្ត​បាត់ដំបង​ ​កីឡាករ​ កូយ ​ឡាយ​ ក្លិប​កង​ពលតូច​ទ័ព​ឆត្រ​យោង ​៩១១​ ​​រឿន ​ឈី​ ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀមរាប​ កីឡាករ ​ខាំ​ សូរិយា​ មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ និង​កីឡាករ​ ឡុង​ ជិន​ ​ក្លិប​ខ្លារខិន​មាន​រិទ្ធ​របស់​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​។​

សម្រាប់​កីឡាករ​ឈ្នះ​ទាំង ​១៦ ​រូប​ ដែល​នឹង​ត្រូវ​ប្រកួត​ជម្រុះ​វគ្គ​ទី ​២ ជា​បន្ត​ទៀត​នោះ ត្រូវ​បាន​គណៈ​កម្មការ​ផ្គូផ្គង​ ធ្វើ​ការ​វាយ​តម្លៃ​ទៅ​​តាម​រូបមន្ត​ប្រកួត​ថា ​កីឡាករ​ខ្លាំង​មួយ​ចំនួន នឹង​អាច​បន្ត​ឈ្នះ​យ៉ាង​ស្រួល​ ​ព្រោះ​ពួក​គេ​អាច​ជួប​​ជាមួយ​ដៃ​គូ ​ដែល​មាន​សមត្ថភាព​ខ្សោយ​ជាង​ដាច់ ​ប៉ុន្តែ​​កីឡាករ​ខ្លះ​ទៀត អាច​​ឈ្នះ​ដោយ​សមត្ថភាព​ពិត​​ផង​ដែរ ​គឺ​ខ្លាំង​ប៉ះ​ខ្លាំង​ ដែល​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​​គ្នា​។​

លោក​ រាជ​ សុផែន​ ស្នងការ​ប្រកួត​នេះ បាន​​ប្រាប់​​ថា​៖ «​បើ​តាម​ការ​វាយ​តម្លៃ​របស់​ខ្ញុំ​សមត្ថភាព​កីឡាករ​ទាំង ​១៦ ​នាក់ ​ក្នុង​ជុំ​ទី ​២ ​នោះ​ គឺ​មាន​កីឡាករ​ល្អៗ​ប្រហែល​ពាក់​កណ្តាល ​ដែល​អាច​ឈ្នះ​ដៃ​គូ​ឆ្លង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី ​៣ ​ឬ​​ជម្រើស ​៨ ​នាក់​ចុង​ក្រោយ​ ហើយ​កីឡាករ​ដែល​គួរ​មាន​ទំនុក​ចិត្ត​នោះ​មាន កីឡាករ ​ទិត្យ ​សុវណ្ណគិរី​, ឡុង​ ជិន​, សូត្រ ​ខេវិន​, ណាម ​ម៉ូរ់ាក់​, ចិត្ត ​សុភី​, កូយ ​ឡាយ​ និង​កីឡាករ លាភ ​រដ្ឋា ​ជា​ដើម»​៕