ក្រុងគួឡាឡាំពួ: សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានឲ្យដឹង ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធថា ការប្រកួតជម្រុះ នៅតំបន់អាស៊ី សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា និង AFC Asian Cup 2023 នៅចិន ត្រូវបានពន្យាពេលរហូតដល់ឆ្នាំក្រោយ ដោយសារការរាតត្បាតពីជំងឺកូវីដ ១៩។
ក្រោយពីមានការកំណត់ត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ សម្រាប់ឲ្យសមាគមសមាជិកពាក់ព័ន្ធទាំងអស់ (PMAs) ធ្វើការបញ្ជូនឈ្មោះទីកន្លែង និងពេលវេលាចាប់ផ្ដើមប្រកួត សម្រាប់ការប្រកួតជុំទី៧ និងទី៨ ក្នុងខែតុលា ឆ្នាំ២០២០ បានធ្វើឲ្យយើងចាប់អារម្មណ៍ថា PMAs កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជុំវិញការរៀបចំការប្រកួត ដោយសារការរឹតបន្តឹងការដំណើរនៅតែបន្តដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសជាច្រើន រួមជាមួយនឹងការលុបចោលជើងហោះហើរនានា នេះមិនគិតដល់ការតម្រូវការខាងសុខាភិបាលដ៏តឹងរ៉ឹងចំពោះការធ្វើដំណើរជាអន្តរជាតិផង។
ដោយពិចារណាហេតុការណ៍ខាងលើ និងយោងតាមស្ថានភាពបច្ចុប្បន្ននៃជំងឺ ១៩ ក្នុងប្រទេសជាច្រើន FIFA និង AFC បានរួមគ្នាសម្រេចថា ការប្រកួតជម្រុះ នាពេលខាងមុខ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា និង AFC Asian Cup 2023 នៅចិន ដែលដើមឡើយគ្រោងកំណត់ធ្វើក្នុងកំលុងការប្រកួតអន្តរជាតិនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ ២០២០ នោះ នឹងត្រូវរៀបចំកាលបរិច្ឆេទឡើងវិញនៅឆ្នាំ ២០២១ ខាងមុខ។
ក្នុងគោលបំណងការពារសុខភាព និងសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់ FIFA និង AFC នឹងបន្តធ្វើការជាមួយគ្នា ដើម្បីតាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងតំបន់ និងកំណត់កាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតជម្រុះរៀងៗខ្លួន។ ព័ត៌មានលម្អិតបន្ថែមអំពីកាលបរិច្ឆេទថ្មី សម្រាប់ការប្រកួតជម្រុះជុំបន្ទាប់ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 និង AFC Asian Cup 2023 នឹងត្រូវប្រកាសឲ្យដឹងក្នុងពេលវេលាសមរម្យ៕ VN